ជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ មិនយកថ្លៃឈ្នួលតូប២ឆ្នាំ ពីអាជីវករ​នៅផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម​
21, Nov 2021 , 7:59 pm        
រូបភាព
ផ្សារគំរូព្រំដែនកម្ពុជា ឬផ្សារដារ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
ផ្សារគំរូព្រំដែនកម្ពុជា ឬផ្សារដារ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកដំណើរការលក់ដូរនៅផ្សារគំរូព្រំដែនកម្ពុជា ឬផ្សារដារ ក្រោយពន្យារពេលជិត២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ អាជីវករ ក៏ទទួលបានការអនុគ្រោះថ្លៃឈ្នួល២ឆ្នាំផងដែរចំពោះការលក់ដូរនៅផ្សារដារនេះ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រំពឹងថាផ្សារដារ នឹងក្លាយជាផ្សារគំរូ ដោះដូរទំនិញរវាងកម្ពុជា និងប្រទេសជិតខាង។



សកម្មភាពលក់ដូរ នៅផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម ឬផ្សារដារ ដែលស្ថិតក្នុង​ឃុំដារ ស្រុកមេមត់ បានចាប់ផ្តើមមានសកម្មភាពឡើងវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយគ្មានសកម្មភាពលក់ដូរ​ជិត២ឆ្នាំ ក្រោយបើក​សម្ពោធឱ្យប្រើប្រាស់ តាំងពីខែធ្នូ ឆ្នាំ២០១៩មក​នោះ។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈការបើកដំណើរការផ្សារនៅពេលនេះ អាជីវករត្រូវបានអនុគ្រោះបង់ថ្លៃទីតាំងផងដែរ ក្នុងន័យជួយពន្លឿនការលក់ដូរក្នុងផ្សារ ក៏ដូចជាសម្រួលដល់អាជីវករ រយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃដំណើរការផ្សារតទៅ។

 លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាមួយអាជីវករក្នុងផ្សារគំរូព្រំដែនកម្ពុជា ក្នុងពិធីបើកដំណើរការផ្សារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ផ្សារដារ ឬផ្សារគំរូព្រំដែនកម្ពុជានេះ នឹងផ្ដល់សក្ដានុពលខ្ពស់ ក្នុងការចូលរួមបង្កើតការងារ មុខរបរ ប្រាក់ចំណូលសម្រាប់ពលរដ្ឋតាមព្រំដែន និងបង្កើនពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងវៀតណាម។ ម្យ៉ាងទៀតផ្សារព្រំដែនកម្ពុជាមួយនេះ ក៏នឹងក្លាយជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្តជាប់ព្រំដែន ទៅនឹងប្រទេសជិតខាង។
 
សូមជម្រាបថា ផ្សារគំរូព្រំដែនកម្ពុជា ឬផ្សារដារ មាន៦៤តូប ត្រូវបានសាងសង់ឡើងដោយចំណាយទឹកប្រាក់ប្រមាណ ២លានដុលា្លរ លើផ្ទៃដី ១៩ ៦២៨ម៉ែត្រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

Tag:
 ផ្សារដារ
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com