ជាតិ
សហព័ន្ធកីឡារាំកម្ពុជា ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១
20, Nov 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា នឹងរៀបចំ “ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅរាជធានីភ្នំពេញ។


អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់ នៃការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ គឺដើម្បីពង្រឹងគុណភាពរបស់កីឡាករជម្រើសជាតិ ចូលរួមប្រកួតកីឡា Sea Game នៅវៀតណាម។ 
 
អ្នកស្រីបន្ថែមទៀតថា ការប្រកួតនេះ ក៏ក្នុងបំណង ជ្រើសរើសកីឡាករឆ្នើមលើវិញ្ញាសារ Breaking Dance ចូលក្នុងសហព័ន្ធកីឡារាំងកម្ពុជា ដើម្បីហ្វិកហាត់ត្រៀម ចេញទៅប្រកួតជាមួយសហព័ន្ធកីឡារាំពិភពលោក សម្រាប់ឆ្នាំ២០២២ខាងមុខផងដែរ។ 


 អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា (រូប​ផ្ដល់​ឱ្យ)

អ្នកស្រី ហង្ស ស៊ីមន បញ្ជាក់បន្ថែម៖«ធ្លាប់មានគេនិយាយថា ហេតុអ្វីបានជាមិនយកក្បាច់រាំវង់ រាំក្បាច់ ទៅប្រកួត ប៉ុន្តែនោះមិនមែនជាប្រភេទកីឡារាំឡើយ តែជាសិល្បៈ។ ចំណែកក្បាច់រាំដែលជាប្រភេទកីឡា គេប្រើកម្លាំង បច្ចេកទេស ភាពរហ័សរហួន ទន់ភ្លន់ ហើយគេមានបទបញ្ជាប្រកួតរបស់គេ។ ទាំងសម្លៀកបំពាក់ចូលប្រកួត ទាំងស្បែកជើងប្រកួត ត្រូវតែតាមស្តង់ដាដែលគេកំណត់។ សម្លៀកបំពាក់ទាំងនោះ ទាល់តែបញ្ជាទិញពីក្រៅប្រទេស»។ 
 
វិញ្ញាសារនៃការប្រកួតកីឡារាំកម្ពុជា មាន៣វិញ្ញាសារ គឺ Latin Dance, Standard Dance, និង Breaking Dane។ Breaking dance ទាមទារឱ្យបេក្ខជន ត្រូវចុះឈ្មោះដោយខ្លួនឯង ទាំងបេក្ខជនធម្មតា និងបេក្ខជន មកពីក្លឹបនានា។ ការចុះឈ្មោះចូលរួមប្រកួត ផុតកំណត់ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើម្បីចុះឈ្មោះ សូមចូលទៅកាន់ https://forms.gle/1UDtYMDgEh6yX2W86#LatinandStadard
 
សូមបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០០៩។ បច្ចុប្បន្នមានកីឡាកររាំ ជម្រើសជាតិចំនួន១០រូប ក្នុងនោះមានស្រី៥។ ទោះជាយ៉ាងណា សហព័ន្ធកីឡារាំកម្ពុជា កំពុងជ្រើសរើសកីឡាកររាំបម្រុងបញ្ចូលបន្ថែមទៀត ដើម្បីត្រៀមទៅប្រកួតកីឡា Sea Game ២០២២ នៅប្រទេសវៀតណាម និងត្រៀម Sea Game ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡារាំកម្ពុជា ធ្លាប់ទទួលបានជើងឯកអាស៊ី (មេដាយសម្រិត) និងមេដាយនៃការប្រកួត Open ជាច្រើនទៀត។ សហព័ន្ធកីឡារាំកម្ពុជា មានការទទួលស្គាល់ពីសហព័ន្ធកីឡារាំអន្តរជាតិ និងសហព័ន្ធកីឡារាំអាស៊ីផងដែរ៕ 
      
 

Tag:
 រាំ
  កីឡា
  សហព័ន្ធកីឡារាំកម្ពុជា
  ប្រកួត
© រក្សាសិទ្ធិដោយ thmeythmey.com