ជាតិ
ក្រសួងទេសចរណ៍ អរគុណព្រះសង្ឃ ហាក់ សៀងហៃ ចំពោះវីដេអូពីអង្គរវត្ត
13, Nov 2021 , 10:22 am        
រូបភាព
ដោយ:
ក្រសួងទេសចរណ៍ ចេញលិខិតថ្លែងអំណរគុណ ដល់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលបានផលិតវីដេអូផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដែលមានចំណងជើង « មហស្ចារ្យប្រាង្គប្រាសាទខ្មែរ »  ។ វីដេអូនោះជាកិច្ចសន្ទនារវាងព្រះតេជគុណ ហាក់ សៀងហៃ និងជនជាតិអាល្លឺម៉ង់ នៅមុខប្រាសាទអង្គវត្ត ពាក់ព័ន្ធនឹងការកម្សាន្តនៅកម្ពុជា ។


 
« មហស្ចារ្យប្រាង្គប្រាសាទខ្មែរ » ដែលផលិតដោយ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ត្រូវបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក ជាង២ពាន់នាក់ និងមានអ្នកទស្សនាជិត ១០ម៉ឺននាក់។ វីដេអូនេះធ្វើឡើង ដោយមានការសន្ទនាជាភាសាអង់គ្លេស ជាមួយជនជាតិ អាល្លឺម៉ង់ ជុំវិញការរស់នៅ និងដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ 
 
 


ក្រោយទស្សនាវីដេអូនេះ ក្រសួងទេសចរណ៍បានចេញសេចក្ដីថ្លែងអំណរគុណ និងកោតសរសើរ ដល់ព្រះតេជគុណ ហាក់ សៀងហៃ ដែលបានចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដល់ជនបរទេស។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរសេរក្នុងលិខិតប្រគេនដល់ព្រះអង្គដូច្នេះថា៖ « ខ្ញុំព្រះករុណាផ្ទាល់ សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ដែលតែងតែមានឆន្ទៈទឹកព្រះទ័យស្មោះសរដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា »។
 
ជាមួយគ្នានេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ក៏បានស្នើឱ្យក្រសួងទេសចរណ៍ និងរដ្ឋាភិបាល លើកទឹកចិត្តបន្ថែមទៀត ដល់អ្នកបានចូលរួមផលិតវីដេអូ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជាការលើកទឹកចិត្តបន្ថែម៕
 

Tag:
 អង្គរវត្ត
  ព្រះតេជគុណ ហាក់ សៀងហៃ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com