កីឡាជាតិ
ជាតិ
លោក Oriol៖ ជាគ្រូក្លិបអង្គរថាយហ្គឺរ ខ្ញុំជួបប្រទះរឿងរ៉ាវអស្ចារ្យជាច្រើនទាំងបាល់ទាត់ និង​រឿងរ៉ាវផ្ទាល់ខ្លួន​
21, Nov 2021 , 10:59 pm        
រូបភាព
ដោយ៖ គឹម មករា
 
អតីតគ្រូបង្វឹក សញ្ជាតិអេស្ប៉ាញរបស់​ក្លិបអង្គរថាយហ្គឺរ លោក Oriol Segura បានបន្សល់ទុកនៅសមិទ្ធ ផលជាច្រើនសម្រាប់​ក្លិបដែលមានមូលដ្ឋាននៅខេត្ត​សៀមរាប បើទោះបីជាមិនបានឈ្នះពានក៏ដោយ។ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកបាន​ដឹកនាំ​រហូតដល់​១០០​ប្រកួត​ ក្នុងនោះ​ឈ្នះ ៤៨ដង ចាញ់ ២៧ដង និងស្មើ ២៥ដង ។ ការដឹកនាំក្រុមចុងក្រោយចាញ់ ព្រះខ័នរាជស្វាយរៀង ៥-២ ក្នុងទឹកដីសៀមរាប ។



បើគិតតាមតារាងពិន្ទុផ្លូវការ ក្លិបអង្គរថាយហ្គឺរ ចាត់ថាជាក្លិបដែលខ្លាំងមួយ តាមរយៈការដឹកនាំរបស់ លោក Oriol Segura បើទោះជា៥ឆ្នាំនេះ មិនទាន់បានពានឬជោគជ័យណាធំដុំក៏ដោយ  ព្រោះរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ ក្រុមនេះស្ថិតនៅ ចន្លោះលេខ៦-៧នៅក្នុងតារាង ក្រុមលីគកំពូលកម្ពុជា ។ កាលពីឆ្នាំ ២០១៨ ក្លិបនេះ​ ក៏ទទួលបាន​លេខ​៣ ពានសម្ដេច ហ៊ុន សែន ផងដែរ ។


 
ក្រៅពីដឹកនាំការប្រកួត លោកបានបណ្ដុះយុវជនជំនាន់ក្រោយ សម្រាប់ក្លិប បច្ចុប្បន្ន ក្រុមយុវជន ខ្លះត្រូវបានជ្រើសរើស ឲ្យលេងក្នុងឈុតធំប្រចាំក្លិប ។ គ្រូសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្សល់ទុកនៅឃ្លា ចុងក្រោយ ដែលមានន័យក្នុងការជំរុញ​ទឹកចិត្តដល់កីឡាករ និងក្រុមយុវជនរបស់ក្លិប ។ «នៅពេលដែល​ ចក្ខុវិស័យ និងមហិច្ឆិតាដើរទន្ទឹមគ្នា គ្រប់គម្រោងទាំងអស់ គឺនឹងជោគជ័យ» លោក​បាន​លើកឡើងយ៉ាងដូច្នេះ។
 
ជាមួយនឹងពាក្យ  «Vamos Tiger» ដែលមានអត្ថន័យជាភាសាខ្មែរថា «ទៅមុខថាយហ្គឺរ» លោក Oriol ចាត់ទុក​ការរួមរស់៥ឆ្នាំជាមួយក្លិបដែលមានម្ចាស់ជាជនជាតិ​ជប៉ុន ជាបទពិសោធន៍ដ៏អស្ចារ្យ។ លោកបាន​លើកឡើងថា៖ «ចាប់តាំងពី​ឆ្នាំ​២០១៧ មក ខ្ញុំបានជួបប្រទះរឿងរ៉ាវអស្ចារ្យជាច្រើន​ទាំងក្នុងជីវិតបាល់ទាត់ និងនៅ​ក្នុងការ​រីកចម្រើន​ផ្ទាល់ខ្លួន។ ខ្ញុំពិតជាសប្បាយ​រីករាយ​ដែលនៅក្នុងពេល​វេលាទាំងអស់នេះ ខ្ញុំបានជួបបុគ្គលល្អជាច្រើននៅក្នុងក្លិប»។


 
យោងតាមគេហទំព័រផ្លូវការ​របស់លោក (omsfootball.com) លោកបាន​ចាប់ផ្តើម​ធ្វើ​ជាជំនួយការគ្រូបង្វឹកនៅ​ក្លិប​យុវជនអេស្ប៉ាញ Gimnastic de Tarragona ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤។ ពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៥ លោកជាប្រធាន​ផ្នែក​វិភាគ និងជាគ្រូបង្វឹក U18 នៃក្លិប Servette FC នៅប្រទេស​ស្វីស។
 
បន្ទាប់មក លោកបាន​ក្លាយជាគ្រូបង្វឹក​ក្លិបភ្នំពេញក្រោន ដែលជាអាជីពដំបូង​របស់​លោក​ក្នុងការដឹកនាំឈុតធំពីខែ​មករា ដល់ខែមេសា ឆ្នាំ២០១៦។ «វាមិនមែនជាពេល​វេលា​ងាយ​ស្រួលនោះឡើយនៅ​ក្លិបនេះ ប៉ុន្តែ​ខ្ញុំ​មានអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ​លើ​ការ​អនុវត្តរបៀបលេងបែបអេស្ប៉ាញ​ និងការរបៀបក្រុម​ដ៏ក្មេង​ខ្ចី​នៅ​ក្នុង​ក្របខណ្ឌខេមបូឌានលីគ»។


 
ក្រោយចាកចេញពីកម្ពុជា លោកបាន​ទៅធ្វើ​ជាគ្រូជំនួយនៅ​ក្លិប​ហ្វាំងឡង់ SJK Seinajoki ពីខែមេសា ឆ្នាំ២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយក្លិប​ឈ្នះជើងឯកពាន Suomen Cup និងឈាន​វគ្គជម្រុះ UEFA Europa League 2017។
 
ចាប់ពីខែ​មេសា ឆ្នាំ​២០១៧ លោក Oirol បាន​ដឹកនាំក្លិបអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ នៅរដូវកាល២០១៨ ថាយហ្គឺរស្ថិតក្នុងចំណោម​ក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេ​ និងទទួលបាន​លេខ​៣ពាន​រង្វាន់សម្តេច ហ៊ុន សែន។ នៅឆ្នាំ​២០១៩ អង្គរថាយហ្គឺរបាន​លេខ​៥ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលជាចំណាត់ថ្នាក់​ខ្ពស់បំផុតរបស់ក្លិប​៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com