កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ម្ចាស់ជើង​ឯកក្របខណ្ឌកំពូល និងជ័យលាភីឯកត្តជន​នានា​ប្រចាំ​រដូវកាល​ឆ្នាំ២០២១
21, Nov 2021 , 8:59 pm        
រូបភាព
 ដោយ៖ គឹម មករា

ជ័យជម្នះ​ ១-០ លើ​បឹងកេត បាននាំឲ្យភ្នំពេញក្រោយជាម្ចាស់ជើងឯក​ក្របខណ្ឌកំពូលខេមបូឌាន​លីគលើកទី​៧ និងជា​ការ​រង់ចាំ​អស់រយៈ៥​ឆ្នាំ។ កាលពី​ល្ងាចថ្ងៃសៅរ៍ ទី​២០ ខែ​វិច្ឆិកា គណៈកម្មការ​ប្រកួតបាល់ទាត់ជាតិ​កម្ពុជា (CNCC) បាន​រៀបចំពិធីប្រគល់ពាន​ដល់​ម្ចាស់ជើងឯក រួមទាំង​ប្រកាសជ័យលាភីឯកត្តជន​ផ្សេងទៀត​ផងដែរ នា​កីឡដ្ឋានស្មាត អ.អេស.អិន របស់ភ្នំពេញក្រោនផ្ទាល់។

 
ក្នុង​រដូវកាល​ដែលមាន​ការផ្លាស់ប្តូរ​រូបមន្ត និងពេល​វេលា​ប្រកួតមួយចំនួន​ដោយសារ​កូវីដ-១៩ ភ្នំពេញក្រោន បាន​មាន​ឱកាស​លើកពាន​នៅ​ចំពោះមុខ​ក្រុមអ្នកគាំទ្រ​របស់ខ្លួន​ឡើង​វិញ ដោយសារតែ​រដ្ឋាភិបាល ​បន្ធូរបន្ថយ ​ការ​រឹតត្បិត​ការជួបជុំគ្នា។ 


 
ព្រះខ័នរាជស្វាយ​រៀង ក្លាយជាក្រុម​រងជើងឯកពីររដូវកាលជាប់គ្នា វិសាខា បាន​ចំណាត់ថ្នាក់​លេខ​៣ ណាហ្គាវើលដ៍ បាន​លេខ​៤ រីឯបឹងកេត ទទួលបានពានរង្វាន់ក្រុមគោរព​វិន័យ​បានល្អ (Fair Play)។
 
សម្រាប់ជ័យលាភីឯកត្តជន អ្នកចាំទីភ្នំពេញក្រោន សាវែង សំណាង ទទួលបាន​ស្រោម​ដៃមាស ជាអ្នក​ចាំទី​ល្អជាងគេប្រចាំរដូវកាល។ ជាមួយ​គ្នានេះ គ្រូបង្វឹក​អ៊ុយក្រែន លោក Oleg Staryinski ក្លាយជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំរដូវកាល ដោយ​លោក​បាននាំភ្នំពេញ​ក្រោន​ក្លាយជាម្ចាស់ជើងឯក​សារជាថ្មី​ក្រោយ​ខកខាន​តាំងពីឆ្នាំ២០១៥មក។


 
ខ្សែប្រយុទ្ធប្រេស៊ីល​ Marcio Marques របស់ណាហ្គាវើលដ៍ ទទួលបានស្បែកជើងមាស តាម​រយៈការ​ស៊ុត​បាល់ បញ្ចូលទី​ចំនួន​២២គ្រាប់ ក្នុងការ​លេងសរុប​១៥៤១នាទី។ ទោះបីព្រះខ័នរាជស្វាយ​រៀងខក​ឱកាស​ឈ្នះជើងឯកក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធកាមេរូន Privat Mbarga នៅតែជាប់ជាកីឡាករ​ល្អជាងគេ​ប្រចាំរដូវកាល។


 
រីឯក្រុម​អាជ្ញាកណ្តាល​ល្អ​វិញ មាន​លោកអាជ្ញាកណ្តាល លោក ជួប វិសាលា, ជំនួយការទី១លោក ស៊ុន ច័ន្ទភារិទ្ធ, ជំនួយការអាជ្ញាកណ្ដាលទី២ លោក ភី វិសាលា និងមន្ត្រីទី៤ លោក ជី សាមឌី។


 
ចំណាត់ថ្នាក់​ប្រចាំ​រដូវកាល២០២១៖ 
 
ក្រុម​៨ខាងលើ៖
១.ភ្នំពេញក្រោន (៤៤ពិន្ទុ)
២. ព្រះខ័នរាជស្វាយ​រៀង (៤២ពិន្ទុ)
៣. វិសាខា (៤០ពិន្ទុ)
៤. ណាហ្គាវើលដ៍ (៣៧ពិន្ទុ)
៥. បឹងកេត (៣៥ពិន្ទុ)
៦. អង្គរថាយហ្គឺរ  (២៨ពិន្ទុ)
៧. កងយោធពលខេមរភូមិន្ទ (២៣ពិន្ទុ)
៨. គិរីវង់សុខសែនជ័យ (១៣ពិន្ទុ)


 
ក្រុម​៥ខាងក្រោម៖
៩. នគរបាលជាតិ (១៤ពិន្ទុ)
១០. អាស៊ីអឺរ៉ុបយូណាយធីត (១៤ពិន្ទុ)
១១. អគ្គិសនីកម្ពុជា (១៣ពិន្ទុ)
១២. ខេត្តព្រៃវែង (១១ពិន្ទុ)
១៣. សូលទីឡូអង្គរ (៨ពិន្ទុ) [ត្រូវ​កាត់ចោល]៕



Tag:
 Oleg Staryinski
  Marcio Marques
  Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com