ជាតិ
កម្ពុជា ពិភាក្សាជាមួយសមាគមចិនដើម្បីនាំទេសចរមកកម្ពុជា តែអ្នកជំនាញឱ្យបើកជើងហោះហើរបន្ថែម
20, Nov 2021 , 5:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នករកស៊ីក្នុងវិស័យទេសចរណ៍សាទរចំពោះការបើកឱ្យទេសចរបរទេសចាក់វ៉ាក់សាំងរួចចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ក តែពួកគេនៅបារម្ភពីឧបសគ្គនៃកង្វះជើងហោះហើរ និងការរឹតត្បិតរបស់ប្រទេសដទៃ។ តបជាមួយបញ្ហាប្រឈមនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជឿថាទីផ្សារបរទេសនឹងបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជនខ្លួន ឱ្យចូលមកកម្ពុជាក្នុងពេលឆាប់ៗនេះ។

 
រដ្ឋាភិបាលកម្ពុជា សម្រេចដកការចត្តាឡីស័កសម្រាប់ជនបរទេស ឬជនជាតិខ្មែរនៅក្រៅប្រទេស ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិច២ដូសរួចចូលមកកម្ពុជា កាលពីថ្ងៃទី១៤ វិច្ឆិកា។  ការណ៍នេះបានធ្វើឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងបុគ្គលិក សប្បាយរីករាយព្រោះនេះជាពន្លឺនៃការងើបឡើងវិញនៃវិស័យទេសចរណ៍។
 
តមតាមសំណើររបស់ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថាក្រសួងទេសចរណ៍កំពុងពិភាក្សាជាមួយប្រទេសចិន ដើម្បីបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជនខ្លួនចូលមកម្ពុជា។ បន្ថែមពីនេះ ក្នុងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍ ស្ដីពីការបើកប្រទេសទទួលទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងរួចចូលមកកម្ពុជា នារសៀលថ្ងៃទី១៥វិច្ឆិកា លោក ថោង ខុន ក៏បានជំរុញឱ្យក្រុមហ៊ុនជើងហោះហើរក្នុងស្រុក ចាប់ផ្ដើមហោះហើរឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរអន្តរជាតិ។
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ដូច្នេះ៖ «យើងបានធ្វើការងារនេះជាមួយដៃគូរនៅប្រទេសចិន និងសមាគមនៅចិនច្រើនដែរ តែវាអាស្រ័យលើភាគីចិន។ ប្រហែលថាទៅថ្ងៃខាងមុខក៏មានការបន្ធូរបន្ថយច្រើនដែរ មិនមែនតែទីផ្សារចិនទេ តែទីផ្សារផ្សេងក៏មានការបន្ធូបន្ថយដែរ ព្រោះថាបើឱ្យចេញហើយត្រឡប់ទៅវិញត្រូវធ្វើចត្តាឡីស័កយូរ ភ្ញៀវក៏មិនចង់ចេញដែរ »។
 
ត្រង់ចំណុចនេះ លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបង្ហាញការអបអរសាទរចំពោះការបើកទូលាយឱ្យទេសចរបរទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច អាចចូលមកកម្ពុជា។ លោកលើកជឿថា ទេសចរអន្តរជាតិ នឹងមកកម្សាន្តនៅកម្ពុជាច្រើន ព្រោះកម្ពុជាគ្មានរបាំងណាមួយ រាំងស្ទះការសម្រេចចិត្តរបស់ពួកគេទេ។


 លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា

« វិស័យទេសចរណ៍ បើយើងដាក់របាំងនោះគេនឹងមិនមកទេបើមិនចាំបាច់។ ការដករបាំងនៅពេលនេះគឺជាការល្អបំផុតព្រោះ នៅតំបន់អ៊ឺរ៉ុបកំពុងធ្លាក់ទឹកកក ដូច្នេះពួកគាត់ចង់មកតំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាមានអ្នកចាក់វ៉ាក់សាំងច្រើនជាងគេ ដូច្នេះគេនឹងសម្លឹងមកយើង។ ខ្ញុំជឿថាការដកការចត្តាឡីស័កនេះគឺ មានភាពទាក់ទាញខ្លះ ហើយយើងនឹងទទួលទេសចរបានច្រើន »។
 
ការទន្ទឹងរង់ចាំវត្តមានភ្ញៀវទេសចរអន្តរជាតិ រយៈពេលជិត២ឆ្នាំ បានបង្ហាញពន្លឺនៃក្ដីសង្ឃឹមដល់មគ្គទ្ទេសក៍ទេសចរភាសាចិន នៅតំបន់អង្គរផងដែរ។ លោក ទៀ គីឡេង ពិតជារីករាយចំពោះការបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចចូលមកម្ពុជា ដោយគ្មានការចត្តាឡីស័ក។ តែ មគ្គទ្ទេសក៍ទេសចររូបនេះមិនរំពឹងថា កម្ពុជាមានទេសចរច្រើនទេ ខណៈទេសចរចម្បងគឺជនជាតិចិន តែចិនរឹតត្បិតការធ្វើដំណើរចូលមកម្ពុជា ហើយតម្លៃសំបុត្រយន្តហោះក៏មានតម្លៃថ្លៃ។
 


លោក​ ទៀ គីឡេង ប្រធានសមាគមមគ្គទ្ទេសក៍ទេសចរណ៍ភាសាចិន

លោក ទៀ គីឡេង បញ្ជាក់យ៉ាងដូច្នេះថា៖ « អ្វីៗស្ថិតនៅលើភាពជាក់ស្ដែង! បច្ចុប្បន្នកម្ពុជាបើកទ្វារប្រទេសឡើងវិញ តែដោយឡែកពួកខ្ញុំជាមគ្គទ្ទេសក៍ទេសចរភាសាចិន ហើយបានទាក់ទងទៅក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៅប្រទេសចិន គឺពួកគាត់ថាចិនគេនៅរឹតត្បិតជនជាតិគេ»។ មគ្គទ្ទេសក៍ទេសចរភាសាចិន ក៏មិនទាន់ត្រឡប់មកប្រកបរបរនេះវិញដែរ ដោយរងចាំមើលស្ថានភាពភ្ញៀវទេសចរអន្តរជាតិជាមុនសិន។
 
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា( CATA ) មានក្ដីរំពឹងថា កម្ពុជា អាចក្លាយជាជម្រើសទីមួយសម្រាប់ទេសចរអន្តរជាតិ ខណៈប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើមមិនទាន់បើកទូលាយដូចកម្ពុជានោះទេ។ លោកស្រីក៏បានអះអាងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលទេសចរអន្តរជាតិ បូករួមជាមួយកញ្ចប់ទេសចរណ៍ធម្មជាតិ បូកនឹងវប្បធម៌។
 
ក្នុងបទសម្ភាសតាមទូរស័ព្ទដៃជាមួយសារព័ត៌មាន ThmeyThmey25 លោកស្រី ឆាយ ស៊ីលីន រៀបរាប់យ៉ាងដូច្នេះថា៖ «ការដកការចត្តាឡីស័កនេះ គឺអាចឱ្យយើងស្ដារវិស័យទេសចរណ៍ឡើងវិញ។ យើងសង្ឃឹមនឹងមានភ្ញៀវច្រើនចូលមកកម្ពុជា ព្រោះការប្រកាសរបស់យើងនេះ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ចម្បងមួយ ដោយរំកិលខ្លួនចេញពីទិសដៅទេសចរណ៍បន្ទាប់បន្សំប្រទេសជិតខាង  ទន្ទឹមនឹងនេះយើងត្រូវការពេលវេលាបន្តិច និងជំរុញជើងហោះហើរបន្ថែម »។


 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ។ រូបភាព៖ ក្រសួងទេសចរណ៍

ប្រធានCATA រូបនេះ ក៏បានស្នើឱ្យក្រសួងទេសចរណ៍ ជំរុញឱ្យមានជើងហោះហើរសម្បូរបែប ទាំងក្នុងស្រុក និងក្រៅស្រុក ។ ជាពិសេសលោកស្រី ចង់ឱ្យកម្ពុជាមានការចរចារណាមួយ ជាមួយភាគីចិនដើម្បីបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរប្រជាជនខ្លួនឱ្យចូលមកកម្ពុជា ។
 
ដោយឡែក លោក មឿង សុន អតីតអ្នកជំនួញក្នុងវិស័យទេសចរណ៍ ជាង៣០ឆ្នាំទាំងនៅក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា  យល់ថាកង្វះជើងហោះហើរនាពេលបច្ចុប្បន្នមិនមែនជាបញ្ហាប្រឈមសម្រាប់អ្នកទេសចរទេ បើកម្ពុជាមានផលិតផលសម្បូរបែប។ លោកជឿថាទេសចរអន្តរជាតិ និងអនិកជនខ្មែរនឹងមកកម្ពុជាច្រើនក្នុងពេលខាងមុខដ៏ខ្លីនេះ។
 


លោក មឿង សុន អ្នកជំនាញក្នុងវិស័យទេសចរណ័

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក មឿង សុន រៀបរាប់ដូច្នេះថា៖ « ពីមុនកម្ពុជា ជាទេសចរណ៍គួបផ្សំជាមួយប្រទេសជិតខាង។ គេមកលេងថៃ និងវៀតណាមហើយ បានមកកម្ពុជា តែយើងមុនគេ យើងក្លាយជាជម្រើសដំបូង។ ហើយក្រុមហ៊ុនជើងហោះហើរគេរត់តាមយើងទេ បើយើងមានសក្តានុពលគេហោះមកយើងហើយ ព្រោះគេមិនអាចហោះហើរទទេរបានទេ »៕
 
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com