ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មន្រ្តីប្រឆាំង និងសកម្មជនជិត២០នាក់ ដែលត្រូវដោះលែង ភាគច្រើនស្ថិតក្រោមការឃ្លាំមើលពីតុលាការ «៣ឆ្នាំ»
13, Nov 2021 , 2:39 pm        
រូបភាព
លោក រ៉ុង ឈុន និយាយពីទៅកាន់ប្រជាពលរដ្ឋ ពេលចេញមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបដោយ សហការី
លោក រ៉ុង ឈុន និយាយពីទៅកាន់ប្រជាពលរដ្ឋ ពេលចេញមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបដោយ សហការី
មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ប្រធានគណបក្សផ្សេង និង សកម្មជនជាយុវជនវ័យក្មេង សរុបទាំងអស់ប្រមាណជិត២០នាក់ហើយ ដែលត្រូវបានដោះលែងជាបន្តបន្ទាប់គ្នា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ប៉ុន្តែ ពួកគេ នៅតែជាប់បទចោទដដែល និងស្ថិតក្នុងការព្យួរទោសសាកល្បងដល់ទៅ៣ឆ្នាំ។


ការរក្សាបទចោទ និងការព្យួរទោសសាកល្បង៣ឆ្នាំចំពោះពួកគេ គឺអាចឲ្យតុលាការ បន្តឃ្លាំមើលពួកគេក្នុងរយៈពេល៣ឆ្នាំនេះ ហើយតុលាការ ថែមទាំងអាចហៅពួកគេ ឲ្យចូលបំភ្លឺពីអ្វីមួយបានគ្រប់ពេល។ បន្ថែមពីនេះ ការពិន័យប្រាក់លើពួកគេ ក៏មិនត្រូវបានដកចេញដែរ។  
 
អ្នកដែលត្រូវបានដោះលែងជិត២០នាក់នោះ រួមមាន លោក រ៉ុង ឈុន ជាមេសហជីព, លោក សួង សុភ័ណ្ឌ ជាប្រធានគណបក្សខ្មែរឈ្នះ, លោក ប៉ែន ច័ន្ទសង្គ្រាម លោក ឈួ ផេង លោក ទុំ វុទ្ធី ជាមន្រ្តីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ, យុវជន មាន ព្រហ្មមុនី យុវជន មួង សុភ័ក្រ្ត ជាសមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ, អតីតព្រះសង្ឃ កើត សារ៉ាយ យុវន ថា ឡាវី យុវជន ហ៊ុន វណ្ណៈ យុវតី ឈឿន ដារ៉ាវី យុវតី អេង ម៉ាឡៃ ជាសមាជិកនៃក្រុមខ្មែរថាវរៈ, យុវជន ថុន រដ្ឋា យុវជន យីម លាងហ៊ី យុវជន លី ច័ន្ទដារ៉ាវុធ យុវតី ស៊ុន រដ្ឋា យុវតី ភួន កែវរស្មី យុវតី ឡុង គន្ធា សមាជិកនៃក្រុមមាតាធម្មជាតិ, និង អនីតិជន កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសរបស់មន្រ្តីគណបក្សសង្គ្រោះជាតិ។ 
 
លោក រ៉ុង ឈុន បានកាន់ឧគ្ឃោសនសព្ទនិយាយទៅកាន់ប្រជាពលរដ្ឋ ដែលទៅទទួលលោកនៅមុខពន្ធនាគារពន្ធនាគារព្រៃសថា ការរក្សាបទចោទ និងការព្យួរទោសសាកល្បងដល់ទៅ៣ឆ្នាំលើរូបលោក រួមទាំងអ្នកផ្សេងទៀត គឺជារឿងអយុត្តិធម៌ ហើយក៏ជាការគំរាមកំហែងដល់អ្នកតស៊ូមតិដើម្បីសង្គមជាតិ។ មេសហជីពល្បីឈ្មោះរូបនេះ ចង់ឲ្យតុលាការ ទម្លាក់បទចោទចេញទាំងស្រុង។  
 
លោក ថ្លែងថា៖«អារម្មណ៍របស់ខ្ញុំ មើលឃើញថា នៅតែស្ថិតក្នុងសម្ពាធ។ ទោះបីមានការដោះលែងបែបនេះក៏ដោយ វា នៅតែស្ថិតក្នុងរង្វង់ ដែលគេ គូសឲ្យដើរ។ ដូច្នេះ អត់មានសេរីភាពពេញលេញ ក្នុងការដើរ ឬធ្វើកិច្ចការងារសង្គមទេ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា តុលាការ ដោះលែងអ្នកទាំងនោះ មិនមែនដោយសារពួកគេ មិនបានប្រព្រឹត្តបទល្មើសឡើយ។ លោក បន្តថា តុលាការ រកឃើញពួកគេ បានប្រព្រឹត្តបទល្មើស ទើបផ្តន្ទាទោស ដោយទោសមួយផ្នែកដាក់ពន្ធនាគារ ហើយទោសមួយផ្នែកទៀត ត្រូវព្យួរ។ លោក លើកឡើងថា បើចង់មានសេរីភាពេញលេញ ទាល់តែពួកគេ មិនប្រព្រឹត្តបទល្មើស។ 
 
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការព្យួរទោសនេះ គឺឲ្យនៅក្រៅឃុំ ដើម្បីឲ្យបុគ្គលហ្នឹង កែប្រែខ្លួន បើបុគ្គលហ្នឹង មិនកែប្រែខ្លួន នៅតែមិនរាងចាល នៅតែប្រព្រឹត្តបទល្មើសទៀត គេ អាចយកមកឃុំវិញបាន អាហ្នឹងជានីតិវិធីតុលាការ គឺអ៊ឺចឹង»។  
 
កាលពីពាក់កណ្តាលឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកឈរជើងក្នុងទឹកដីកម្ពុជាទៀត។ នេះ ជាមូលហេតុ ដែលលោក ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងត្រូវចាប់ខ្លួន។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋ។
 
លោក សួង សុភ័ណ្ឌ បានចុះទៅពិនិត្យតាមតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន បានចុះទៅពិនិត្យ។ លោក ចង់ដឹងថា តំបន់ព្រំដែន ដែលលោក រ៉ុង ឈុន លើកឡើងនោះ ជាការពិត ឬមិនមែនជាការពិត។ ចុះទៅពិនិត្យរួចហើយ លោក បាននិយាយជាសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ បន្ទាប់មក លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។
 
មន្រ្តីមូលដ្ឋានអតីតគណបក្សសង្គ្រោះជាតិ សមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ និង សមាជិកនៃក្រុមខ្មែរថាវរៈ ត្រូវចាប់ខ្លួនដោយសារការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ អ្នកទាំងអស់ខាងលើ សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដូចលោក រ៉ុង ឈុន ដែរ។ 
 
សមាជិក៣នាក់នៃក្រុមមាត្រាធម្មជាតិ គឺយុវជន ថុន រដ្ឋា យុវតី ភួន កែវរស្មី និង យុវតី ឡុង គន្ធា ជាប់ចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសាររៀបចំគម្រោងដង្ហែញត្តិទៅជូននាយករដ្ឋមន្រ្តី ដើម្បីសុំឲ្យបញ្ឈប់ការលុបបឹងតាមោក។ ចំណែកសមាជិក៣នាក់ទៀតនៃក្រុមមាតាធម្មជាតិ គឺ យុវជន យីម លាងហ៊ី យុវជន លី ច័ន្ទដារ៉ាវុធ និង យុវតី ស៊ុន រដ្ឋា ជាប់ចោទពីបទរួមគំនិតក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ ដោយសារបាននិយាយឆ្លងឆ្លើយជាមួយលោក អាឡិច ជនជាតិអេស្បាញ ដែលជាស្ថាបនិកនៃក្រុមមាតាធម្មជាតិ។ សម្រាប់អាជ្ញាធរ អ្វីដែលពួកគេ និយាយគ្នាក្នុងវីដេអូនោះជាមួយអាឡិច គឺស្ថិតក្នុងអំពើរួមគំនិតក្បត់ជាតិ និងមានលក្ខណៈប្រមាថព្រះមហាក្សត្រ។ 
 
ក្រោយមក សមាជិក៣នាក់នៃក្រុមមាត្រាធម្មជាតិ គឺយុវជន ថុន រដ្ឋា យុវតី ភួន កែវរស្មី និង យុវតី ឡុង គន្ធា ដែលត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមហើយនោះ ក៏ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិដែរ ក្រោមការសង្ស័យរបស់អាជ្ញាធរថា ពួកគេទាំង៣នាក់ ក៏ពាក់ព័ន្ធនឹងការជជែកគ្នាតាមប្រព្រ័ន្ធវីដេអូជាមួយអាឡិចដែរ ដោយខ្លឹមសារនៃការជជែកនោះ មានលក្ខណៈក្បត់ជាតិ។
 
ដោយឡែក អនីតិជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ ត្រូវចោទពីបទប្រមាថមន្រ្តីរាជសាធារណៈ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារបាននិយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។
 
មជ្ឈដ្ឋានខ្លះ សាទរចំពោះការដោះលែងមន្រ្តីអតីតគណបក្សប្រឆាំង និងសកម្មជនផ្សេងៗខាងលើ តែពួកគេ រិះគន់ចំពោះការមិនទម្លាក់បទចោទ៕ 
 
 
 

Tag:
 ដោះលែង
© រក្សាសិទ្ធិដោយ thmeythmey.com