ជាតិ
ក្នុង១ខែ លោក នរវិន្ទ អាចបង្កាត់ពូជបង្កងអូស្រ្តាលីដល់ ១០ម៉ឺនកូន តែមិនទាន់គ្រប់តម្រូវការទីផ្សារ
13, Nov 2021 , 5:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមបង្កង-CrayFish
រូបភាពពីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមបង្កង-CrayFish
ក្នុងមួយខែ លោក តាន់ នរវិន្ទ អាចបង្កាត់ពូជបង្កងអូស្រ្តាលីបានចន្លោះពី៥-១០ម៉ឺនកូន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កូនបង្កងអូស្រ្តាលីនេះ មានតម្រូវការខ្ពស់ ព្រោះអ្នកចិញ្ចឹមច្រើន ហើយបច្ចុប្បន្នកសិដ្ឋាន គ្មានលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់ឡើយ។



លោក តាន់ នរវិន្ទ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អតីតនិស្សិតកសិកម្ម លោក តាន់ នរវិន្ទ បោះទុនបង្កើតកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី លើផ្ទៃដីជាង២០ហិកតា ដោយសម្លឹងឃើញឱកាសទីផ្សារខ្ពស់ពីរបរមួយនេះ។ កសិដ្ឋានរបស់លោក នរវិន្ទ មានអាងបង្កាត់ពូជបង្កងចំនួន៦២អាង, ស្រះចិញ្ចឹមធំ-តូចចំនួន៦០ស្រះ, ស្រះបម្រុងទឹក, ស្រះបន្សុតទឹក, ស្រះទទួលកាកសំណល់ និងមានរៀបចំប្រឡាយបម្រុងទឹកជុំវិញកសិដ្ឋានផងដែរ។ កសិដ្ឋានធំមួយនេះ មានបង្កងមេបាទឹកសាបពូជអូស្រ្តាលីជាង៦ម៉ឺនក្បាល ដែលអាចផលិតកូនបានចន្លោះពី៥-១០ម៉ឺនកូនក្នុងមួយខែ។
  

រូបភាពពីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមបង្កង-CrayFish

រយៈពេលជាង៤ឆ្នាំហើយ ដែលលោក តាន់ នរវិន្ទ បង្កើតកសិដ្ឋានខ្នាតធំនេះ ដោយចំណាយប្រាក់ជាង៥០ម៉ឺនដុល្លារ។ តាមរយៈបច្ចេកទេស ដែលមានស្រាប់ក្នុងនាមជាអតីតនិស្សិតកសិកម្ម លោក នរវិន្ទ មើលឃើញថាវាជាឱកាសបង្កើនចំណូល ព្រោះបង្កងអូស្រ្តាលីមានទីផ្សារខ្ពស់ ហើយបច្ចុប្បន្ននៅមិនទាន់មានការផ្គត់ផ្គង់តាមតម្រូវការនោះទេ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសសម្រាប់លោក ក្នុងការជួយពង្រឹងវិស័យវារីវប្បកម្មនៅកម្ពុជា និងបង្កើនចំណូលវារីវប្បករផងដែរ។
 
ម្ចាស់កសិដ្ឋានវ័យ៥០ឆ្នាំរូបនេះ បានពន្យល់ថា បច្ចុប្បន្ននេះទីផ្សារបង្កងអូស្រ្តាលី កំពុងរីកលូតលាស់ ប៉ុន្តែការផ្គត់ផ្គង់ពូជ ឬកូនបង្កងនៅមានកម្រិត។ ដ្បិតកសិដ្ឋានរបស់លោក មានលទ្ធភាពផលិតកូនបានច្រើនក៏ពិតមែន ប៉ុន្តែវានៅតែមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ទីផ្សារ។
 
«រាល់ថ្ងៃហ្នឹងខ្ញុំផលិតកូនលក់មិនទាន់ទេ និយាយទៅអត់គ្រប់ទីផ្សារ។ អ្នកចិញ្ចឹមច្រើន ហើយបង្កងខ្ញុំលក់ឱ្យកសិករតម្លៃតែ៥០០រៀលទេ ក្នុងមួយក្បាល ដោយពួកគាត់យកទៅ
ចិញ្ចឹមតែ៣ខែជាងទៅ៤ខែអាចលក់បានហើយ។ និយាយទៅខ្ញុំលក់ធូរថ្លៃ ដើម្បីឱ្យកសិករ ស្រួលទិញយកទៅចិញ្ចឹម។ ពេលទិញទៅខ្ញុំក៏ ផ្ដល់បច្ចេកទេសចិញ្ចឹមឱ្យគាត់ដែរ»។ នេះជាការលើកឡើងរបស់លោក តាន់ នរវិន្ទ។


  រូបភាពពីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមបង្កង-CrayFish

លោក តាន់ នរវិន្ទ គ្រោងនឹងពង្រីកកសិដ្ឋានចិញ្ចឹមបង្កង និងពូជបន្ថែម ដោយបច្ចុប្បន្នលោក កំពុងស្វែងរកជំនួយគាំទ្រទាំងថវិកា និងទីផ្សារនាំចេញទៅបរទេស។ ម្ចាស់កសិដ្ឋានរូបនេះ រំពឹងចង់បង្កាត់ពូជបង្កងប្រមាណ១-២លានកូនក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងជួយបង្កើនជីវភាពដល់កសិករក្នុងស្រុក។ លោក អះអាងថា នៅពេលកសិដ្ឋានរបស់លោក មានលទ្ធភាពគ្រប់គ្រាន់ លោក នឹងទម្លាក់តម្លៃកូនបង្កងឱ្យកាន់តែថោក ២០០-៣០០រៀលប៉ុណ្ណោះក្នុងមួយក្បាល ដើម្បីឱ្យកសិករមានលទ្ធភាពចិញ្ចឹម សម្រាប់ធ្វើអាជីវកម្ម និងចិញ្ចឹមលក្ខណៈគ្រួសារផងដែរ៕
 

Tag:
 វារីវប្បកម្ម
 បង្កងអូស្រ្តាលី
 កំពង់ធំ
 តាន់ នរវិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com