ជាតិ
១០ខែមកនេះ មានទេសចរជិត៤ពាន់នាក់ បានឡើងភ្នំឱរ៉ាល់
21, Nov 2021 , 8:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

រយៈពេល១០ខែ ឆ្នាំ២០២១នេះ មានទេសចរចំនួន ៣ ៨៧៣នាក់ បានឡើងភ្នំឱរ៉ាល់ ដោយក្នុងនោះមានស្រីចំនួន១ ៧០៣នាក់។ លោក លោក ឈឺន ឈីម ប្រធានមគ្គទេសក៍ទេសចរភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានThmeythmey 25 ថាក្នុងខែវិច្ឆិកា និងខែធ្នូ ខាងមុខ ក្រុមមគ្គទេសក៍ខ្លួន ក៏បានទទួលការកក់ពីភ្ញៀវទេសចរឡើងភ្នំ ជិត៣០០នាក់បន្ថែមទៀតដែរ។

 
លោក ឈឺន ឈីម ប្រធានមគ្គទេសក៍ទេសចរភ្នំឱរ៉ាល់ បានបញ្ជាក់ថា ទេសចរឡើងភ្នំឱរ៉ាល់ ចាប់ផ្ដើមកើនឡើងវិញ ខណៈដែលស្ថានភាពកូវីដ-១៩បានថយចុះ។ កំណើនអ្នកទេសចរ បានផ្តល់ប្រាក់ចំណូលជាប្រចាំដល់ប្រជាសហគមន៍ ពិសេសមគ្គទេសក៍ទេសចរណ៍តែម្តង។
 
បើតាមប្រធានមគ្គទេសក៍ទេសចរភ្នំឱរ៉ាល់ នៅក្នុងរយៈពេល១០ខែមកនេះ មានទេសចរ ចំនួន ៣ ៨៧៣នាក់ហើយបានឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជានេះ ហើយសម្រាប់ខែវិច្ឆិកា និងខែធ្នូវិញ ក៏មានភ្ញៀវជិត៣០០នាក់ កក់រួចហើយដែរ។ លោក ឈឺន ឈីម សង្ឃឹមថា ចំនួនភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ «បើគិតចាប់តាំងពីខែ១មក ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៣ ៨៧៣នាក់ និងនាពេលថ្មីៗនេះ ភ្ញៀវមានចំនួន៩១៧នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៨៩នាក់»។ នេះជាការបញ្ជាក់របស់ប្រធានមគ្គទេសក៍ទេសចររូបនេះ។
 
ដ្បិតអបអរនឹងកំណើរភ្ញៀវទេសចរ ក៏លោក ឈឺន ឈីម តម្រូវឱ្យភ្ញៀវអនុវត្តវិធានសុវត្ថិភាព និងត្រូវរក្សានូវគម្លាតសុវត្ថិភាពដែរ។ បន្ថែមពីនេះ ភ្ញៀវទេសចរ ត្រូវបំពេញឯកសារពីប្រវត្តិធ្វើដំណើរ និងព័ត៌មានផ្ទាល់ខ្លួន នៅទីស្នាក់ការសហគមន៍ផងដែរ។
 
ក្រៅពីរំពឹងភ្ញៀវទេសចរក្នុងស្រុក ប្រធានមគ្គទេសក៍ទេសចររូបនេះ ក៏សង្ឃឹមថានឹងទទួលបានកំណើនទេសចរអន្តរជាតិពីក្រៅប្រទេសបន្ថែមដែរ បន្ទាប់ពីរដ្ឋាភិបាលប្រកាសថា ទេសចរដែលបានចាក់វ៉ាក់សាំង២ដូស មិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ពេលមកកម្ពុជា។ តាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច គ្រាន់តែត្រូវធ្វើតេស្តរហ័ស (Rapid Test) រកជំងឺកូវីដ-១៩ប៉ុណ្ណោះ៕
 
 

Tag:
 ភ្នំរ៉ាឱល់
  ឈឺន ឈីម
 Thmey Thmey25
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com