ជាតិ
សេដ្ឋកិច្ច
គម្រោងវិនិយោគថ្មីចំនួន១៤ ទំហំទឹកប្រាក់ជាង៥០០លានដុល្លារ ត្រូវបានCDCអនុម័ត
12, Nov 2021 , 9:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
ដោយ: ថ្មីៗ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រេចឱ្យក្រុមហ៊ុនចំនួន១៤ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកែច្នៃផ្លែឈើ រោងចក្រដំឡើងរថយន្ត និងសាងសង់ខ្សែបណ្តាញអគ្គិសនីជាដើម នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ បើតាមCDCក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគប្រមាណ៥០០លានដុល្លារ ដែលអាចបង្កើតឱកាសការងារជូនពលរដ្ឋបានដល់ជិត១,៤ម៉ឺនកន្លែង។

 
គម្រោងវិនិយោគថ្មីចំនួន១៤ទៀត ដែលទំហំទឹកប្រាក់សរុប៥៣០លានដុល្លារ ត្រូវបានCDCអនុម័ត។ នេះបើយោងតាមការចុះផ្សាយរបស់CDC នាព្រឹកថ្ងៃទី១២វិច្ឆិកា ដោយបានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, គម្រោងបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តមាន២, គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីមាន២ ខណៈក្រុមហ៊ុន៣ទៀត គ្រោងបង្កើតរោងចក្រ​កែច្នៃផ្លែឈើ, រោងចក្រ​ផលិតទឹកបរិសុទ្ធ និងរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់។ 
 
ក្រុមហ៊ុន​ទាំង១៤ដែលCDC អនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគនោះ មាន៖ ក្រុមហ៊ុន SMART TEX GARMENT (CAMBODIA), ក្រុមហ៊ុន REMONDA (CAMBODIA) APPAREL, ក្រុមហ៊ុន WTX LEADING FASHION និងក្រុមហ៊ុន HENGWIN (CAMBODIA) GARMENT នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល។ រោងចក្ររបស់ក្រុមហ៊ុនទាំង៤នេះ អាចបង្កើតការងារឱ្យបានជាង៦ពាន់កន្លែង ខណៈរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុនCATHAYA INDUSTRY (CAMBODIA) អាចបង្កើតការងារបានចំនួន ១ ៦៤៧កន្លែង។ 
 
ជាមួយគ្នានេះ ក្រុមហ៊ុន JW ZHONGRUN (CAMBODIA) GARMENT នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ដែលអាចបង្កើតការងារបានចំនួន ១, ៦៤៨កន្លែង និងគម្រោងបង្កើតរោងចក្រផលិតកាបូប របស់ក្រុមហ៊ុនCLOTHO (CAMBODIA) អាចបង្កើតការងារបានជាង១ពាន់។​
 
ដោយឡែកក្រុមហ៊ុន SCHNEITEC WESTERN នឹងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក្រោមទុននវិនិយោគចំនួន១១១លានដុល្លារ ខណៈក្រុមហ៊ុននេះក៏ត្រូវបានCDC អនុញ្ញាតឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ ក្រោមទុនទំហំទឹកប្រាក់៣៣០លានដុល្លារ ផងដែរ។  គម្រោងរបស់ក្រុមហ៊ុន អាចបង្កើតការងារបានជាង២០០កន្លែង។
 
ក្រៅពីនេះCDC បានអនុម័យឱ្យក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA)  បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមទំហំវិនិយោគ២១លានដុល្លារ ខណៈ EM AUTOMOBILE ត្រូវបានCDC ឱ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមទុនវិនិយោគ១៦,៣លានដុល្លារ។​ បើតាមCDCក្រុមហ៊ុនទាំង២នេះ អាចការងារបានជិត១ពាន់កន្លែង។ 
 
CDC ក៏បានសម្រេចឱ្យក្រុមហ៊ុនHUN TY REAL ESTATE បង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារវេចខ្ចប់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទំហំវិនិយោគ១៧,២លានដុល្លារ, សម្រេចឱ្យក្រុមហ៊ុន KULARA WATER បង្កើតរោងចក្រផលិតទឹកបរិសុទ្ធ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រោមទំហំវិនយោគ៥,៦លានដុល្លារ​ និងសម្រេចឱ្យក្រុមហ៊ុន SUN PLEASURE (CAMBODIA) បង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ៩លានដុល្លារ៕ 

Tag:
 CDC
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com