ជាតិ
ជួសជុលព្រះ​បដិមា៣អង្គនៅរួតបាកាណ​ដោយសារសភាព​ទ្រុឌទ្រោមខ្លាំង ​
21, Nov 2021 , 9:59 pm        
រូបភាព
ពិធីបួងសួង ដើម្បីជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត។ រូបភាពអាជ្ញាធរជាតិអប្សរា
ពិធីបួងសួង ដើម្បីជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត។ រូបភាពអាជ្ញាធរជាតិអប្សរា
ព្រះពុទ្ធបដិមាចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលសភាពទ្រុឌទ្រោមខ្លាំង ទទួលបានការជួសជុលឡើងវិញហើយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន។



បរិវេណរួតបាកាណ មានព្រះពុទ្ធបដិមា៤អង្គ ស្ថិតនៅទិសទាំង៤ និងជាទីសក្ការពេញនិយម សម្រាប់ពលរដ្ឋគ្រប់ទិសទី។ បច្ចុប្បន្ន ព្រះពុទ្ធបដិមា៣អង្គ នៅទិសខាងកើត ខាងជើង និងខាងលិច មានសភាពទ្រុឌទ្រោមខ្លាំង ខណៈព្រះពុទ្ធបដិមាទិសខាងត្បូង បានជួសជុលរួចរាល់កាលពីឆ្នាំ២០២០។
 
លោក  យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះពុទ្ធបដិមាចំនួន៣អង្គ បានខូចខាតដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក និងមានទឹកហូរច្រោះ ដោយសារទឹកនោម និងលាមកសត្វប្រចៀវ ធ្វើឱ្យព្រះពុទ្ធបដិមាពុកផុយ។
 
ក្រោយសង្កេតឃើញភាពចាស់នៃព្រះពុទ្ធបដិមាទាំងនោះ ទើបអាជ្ញាធរជាតិអប្សរា និងវិស័យឯកជន សហការគ្នាជួសជុលឡើងវិញ។ 

 ព្រះពុទ្ធបដិមា នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយត្រូវទទួលបានការជួលជុលពីអ្នកជំនាញ។ រូបភាពពី អាជ្ញាធរជាតិអប្សរា

បើតាមលោក  យិត ចាន់ដារដ្ឋ  ក្នុងដំណើរការជួសជុលនេះ មានការគាំទ្រឧបត្ថម្ភថវិកាពីលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដោយត្រូវចំណាយពេលជួសជុលប្រមាណ៥ខែ។ ក្រៅពីជួសជុលព្រះពុទ្ធបដិមាទាំង៣អង្គ អាជ្ញាធរនឹងជួសជុលស៊ុមទ្រ ស៊ុមបង្អួច វត្ថុសិល្បៈផ្សេងៗ ដែលនៅក្នុងបរិវេណរួតបាកាណមួយចំនួនផងដែរ។ 

 ពិធីបួងសួង ដើម្បីជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត។ រូបភាពពី អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរការជួសជុលនេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា នឹងមិនប៉ះពាល់ការចូលទស្សនារបស់ភ្ញៀវទេសចរនោះទេ ដូច្នេះមិនមានការបិទ ឬផ្អាកការឡើងទៅទស្សនា ឬការធ្វើពិធីបួងសួងរបស់ប្រជាពលរដ្ឋនៅរួតបាកាណឡើយ៕

Tag:
 ថ្មីៗ២៥
  អាជ្ញាធរជាតិអប្សរា
 រួតបាកាណ
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com