ជាតិ
សិល្បះ
ល្ខោនសៀកកម្ពុជាហ្វារ រៀបចំការសម្ដែងជាថ្មី ដើម្បីអបអរបុណ្យអុំទូក
13, Nov 2021 , 8:59 am        
រូបភាព
ការ​សម្ដែង​របស់​សិល្បករ​ នៃ​សហគ្រាស​សង្គម​ហ្វារ កាល​ពី​ពេល​កន្លង​ទៅ
ការ​សម្ដែង​របស់​សិល្បករ​ នៃ​សហគ្រាស​សង្គម​ហ្វារ កាល​ពី​ពេល​កន្លង​ទៅ
ភ្នំពេញ៖ ល្ខោនសៀកកម្ពុជាហ្វារ នឹងបើកការសម្ដែងជាថ្មី អមដោយកម្មវិធីសិល្បៈពិសេសៗ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក និងស្វាគមន៍សិល្បករ មកសម្ដែងលើឆាកម្ដងទៀត។ កម្មវិធីនឹងបើកឱ្យទស្សនិកជនចូលរួម ដោយឥតគិតថ្លៃចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង៨យប់ តែទស្សនិកជន ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងរួចរាល់។

 
ល្ខោនសៀកកម្ពុជាហ្វារ នឹងរៀបចំការប្រគំតន្ត្រីផ្ទាល់បែបទសវត្សរ៍ឆ្នាំ៦០ ដោយក្រុម B-BAND និងមានការរៀនរាំ ក្បាច់រាំវង់ រាំក្បាច់ ឡាំលាវ ឆាឆាឆា និងម៉ាឌីហ្សូនបែបកម្ពុជាជំនាន់ឆ្នាំ៦០ ជាមួយក្រុមនេះផងដែរ។ ការរៀនភ្លេង និងរបាំជាមួយក្រុមមេធា និងរៀនសៀកជាមួយសិល្បករហ្វារ។ ការស្លៀកពាក់ និងតុបតែងខ្លួន ក្នុងឈុតបុរាណ ការថតរូបស្អាតៗ។ ក៏មានដែរ ការលក់ម្ហូបអាហារបែបតាមដងវិធី(Street Food)ដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយក្រុមចុងភៅចំណានៗ ពីក្រុមចុងភៅតាមដងវិថី។
 

ការ​សម្ដែងល្ខោន​សៀកសហសម័យ​របស់​សិល្បករ​ នៃ​សហគ្រាសសង្គម​ហ្វារ​ កាល​ពី​ពេល​កន្លង​ទៅ​

កម្មវិធីសិល្បៈទាំងនេះ នឹងបើកឱ្យចូលទស្សនាដោយឥតគិតថ្លៃ ដោយចាប់ផ្តើមពីម៉ោង៤ល្ងាច ដល់ម៉ោង៨យប់ លើកលែងតែការសម្ដែងរបស់ក្រុមស្គរនារីកម្ពុជា ដែលមានតែមួយគត់នៅកម្ពុជា និងទស្សនីយភាព «ការត្រឡប់មកវិញនៃល្ខោនសៀកកម្ពុជាហ្វារ» ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៩យប់ ដែលតម្រូវឱ្យទិញសំបុត្រ។ ថ្លៃសំបុត្រ១០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងតម្លៃ២០ដុល្លារសម្រាប់កៅអីខាងមុខ និងកៅអីនៅចំកណ្ដាល។ ចំពោះកុមារក្រោមអាយុ១២ឆ្នាំ មិនតម្រូវឱ្យទិញសំបុត្រឡើយ។
 
លោក ហួត តារា នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីអបអរដល់ព្រះរាជពិធីបុណ្យអុំទូក និងស្វាគមន៍សិល្បករមកសម្ដែងលើឆាកម្ដងទៀត។ លោក ហួត តារា បញ្ជាក់បន្ថែមដូច្នេះ៖«យើងសូមលើកទឹកចិត្តប្រជាជនកម្ពុជា ចូលរួមកម្មវិធីទាំងមូល គឺទាំងកម្មវិធីឥតគិតថ្លៃ និងកម្មវិធីទិញសំបុត្រ ព្រោះជាបទពិសោធន៍ដ៏សប្បាយរីករាយ ព្រមទាំងអាចគាំទ្រដល់សិល្បករយើងត្រឡប់មកលើឆាកវិញ»៕


 ក្រុម​ស្គរ​នារី ដែល​មាន​តែ​មួយ​គត់​នៅ​កម្ពុជា(សម្ដែង​កាល​ពី​ពេល​កន្លងទៅ

Tag:
 សៀក
  សម្ដែង
  អុំទូក
  ព្រះរាជពិធីបុណ្យអុំទូក
  សហគ្រាសហ្វារ
  របាំ
© រក្សាសិទ្ធិដោយ thmeythmey.com