ជាតិ
ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរកើនឡើង១៥២ភាគរយ បើធៀបនឹងថ្ងៃទី១
20, Nov 2021 , 4:39 pm        
រូបភាព
ពលរដ្ឋជាច្រើន បានមកកម្សាន្តនៅព្រះបរមរាជវាំង និងជួរមាត់ទន្លេ នាថ្ងៃទី១៩ វិច្ឆិកា។ រូបភាពដោយ លោក Ngeav Chankresna
ពលរដ្ឋជាច្រើន បានមកកម្សាន្តនៅព្រះបរមរាជវាំង និងជួរមាត់ទន្លេ នាថ្ងៃទី១៩ វិច្ឆិកា។ រូបភាពដោយ លោក Ngeav Chankresna
តាកែវ៖ ថ្ងៃទី១៩វិច្ឆិកា ជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២១ មានភ្ញៀវទេសចរចំនួនជាង៣៣ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅតាមបណ្ដាខេត្តនានា។ បើតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរកើនឡើង១៥២% បើធៀបនឹងថ្ងៃទី១ នៃពិធីបុណ្យអុំទូក។


បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឱ្យឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ ពលរដ្ឋជាច្រើនបាននាំគ្នាធ្វើដំណើរកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្តនានា។ ក្រសួងទេសចរណ៍បានបង្ហាញស្ថិតិបានឲ្យដឹងថា ថ្ងៃទី២ នៃពិធីបុណ្យអុំទូក មានទេសចរដើរកម្សាន្តក្នុងប្រទេសសរុបជាង៣៣ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិជាង៤,៤ពាន់នាក់។ ចំនួននេះកើនឡើង ១៥២ភាគរយ បើធៀបនឹងថ្ងៃទី១ ដែលមានទេសចរសរុបជាង ១៣ម៉ឺននាក់។ រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូក មានទេសចរដើរកម្សាន្តទូទាំងប្រទេសសរុបចំនួន៤៦ម៉ឺននាក់។ 
  

ពលរដ្ឋជាច្រើន បានមកកម្សាន្តនៅព្រះបរមរាជវាំង និងជួរមាត់ទន្លេ នាថ្ងៃទី១៩ វិច្ឆិកា។ រូបភាពដោយ លោក Ngeav Chankresna

បើតាមរបាយការណ៍ដដែល រាជធានីភ្នំពេញមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺជាង៦,៦ម៉ឺននាក់ និងខេត្តសៀមរាបជាប់ចំណាត់ថ្នាក់លេខ២ មានជាង៤,៧ម៉ឺននាក់ ខណៈខេត្តព្រះសីហនុឈរនៅលេខរៀងទី៣ មានភ្ញៀវទេសចរជាង៤,៤ម៉ឺននាក់។ ខេត្តកែប បានទទួលភ្ញៀវទេសចរចំនួនជិត៣ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤។ ដោយឡែក  ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរជាង២,១ម៉ឺននាក់ និង ខេត្តបាត់ដំបង មានជាង១,១ម៉ឺននាក់។ ចំណែក ខេត្តមណ្ឌលគិរី មានទេសចរជាង១ម៉ឺននាក់ ប្រហាក់ប្រហែលនឹង ខេត្តរតនគិរី ដែលមានទេសចរជាងម៉ឺននាក់ដែរ
  

ពលរដ្ឋជាច្រើន បានមកកម្សាន្តនៅព្រះបរមរាជវាំង និងជួរមាត់ទន្លេ នាថ្ងៃទី១៩ វិច្ឆិកា។ រូបភាពដោយ លោក Ngeav Chankresna

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា៖«ការចល័តរបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយ នៅតែមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលការកក់សណ្ឋាគារនៅតាមគោលដៅសំខាន់ៗដូចជា ខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និង រតនគិរី គឺនៅតែមានកម្រិតខ្ពស់ គឺស្ថិតនៅចន្លោះពី ៨០ទៅ៩០ភាគរយ»។
 
ចំពោះបញ្ហាប្រឈមនានា នៅថ្ងៃឈប់សម្រាករយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូក រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ពុំមានបញ្ហាណាមួយកើតឡើងទេ ស្របពេលមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានខិតខំផ្តល់សេវាជូនភ្ញៀវទេសចរប្រកបដោយស្តង់ដា៕
 

ភ្ញៀវទេសចរជាច្រើន ទៅកម្សាន្តនៅសួនសត្វ ម៉ុង ឫទ្ធី ក្នុងថ្ងែបុណ្យអុំទូកទី២។ រូបភាពដោយ កញ្ញា ជឿន ស្រីណយ


Tag:
 ថ្មីៗ
  ពិធីបុណ្យអុំទូក
  ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com