ជាតិ
អ្នកជំនាញ៖ ជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ត្រូវចំណាយពេលជួសជុលខ្ទង់១០ឆ្នាំ
13, Nov 2021 , 7:59 am        
រូបភាព
 រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ
រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ
ដោយ:
អាជ្ញាធរជាតិព្រះវិហារ បានបន្តការងារជួសជុលជណ្ដើរបុរាណខាងជើងនៃប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី ៨ខែវិច្ឆិកានេះ។ បើតាម លោក គង់ ពុទ្ធិការអគ្គនាយកអាជ្ញាធរជាតិព្រះវិហារការជួសជុល និងអភិរក្ស ជណ្ដើរខាងជើងនេះត្រូវប្រើពេលប្រមាណ១០ឆ្នាំពោលគឺគ្រោងបញ្ចប់ ក្នុងឆ្នាំ២០២៨ ឬឆ្នាំ២០៣០។


ជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ជាសំណង់សា្ថបត្យកម្មបុរាណខ្មែរ ដែលជាផ្លូវធ្វើដំណើរព្រមទាំងជាផ្លូវសម្រាប់យកសម្ភារទៅ សាងសង់ប្រាសាទព្រះវិហារ ក្នុងសតវត្សទី៩ ផងដែរ។ កត្តាអាកាសធាតុ ភ្លៀងខ្យល់ ព្រមទាំងមានកូនរុក្ខជាតិដុះក្នុងថ្មទៀតនោះ បានធ្វើឱ្យសំណង់បុរាណនេះ បាក់បែកបន្តិចម្ដងៗ។ អាជ្ញាធរជាតិព្រះវិហារ បានរៀបគម្រោងជួសជុលជណ្ដើរនេះជា ៣ដំណាក់កាល ដោយចាប់ផ្ដើមដំបូងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថមថវិកាពីមូលនិធិស្ថានទូតអាម៉េរិក។
 
លោក គង់ ពុទ្ធិការ ពន្យល់ដូច្នេះ ៖ «មូលនិធិស្ថានទូតអាម៉េរិក ផ្ដល់ឱ្យយើងដំបូង សម្រាប់ការស្រាវជ្រាវ ក្នុងឆ្នាំ២០១៨-២០១៩ និងសាកល្បងជួសជុលផ្នែកតូចមួយ។ ដល់ឆ្នាំ២០២០ យើងទទួលបានថវិកា សម្រាប់ជួសជុលផ្នែកខាងលើនៃជណ្ដើរ។ សម្រាប់ឆ្នាំនេះ គេនៅបន្តផ្ដល់ថវិកា សម្រាប់ជួសជុលជំហានបន្ទាប់ទៀត»។
 
បើតាម លោក គង់ ពុទ្ធិការ ការជួសជុលត្រូវប្រើពេល ៧ ទៅ៨ឆ្នាំទៀត ដោយសារជណ្ដើរមានចំណោតខ្លាំង ហើយមិនមានទីធ្លាសម្រាប់ទុកដាក់ថ្ម។ សរុបមកដំណើការជួសជុលជណ្ដើរទាំងមូលគឺ ១០ឆ្នាំ។ 
 
ទោះការជួសជុលកំពុងអនុវត្ត តែអាជ្ញាធរជាតិព្រះវិហារ មិនបិទការធ្វើដំណើររបស់ទេសចរទេ ព្រោះការជួសជុលធ្វើឡើង ដោយដំណាក់កាលដែលមិនប៉ះពាល់ដល់ការធ្វើដំណើរ។ សម្រាប់ចំណុចណារាំងស្ទះការធ្វើដំណើរ អាជ្ញាធរជាតិព្រះវិហារ នឹងធ្វើស្ពានដែកសម្រាប់ឱ្យទេសចរ ធ្វើដំណើរបណ្ដោះអាសន្ន៕
 

Tag:
 ប្រាសាទព្រះវិហារ
 
© រក្សាសិទ្ធិដោយ thmeythmey.com