ជាតិ
បុណ្យអុំទូក
លោក ថោង ខុន​៖ កំណើនទេសចរនាបុណ្យអុំទូក បង្ហាញពីការវិល​ទៅភាព​ប្រក្រតីវិញនៃចរន្តសេដ្ឋកិច្ច
21, Nov 2021 , 6:59 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ:
ភ្ញៀវទេសចរ ​ជាង​៩១​ម៉ឺន​នាក់ ​បានចេញ​ដើរ​កម្សាន្ត ​ក្នុងអំឡុងព្រះរាជពិធីបុណ្យ​អុំទូក ​​រយៈពេល​៣​ថ្ងៃកន្លងទៅនេះ ក្នុងនោះ​មាន​ទេសចរ​អន្តរជាតិផ្ទៃក្នុងមាន​ជាង១​ម៉ឺន​នាក់​។ លោក ថោង ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កត់សម្គាល់ថា ការដើរ​កម្សាន្ត​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ​ ក្នុង​ពិធីបុណ្យ​អុំទូក​នេះ បង្ហាញ​ពី​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចជាតិ​ ​ខណៈ​អាជីវកម្ម​ទេសចរណ៍ មួយចំនួនធំ​បាន​បើក​ដំណើរការ​ឡើងវិញ​។

 
បើតាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​ ក្នុង​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី​១៨-២០ វិច្ឆិកា ភ្ញៀវទេសចរ​សរុប ៩១០ ១៥០​នាក់​ ក្នុងនោះ​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន​១០ ២៨១​នាក់​។ ចំនួននេះ ​​កើនឡើង​ជាង ៥៤​ភាគរយ​ ​ធៀប​នឹង​ពិធី​បុណ្យអុំទូក ​ក្នុង​ឆ្នាំ​២០២០​។
 
បរិវេណមុខ​ព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅតែជាគោលដៅដើរកម្សាន្តសំខាន់ទេសចរណ៍ ដោយមានទេសចរ ​រហូតដល់ ១៩៩ ៨៣៥​នាក់ បើទោះ​មិន​មានការ​ប្រណាំងទូកងក៏ដោយ​។​


 
ខេត្តសៀមរាប ក៏ប្រជែងមកវិញបានចំនួនទេសចរដើរកម្សាន្តច្រើនជាងគេ នៅក្នុងរយៈសម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។ ភ្ញៀវទេសចរ ​១១៨ ១៤៦​នាក់ បានទៅលេងខេត្តប្រាង្គប្រាសាទនេះ ខណៈ​ខេត្ត​ព្រះសីហនុ ក៏បានស្វាគមន៍ទេសចរ ​​ចំនួន  ១១១ ៣២២​នាក់​ដែរ។​ ខេត្តកំពត មាន​ទេសចរទៅកម្សាន្តចំនួន ៨៣ ៤៦៦​នាក់ ​​ខេត្ត​កែប​មាន​ទេសចរ​ទៅ​កម្សាន្ត​ចំនួន​ ៧៥ ៨៦៥​នាក់​ និងចំនួន៥៣ ៨០៧​នាក់ ដើរលេងនៅទីទេសចរណ៍នានាក្នុង​ខេត្តពោធិ៍សាត់។
 
​តាមរយៈ​ការដើរ​កម្សាន្ត​របស់​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ផ្ទៃក្នុង នា​ពិធី​បុណ្យអុំទូក​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ មើលឃើញថា ភ្ញៀវទេសចរ​ជាតិ ចាប់ផ្ដើម​ងាក​ទៅប្រើ​ប្រាស់​សេវា​សហគមន៍​ និង​គាំទ្រ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដូចជា​សេវា​ស្នាក់នៅ និង​ភោជនីយដ្ឋាន​ជាដើម​។​ ការគាំទ្រ​នេះ បានធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ទទួលបាន​ចំណូល​ឡើងវិញ​ ជាពិសេស​អាជីវក​ម្មទេស​ចរណ៍​មួយចំនួន​ក៏​បើក​ដំណើរការ​ឡើងវិញ​ដែរ​។​


 
​លោក ថោង ខុន​ លើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ដូច្នេះ​ថា​៖ «កត្តា​ទាំងអស់នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ដំណើរ​ត្រលប់​ទៅរក​ប្រក្រតីភាព​ថ្មី​ និង​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​មានដំណើរ​ការ​ឡើងវិញ ពិសេស​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ និង​វិស័យ​ឯកជន ដែល​បាន​ផ្អាក​សកម្មភាព​នាពេល​កន្លងមក​»​។​
 
ទោះ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ច្រើន​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ ក្នុងនោះ​ក៏មាន​ខេត្ត​ចំនួន​៥ ដែលមាន​ទេសចរ​ទៅ​កម្សាន្ត​តិចតួច​នៅឡើយ​។ ខេត្តក្រចេះ ​មាន​ទេសចរ​ទៅ​កម្សាន្ត​ចំនួន​ ១ ៣៧៨​នាក់​ប៉ុណ្ណោះ​។ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ មាន​ទេសចរ​ចំនួន ៣ ០៣១​នាក់​។​ ខេត្តស្វាយរៀង ​មាន​ទេសចរ ៣ ៤៦៤​នាក់​។ ចំណែក​ខេត្ត​ត្បូងឃ្មុំ ​មាន​ទេសចរ ចំនួន ៣ ៥០៨​នាក់​ ​និង​ខេត្តព្រៃវែង មាន​ទេសចរ​ចំនួន ៣ ៩៣៥​នាក់​៕

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com