កីឡាជាតិ
ជាតិ
ផ្លូវការ! កម្ពុជាបានសិទ្ធិជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជន​អាស៊ីឆ្នាំ២០២៩
21, Nov 2021 , 4:06 pm        
រូបភាព
រូបថត OCA
រូបថត OCA
ដោយ: រួបរួម
កម្ពុជា បាន​ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការហើយ។ នេះបើយោង​តាម​ការផ្សាយ​របស់ CAMSOC ដោយភ្ជាប់ជាមួយរូបភាព​ប្រតិភូកម្ពុជា ចុះហត្ថលេខាទទួល​សិទ្ធិជាផ្លូវការ ក្នុងពិធីមួយ​ដែល​រៀបចំនៅ​ក្រុងឌូបៃ​ ប្រទេសអេមីរ៉ាត អារ៉ាប់រួម នា​ថ្ងៃទី​២១ ខែវិច្ឆិកា។

 
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជា​ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លោក Randhir Singh ដោយទទួលបានការអបអរសាទរ ពីបណ្តាប្រទេស៤៥នៃ​ទ្វីបអាស៊ី។
 
តាមសំដីដែលដកស្រង់ដោយ CAMSOC លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់ថា៖ «កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម»។


 
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (AYG) ដែល​រៀបចំដោយក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ចាប់ផ្តើមពី​ឆ្នាំ២០០៩មក នៅ​ប្រទេសសិង្ហបុរី បន្ទាប់មកពី​នៅក្រុងណានជីង (ចិន) នា​ឆ្នាំ២០១៣។ ព្រឹត្តិការណ៍​ ដែលគ្រោងរៀបចំនៅក្រុង Hambantota (ស្រីលង្កា) បន្ទាប់មកក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) នា​ឆ្នាំ២០១៧​ ត្រូវបានរំសាយ​ចោល។
 
ព្រឹត្តិការណ៍លើកទី៣ នឹងរៀបចំនៅ​ក្រុង Shantou (ចិន) នា​ឆ្នាំ២០២២, លើកទី៤នៅក្រុង Tashkent (អ៊ូសបេគីស្ថាន) នា​ឆ្នាំ២០២៥ និងលើកទី៥នៅ​រាជធានីភ្នំពេញ នា​ឆ្នាំ២០២៩។
 
លោក​បាន​បញ្ជាក់ថា ក្នុងពេលនេះមានបណ្តាប្រទេសនានានឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជា។ បេសកកម្មអន្តរជាតិរបស់កម្ពុជា នៅឌូបៃ​ ដឹកនាំដោយលោក ថោង ខុន រួមជាមួយលោក ឃួង ស្រេង អមដំណើរដោយលោក អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡា លោក វ៉ាត់ ចំរើន ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនទៀត៕
អត្ថបទទាក់ទង

 

Tag:
 កីឡាយុវជនអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com