ជាតិ
ក្រសួងមហាផ្ទៃ មិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ព្រមទាំងប្តឹងស្ថាបនិក ក្រោយរកឃើញការក្លែងបន្លំស្នាមមេដៃ
12, Nov 2021 , 5:29 pm        
រូបភាព
រូបភាពៈ សម្តេច ស ខេង និងសម្តេច ហ៊ុន សែន ក្នុងពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ (ហ្វេសប៊ុកក្រសួងមហាផ្ទៃ)
រូបភាពៈ សម្តេច ស ខេង និងសម្តេច ហ៊ុន សែន ក្នុងពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ (ហ្វេសប៊ុកក្រសួងមហាផ្ទៃ)
ដោយ៖ វ៉ា សុភានុត
 
ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យប្ដឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិទៅតុលាការ និងបដិសេដមិនឱ្យចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រោយរកឃើញការក្លែងបន្លំស្នាមមេដៃប្រមាណជិត៤០០ របស់សមាជិកគណបក្សនេះ។

 
លិខិតក្រសួងមហាផ្ទៃចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រាយការណ៍ទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសបុក ឱ្យដឹងថា ស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិកគណបក្សបេះដូងជាតិ មានចេតនាទុច្ចរិត បង្កើនបរិមាណចំនួនសមាជិកច្រើន ដោយមានការផ្ដិតស្នាមមេដៃជំនួស ក្លែងបន្លំអត្តសញ្ញាណបុគ្គល និងស្នាមមេដៃខូចគុណភាពជាដើម។ 
 
ក្រសួងបានគូសបញ្ជាក់ថា ក្រោយធ្វើកោសល្យវិច័យលើស្នាមមេដៃចំនួន ៤៧៨១ ក្រសួងបានរកឃើញភាពមិនប្រក្រតីជិត៤០០ស្នាមមេដៃ។ ក្នុងនោះមានស្នាមមេដៃរបស់បុគ្គលចំនួន ២០នាក់ ខុសពីអត្តសញ្ញាណបណ្ណ ខណៈ២០នាក់ទៀត ផ្ដិតលើឈ្មោះបុគ្គលចំនួន៥៤នាក់។ ស្នាមមេដៃចំនួន៧៤នាក់ មានភាពមិនប្រក្រតី និង២៨៧ស្នាមមេដៃ ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន។ 
 
ក្រសួងបន្តថា មានស្នាមមេដៃខុសប្រក្រតីធ្ងន់ធ្ងរចំនួន៥នាក់ ផ្ដិតលើឈ្មោះបុគ្គលចំនួន២១នាក់ ដោយម្នាក់អាចផ្ដិតចាប់ពី៣ ទៅ ៥ដង។
 
ក្រសួងមហាផ្ទៃ អះអាងថា៖ «សម្រេចដាក់ពាក្យបណ្ដឹងប្ដឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បដិសេដសំណើសុំចុះបញ្ជីគណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។ 
 
សារព័ត៌មានថ្មីៗមិនអាចសូមការបញ្ជាក់ពីលោក ខៀវ សុភ័ក្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឡើយ ដោយលោករវល់ប្រជុំ។ 
 
ពាក់ព័ន្ធនឹងការប្ដឹងស្ថាបនិកគណបក្សបេះដូងជាតិ និងបដិសេធលើការចុះបញ្ជីគណបក្សនយោបាយ ត្រូវបានស្ថាបនិកគណបក្សនេះ និងអ្នកវិភាគសង្គម អំពាវនាវឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យគណបក្សបេះដូងជាតិ កែតម្រូវឡើងវិញជំនួសឱ្យការបដិសេធនិងប្ដឹងថ្នាក់ដឹកនាំបក្ស។
 
លោក សៀម ភ្លុក ប្រធានគណបក្សបេះដូងជាតិ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា  លោកពុំទាន់បានទទួលលិខិតជាផ្លូវការពីក្រសួងមហាផ្ទៃ ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃសមាជិករបស់ខ្លួនឡើយ។ 
លោកបន្តថា គណបក្សបេះដូងជាតិ ធ្លាប់បានបំពេញចន្លោះខ្វះខាតចំនួន៣លើករួចមកហើយ តបតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងនិតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយ​ ប៉ុន្តែក្រសួងពុំដែលចង្អុលបង្ហាញជុំវិញភាពមិនប្រក្រតីណាមួយលើស្នាមមេដៃឡើយ។
 
ប្រធានគណបក្សបេះដូងជាតិរូបនេះ និយាយថា៖ « បើមានស្នាមេដៃខ្លះដែលមានការក្លែងបន្លំមិនច្បាស់ក្រសួងអាចបដិសេធចោលបានថា ស្នាមមេដៃនេះមិនអាចទទួលយកបានទេ ខ្ញុំមានអីទៅមើលដឹងអ្នកគាំទ្ររបស់ខ្ញុំផ្ដិតមក ខ្ញុំទទួលយក»។
 
លោកបណ្ឌិត សេង សារី អ្នកវិភាគសង្គមថ្លែងថា លិខិតនេះគ្រាន់តែជារបាយការណ៍ក្រសួងមហាផ្ទៃផ្ញើទៅកាន់ នាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ លទ្ធផលយ៉ាងណាលោកថា ត្រូវរង់ចាំក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសជាផ្លូវការសិន។  
 
លោក សេង សារី និយាយថា៖ «បើលក្ខណៈបច្ចេកទេសបើរកឃើញ ស្នាមមេដៃមានបញ្ហាអ៊ីចឹង គួរប្រាប់ឱ្យគណបក្សបេះដូងជាតិនុងទៅកែសម្រួល មិនមែនយកអាហ្នឹងជាកំហុសព្រហ្មទណ្ឌហើយ ចាប់អ្នកដែលផ្គួចផ្ដើមចង់បង្កើតបក្ស យកទៅដាក់ទោសទណ្ឌនោះទេ​ នេះជាអ្វីដែរខ្ញុំមើលឃើញ»។ 
 
នៅថ្ងៃទី២០តុលា ឆ្នាំ២០២១ ប្រធានគណបក្សបេះដូងជាតិ បានផ្ញើលិខិតទៅកាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយបំភ្លឺជុំវិញការចុះបញ្ជីគណបក្សនយោបាយ បន្ទាប់ពីគណបក្សនេះ បានកែតម្រូវលក្ខន្តិកៈតាមក្រសួងមហាផ្ទៃរួចជាង១ខែ ប៉ុន្តែនៅពុំទាន់មានការឆ្លើយតបណាមួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com