កីឡាជាតិ
ជាតិ
Ultimate Boxing Championship 2021 ជាថ្នាលពង្រឹងសមត្ថភាពកីឡាករប្រដាល់ សម្រាប់ការប្រកួតស៊ីហ្គេម
12, Nov 2021 , 7:59 pm        
រូបភាព
ដោយ៖ គឹម មករា

ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ផ្តល់ឱកាសដល់កីឡាករ និងកីឡាការិនីជម្រើសជាតិកម្ពុជា បានបញ្ចេញសមត្ថភាពនៅលើសង្វៀន ក៏ដូចជា ពង្រឹងគុណភាពបច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀម ឆ្ពោះទៅធ្វើការប្រកួត នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ។ នេះបើតាមលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។



អំឡុងពេលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ ស៊ីហ្គេមលើកទី៣២ កម្ពុជាបានត្រៀមគ្រប់វិស័យកីឡាទាំងអស់ ដើម្បីប្រកួតយកមេដាយ ។ នៅក្នុងនោះ ក៏មានកីឡាប្រដាល់សាកលដែរ ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយថា ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នឹងជួយពង្រឹងសមត្ថភាពកីឡាករ ដើម្បីសម្រេចគោលដៅដណ្ដើមមេដាយមាសយ៉ាងតិច១គ្រឿង នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។
 
គណនីហ្វេសប៊ុក Cambodia Sea Games 2023 បានស្រង់សម្តីលោក ប៊ុយ សុភ័ណ្ឌ ដូច្នេះថា៖ “ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជម្រើសជាតិ និងនៅតាមបណ្តាក្លិបនានាបានបញ្ចេញសមត្ថភាពនៅលើសង្វៀន ក៏ដូចជាពង្រឹងគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិត្រៀមឆ្ពោះទៅប្រកួតប្រជែង មេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ (នៅវៀតណាម) និងគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបង្កើនគោលដៅធ្វើយ៉ាងណាឲ្យឈ្នះមេដាយមាស១ គ្រឿងយ៉ាងតិច ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា”។
 
ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នៅថ្ងៃទី១៤ ខែវិច្ឆិកា មានការប្រកួត ៣គូ ដើម្បីដណ្ដើមប្រាក់លាន លើវិញ្ញាសារការប្រកួតទម្ងន់ ៦៥.៥គីឡូក្រាម នៅសង្វៀននាយកដ្ឋានអង្គរក្ស ។ បេក្ខភាពកីឡាកររួមមាន៖ កីឡាករជម្រើសជាតិប្រដាល់សកល វី សុភ័ស ប៉ះជាមួយជម្រើសជាតិ ម៉ាង ព្រហ្មម៉ាញ, ម៉ាង ព្រហ្មមាញ់ បន្តប៉ះជាមួយ សែត សារឹត មកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វី សុភ័ស បន្តប៉ះជាមួយ កីឡាករជម្រើសជាតិ ទូច ដេវីត ដោយត្រូវប្រកួតសន្សំពិន្ទុ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ។ វី សុភ័ស និង ម៉ាង ព្រហ្មម៉ាញ ត្រូវប្រកួត២ដង នៅថ្ងៃដដែលនេះ ប៉ុន្តែមិនបញ្ហាអ្វីទេ ដោយសារការប្រកួតមានតែ៣ទឹក ។ ក្រៅពីនេះ ក៏មានការប្រកួតធម្មតា ៣គូផ្សេងទៀត សរុបទាំងអស់ ៦គូ ។ នេះបើតាមលោក ប៊ុយ សុភ័ណ្ឌ។
 
គួរបញ្ជាក់ថា កម្មវិធីប្រកួត Ultimate Boxing Championship 2021 ត្រូវបានបង្កើតឡើង កាលពីថ្ងៃ១៥ កញ្ញា ២០២១ ដើម្បីពង្រឹងសមត្ថភាពកីឡាករ ក៏ជាលើកកម្ពស់វិស័យកីឡាប្រដាលសាកលផងដែរ៕

Tag:
 ប្រដាល់សាកល
  កីឡាជាតិ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com