ជាតិ
កញ្ញា ម៉េង សុវណ្ណលីលីន ពន្យល់ពីផលប៉ះពាល់​នៃការ​ប្រើស៊ីម៉ងត៍ជួសជុល​ប្រាសាទបាយ័ន
22, Nov 2021 , 8:59 am        
រូបភាព
 កញ្ញា​ ម៉េង សុវណ្ណលីលីន ស្ថាបត្យករជួសជុលប្រាសាទ នាពេល​ផ្តល់បទសម្ភាសជាមួយកញ្ញា ជឿន ស្រីណយ នៃ ThmeyThmey25
កញ្ញា​ ម៉េង សុវណ្ណលីលីន ស្ថាបត្យករជួសជុលប្រាសាទ នាពេល​ផ្តល់បទសម្ភាសជាមួយកញ្ញា ជឿន ស្រីណយ នៃ ThmeyThmey25
ដោយ:
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលរួតទី៣ និងបន្តជួសជុលផ្នែកផ្សេងទៀត នៃប្រាសាទបាយ័ន ដែលមានសភាពទ្រុឌទ្រោម។ ស៊ីម៉ងត៍ដែលបារាំង ប្រើប្រាស់ដើម្បីជួសជុលកាលអំឡុងឆ្នាំ១៩៣០ អស់គុណភាពនឹងធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទ​។

  
សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសជាមួយកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាន ThmeyThmey25 និងកញ្ញា​ ម៉េង សុវណ្ណលីលីន ស្ថាបត្យករជួសជុលប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖

 
 
ឆ្លងកាត់បាតុភូតធម្មជាតិជាច្រើនសតវត្ស​ ផ្នែកខ្លះនៃប្រាសាទបាយ័ន នាពេលបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម។ ថ្មប្រាសាទខ្លះ បានជ្រុះធ្លាក់ដល់ដី និងបំណែកខ្លះទៀត ត្រូវបានបាក់បែកបាត់តែម្ដង។ នាអំឡុងឆ្នាំ១៩៣០ បារាំង​បានប្រើប្រាស់ស៊ីម៉ងត៍ ក្នុងការជួសជុល និងបិទភ្ជិតផ្នែកដែលខូចខាត ឬបាត់ថ្ម នៅប្រាសាទបាយ័ន។ បន្ទាប់ពីការជួសជុលពេលនោះ ​ គឺមានរយៈពេល​ប្រមាណ៩០ឆ្នាំហើយ ​ហើយស៊ីម៉ងត៍ទាំងនោះ ក៏ពុកផុយអស់គុណភាពដែរ​។


 
ស្ថាបត្យករវ័យក្មេង កញ្ញា ម៉េង សុវណ្ណលីលីន បានពន្យល់ពីមូលហេតុនៃការជួសជុលឡើងវិញនៃរួតទី៣នេះ ថារួតនេះ ជាទីតាំងដែលប្រឈមនឹងអាកាសធាតុភ្លៀង ខ្យល់ខ្លាំងជាងគេ ទើបធ្វើឱ្យស៊ីម៉ងត៍ នៅទីនោះអស់គុណភាព។  ឈរនៅរួតទី៣ នៃប្រាសាទបាយ័ន ដែលអាជ្ញាធរជាតិអប្សរា ទើបជួសជុលរួចកាលពីខែកក្កដាកន្លងទៅ កញ្ញាលីលីន ពន្យល់​ដូច្នេះ៖«តាមការសន្និដ្ឋានរបស់ក្រុមការងារ កម្រាលនេះ(កម្រាលថ្មនៅរួតទី៣) ខូចហើយ តែគាត់(បារាំង)មិនបានរើកម្រាលនេះចោលទេ គឺគាត់ចាក់ស៊ីម៉ងត៍កន្លែងមានចន្លោះ​។ជិត១០០ឆ្នាំហើយ ​ស៊ីម៉ងត៍អស់គុណភាព អ៊ីចឹងវាធ្វើឱ្យទឹកហូរចូលគ្រឹះប្រាសាទ ហើយធ្វើឱ្យជញ្ជាំងប្រាសាទបែកចេញពីគ្នា»។


 
បើតាមស្ថាបត្យករវ័យក្មេងរូបនេះ ការជួសជុលប្រាសាទបាយ័ននេះ ក្រុមការងាររើតែស៊ីម៉ងត៍ ដែលអស់គុណភាពតែប៉ុណ្ណោះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ប្រាសាទ ចំណែកស៊ីម៉ងត៍ដែលនៅមានគុណភាព គឺរក្សាទុកដដែល។
 
កញ្ញា ម៉េង សុវណ្ណលីលីន ក៏បានពន្យល់ពីផលប៉ះពាល់របស់ស៊ីម៉ងត៍ នៅពេលវាអស់គុណភាពទៀតថា៖«បើសិនស៊ីម៉ងត៍នៅមានគុណភាព អ៊ីចឹងវាធ្វើឱ្យទឹកចូលគ្រឹះប្រាសាទតិច។ តែបើស៊ីម៉ងត៍អស់គុណភាព វាធ្វើឱ្យមានប្រហោង អ៊ីចឹងទឹកហូរចូលច្រើន។​ ទឹកហូរចូលច្រើន មិនមែនតាមធម្មជាតិរបស់វា។ តែយើងមិនហ៊ានសន្និដ្ឋានទេថា ការយកស៊ីម៉ងត៍មកជួសជុលប្រាសាទនេះខុស ព្រោះនៅអង្គរវត្ត ក៏មានស៊ីម៉ងត៍ដែរ។ ស៊ីម៉ងត៍នោះឥឡូវ នៅតែល្អ អ៊ីចឹងវាស៊ីសងលើស្ថានភាពថ្មប្រាសាទដែរ។ បើថ្មនោះគុណភាពមិនសូវល្អខ្លួនឯង ហើយប៉ះជាមួយស៊ីម៉ងត៍វាឆាប់ប៉ះពាល់»។


 
ការជួសជុលប្រាសាទបាយ័ននេះ ក្រុមការងារបានរើស៊ីម៉ងត៍អស់គុណភាពទាំងនោះចេញនិងត្រូវរើថ្មចាស់ៗដែលឃ្លាតគ្នាដាក់ឱ្យជាប់គ្នាវិញ។ បើតាមស្ថាបត្យករ កញ្ញាលីលីន ប្រាសាទទាំងអស់ នៅតំបន់អង្គរ ការដាក់យកថ្មថ្មីមកជួសជុលប្រាសាទ មានតិចតួចបំផុត ព្រោះដើម្បីរក្សាតម្លៃនៃប្រាសាទ។
 
ក្រៅពីរួតទី៣នេះ អាជ្ញាធរជាតិអប្សរា នឹងជួសជុលខឿនជុំវិញប្រាសាទបាយ័ន ដើម្បីទប់ខ្សាច់គ្រឹះ និងជួសជុលខឿនដែលមានហានិភ័យ ព្រមទាំងរួតទី២បន្តទៀត៕

Tag:
 ប្រាសាទបាយ័ន
  ម៉េង
© រក្សាសិទ្ធិដោយ thmeythmey.com