ជាតិ
អន្តរជាតិ
កូរ៉េខាងជើង រិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញការអនុម័តស្តង់ដារសិទ្ធិមនុស្សតាមអំពើចិត្ត
20, Nov 2021 , 7:59 pm        
រូបភាព
ដោយ:
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ រិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលអនុម័តស្តង់ដារតាមលោកខាងលិច ដើម្បីវាយប្រហារស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។

 
បើតាមក្រសួងការបរទេសកូរ៉េខាងជើង ការអនុម័តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចំពោះដំណោះស្រាយសិទ្ធិមនុស្សធ្វើឡើងសំដៅទៅលើប្រទេសជាក់លាក់ណាមួយ ដែលប្រឆាំងទៅនឹងគោលបំណងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសិទ្ធមនុស្សដែលផ្អែកលើភាពស្មើរគ្នា និងយុត្តិធម៌។
 
«ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN បានក្លាយជាដំណាក់កាលមួយដែលកំណត់ប្រទេសឯករាជ្យ និងប្រទេសកំពុងអភិវឌ្ឍក្រោមស្តង់ដារលោកខាងលិចតាមតែអំពើចិត្ត»។ ក្រសួងដដែលរបស់កូរ៉េខាងជើងលើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបន្តថា អាម៉េរិក និងមហាអំណាចលោកខាងលិចផ្សេងទៀតគួរតែបញ្ឈប់ការបង្ខិតបង្ខំ និងភាពផ្តាច់ការ ហើយមកកែលម្អសិទ្ធិមនុស្សទៅតាមន័យជាក់ស្តែងវិញទៅ។
 
ជាមួយគ្នានេះផងដែរ ក្រសួងការបរទេសកូរ៉េខាងជើងទាមទារឱ្យអ្នករាយការណ៍ពិសេសអំពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងមកពីប្រទេសដែលមិនគោរពតាមតម្លៃ និងស្តង់ដារសិទ្ធិមនុស្សរបស់បស្ចិមប្រទេស ហើយត្រូវបានជ្រើសរើសដោយគ្មានការពិភាក្សាក្នុងចំណោមរដ្ឋជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ។ បច្ចុប្បន្ន លោក Tomas Ojea Quintana ដែលជាមេធាវីមកពីអាហ្សង់ទីនទទួលបន្ទុកក្នុងដំណែងនេះតាំងពីឆ្នាំ២០១៦។
 
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការទី៣របស់មហាសន្និបាត UN នៅថ្ងៃទី១៧ ខែវិច្ឆិកា បានអនុម័តសេចក្តីសម្រេចថ្កោលទោសការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងជារៀងរាល់ឆ្នាំជាប់ៗគ្នាលើកទី១៧។ អង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយបែបនេះលើបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៥មកម្ល៉េះ ហើយដំណោះស្រាយនៅឆ្នាំ២០២១នឹងត្រូវបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃមហាសន្និបាត UN នៅខែធ្នូ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com