ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្រ្តីជាអតីតមេឃុំសង្គ្រោះជាតិម្នាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ
21, Nov 2021 , 11:29 am        
រូបភាព
អ្នកស្រី ឡាញ់ ថាវរី មេឃុំអតីតគណបក្សសង្គ្រោះជាតិ និយាយក្នុងវីដេអូមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុក Cambodia National Rescue Party កាលពីឆ្នាំ២០១៧។
អ្នកស្រី ឡាញ់ ថាវរី មេឃុំអតីតគណបក្សសង្គ្រោះជាតិ និយាយក្នុងវីដេអូមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុក Cambodia National Rescue Party កាលពីឆ្នាំ២០១៧។
ដោយ: ថ្មីៗ
អ្នកស្រី ឡាញ់ ថាវរី មេឃុំអតីតគណបក្សសង្គ្រោះជាតិ នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោក ភីល រ៉ូបឺតសុន (Phil Robertson) នាយករង​នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទទួលបន្ទុក​កិច្ចការក្នុង​តំបន់​អាស៊ី បានផ្តល់ព័ត៌មានលើបណ្តាញសង្គមធ្វីតធឺពីការចាប់អ្នកស្រី ឡាញ់ ថាវរី បញ្ជូនមកកម្ពុជា។


 
បើព័ត៌មានពីលោក ភីល រ៉ូបឺតសុន អ្នកស្រី ថាញ់ ថាវរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ និងត្រូវបានបញ្ជូនមកកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអ្នកស្រី ប្រឈមនឹងការយកឃុំក្នុងពន្ធនាគារ។ លោក ចាត់ទុកការបញ្ជូនអ្នកស្រី មកកម្ពុជា ថាជាការមិនអាចទទួលយកបានជាដាច់ខាត។ លោក អះអាងថា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួនប្រចាំប្រទេសថៃ  (UNHCR) បានទទួលស្គាល់អ្នកស្រី ជាជនភៀសខ្លួននៅប្រទេសថៃរួចហើយ។ 
 
មុនអ្នកស្រី ត្រូវបានញ្ជូនមកកម្ពុជា លោក ភីល រ៉ូបឺតសុន ទទូចសុំទៅអាជ្ញាធរថៃតាមបណ្តាញធ្វីតធឺដូច្នេះថា៖«ត្រូវតែបញ្ឈប់សកម្មភាពនេះ។ កុំបញ្ជូនអ្នកស្រី ទៅកម្ពុជាវិញ»។ យ៉ាងណា អាជ្ញាធរ ពុំបានធ្វើតាមការស្នើសុំរបស់លោកឡើយ។  
 
គេ មិនទាន់មានព័ត៌មាននោះទេថា អ្នកស្រី បានប្រព្រឹត្តបទល្មើសអ្វី ទើបបានជាត្រូវចាប់បញ្ជូនពីថៃមកកម្ពុជាវិញបែបនេះ។ សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការបញ្ជាក់ តែលោក មិនទទួលការហៅចូល។
 
មុនចាប់អ្នកស្រី ឡាញ់ ថាវរី មានអ្នកប្រឆាំង២នាក់រួចហើយ ដែលត្រូវចាប់បញ្ជូនមកកម្ពុជា គឺលោក វឿន វាសនា និងលោក វឿង សំណាង។ លោក វឿន វាសនា គឺជាសកម្មជនការពារព្រៃឈើ និងឧស្សាហ៍រិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម ហើយលោក វឿង សំណាង គឺជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ។ 
 
បុរសទាំង២នេះ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា នៅដើមខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែលោក ឆាយ គឹមឃឿន បំភ្លឺថា អ្នកទាំង២ ទៅរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយក៏ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោក បន្តថា ដោយសារអ្នកទាំង២ មានដីកាចាប់ខ្លួនពីតុលាការ ពួកគេ ក៏ត្រូវចាប់ខ្លួន ពេលត្រូវបានបញ្ជូនមកដល់កម្ពុជា ក្រោមបទចោទរួមគំនិតក្បត់ (ជាតិ)។ លោក បដិសេធថា អាជ្ញាធរកម្ពុជា ពុំបានស្នើទៅអាជ្ញាធរថៃ ដើម្បីសុំឲ្យចាប់បញ្ជូនពួកគេ មកកម្ពុជានោះទេ។
 
ការចាប់អ្នកស្រី ឡាញ់ ថាវី នាពេលនេះ ក៏ដូចជាការចាប់លោក វឿន វាសនា និងលោក វឿង សំណាង ដែរ គឺរងប្រតិកម្មពីក្រុមអ្នកប្រឆាំង។ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស បានហៅការចាប់អ្នកស្រី ឡាញ់ ថាវី ថាជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរដល់ជនភៀសខ្លួននយោបាយ ដែលទទួលស្គាល់ដោយឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួនប្រចាំប្រទេសថៃ។ 
 
វិទ្យុអាស៊ីសេរី ផ្សាយថា អ្នកស្រី ឡាញ់ ថាវរី បានគេចខ្លួនទៅរស់នៅក្នុងប្រទេសថៃអស់៤ឆ្នាំមកហើយ។ ពេលលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (៩វិច្ឆិកា) អ្នកស្រី ក៏ជាមនុស្សម្នាក់ ដែលបង្ហាញការគាំទ្រដែរ៕ 

Tag:
 ឡាញ់ ថាវរី
  ចាប់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com