ជាតិ
ដ្បិតពិបាក តែនិស្សិតស្រីមួយចំនួន នៅតែតាំងចិត្តរៀនជំនាញវិស្វកម្មអេឡិចត្រូនិក
22, Nov 2021 , 10:33 am        
រូបភាព
កញ្ញា ដាំ ស្រីនាង(ឆ្វេង) កំពុងកាន់ឆ្នាំងមួយដែលកែច្នៃធ្វើជាSpeaker តាមជំនាញរបស់ខ្លួនដែលកំពុងសិក្សា និងកញ្ញា តាន់ អាយងៀ កំពុងបំពេញការងារនៅការិយាល័យមួយកន្លែង
កញ្ញា ដាំ ស្រីនាង(ឆ្វេង) កំពុងកាន់ឆ្នាំងមួយដែលកែច្នៃធ្វើជាSpeaker តាមជំនាញរបស់ខ្លួនដែលកំពុងសិក្សា និងកញ្ញា តាន់ អាយងៀ កំពុងបំពេញការងារនៅការិយាល័យមួយកន្លែង
ដោយ៖ លិវ លីម៉ឺង

ភ្នំពេញ៖ ចំនួននិស្សិតស្រីដែលចូលរៀនជំនាញវិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ (TVET) នៅកម្ពុជា ហាក់នៅមានកម្រិតទាប បើធៀបនឹងជំនាញផ្សេងៗ។ អ្នកដែលសម្រេចរៀនជំនាញនេះ ក្រៅតែពីមានសេចក្តីស្រលាញ់ និងចំណូលចិត្តខ្ពស់ហើយនោះ ក៏ទាមទារឱ្យមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាគណិតវិទ្យាដែរ។ នេះជាការលើកឡើងរបស់និស្សិតស្រី២នាក់ ដែលកំពុងរៀនជំនាញវិស្វកម្មអេឡិចត្រូនិក ដោយបានបញ្ជាក់ថា ការរៀនជំនាញនេះ គឺទាមទារការអនុវត្តច្រើនជាងច្រើន និងលំបាកជាងជំនាញផ្សេងៗ។

 
កញ្ញា ដាំ ស្រីនាង គឺជាសិស្សម្នាក់ដែលកំពុងរៀនជំនាញវិស្វកម្មអេឡិចត្រូនិក នៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ បើតាមនិស្សិតឆ្នាំទី៤រូបនេះ ការសិក្សាលើជំនាញវិស្វកម្មអេឡិចត្រូនិក គឺផ្តោតលើការឌីហ្សាញសៀគ្វី (Design Circuit) ដែលមានសមាសភាគតូចៗ ឬមានលក្ខណៈស្មុគស្មាញច្រើន ​ដើម្បីគ្រប់គ្រងរំហូរអេឡិចត្រុង (អគ្គិសនី)។ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
ដំណើរការនៃការសិក្សាលើជំនាញវិស្វកម្មអេឡិចត្រូនិកនេះ មានពាក់ព័ន្ធច្រើននឹងមូលដ្ឋានគ្រឹះនៃមុខវិទ្យាគណិតវិទ្យា និងធរណីមាត្រ។ កញ្ញា ដាំ ស្រីនាង បានបញ្ជាក់ថា៖«យើង ត្រូវមានមូលដ្ឋានឱ្យខ្លាំងនៃគណិតវិទ្យា ដែលទាក់ទងនឹងត្រីកោណមាត្រ និងម៉ាទ្រីសជាដើម...ព្រោះយើងរៀនជំនាញនេះគឺលើសពីកម្រិតធម្មតាដែលយើងរៀននៅវិទ្យាល័យ។ ហើយអ្វីផ្សេងៗដែល [និស្សិតស្រី] ប្រឈមទៀតនោះ គឺយើងត្រូវអនុវត្តផ្ទាល់ ដោយត្រូវផ្សារគ្រឿងអេឡិចត្រូនិកនានាដែលមានផ្សែងឬគ្រោះថ្នាក់ក្នុងពេលអនុវត្ត ធ្វើឱ្យស្ត្រីមិនចូលចិត្តរៀនជំនាញនេះ»។ 
 
ថ្វីដ្បិតជំនាញនេះលំបាកនិងប្រឈមច្រើន ហើយថែមទាំងមិនសូវមាននិស្សិតស្រីរៀនក៏ពិតមែន ប៉ុន្តែព្រោះតែក្តីស្រលាញ់ ស្រីនាង​ បានដាក់ចិត្តដាក់កាយខិតខំរៀនជំនាញនេះ ឱ្យចប់ជាមួយនឹងលទ្ធផលល្អប្រសើរ។ និស្សិតមកពីខេត្តកំពង់ឆ្នាំងរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំសម្រេចរៀនជំនាញនេះ គឺវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយពេលមករៀនជាក់ស្តែងទៅ យើងក៏ទទួលបានការយកចិត្តទុកដាក់ និងឱ្យតម្លៃយើងពីបុរសៗ ដែលជាមិត្តរួមថ្នាក់ហ្នឹងមែនទែន»។ ​​
 
ជំនាញវិស្វកម្មអេឡិចត្រូនិក ដែលផ្តោតសំខាន់លើការសរសេរកូដ ប្រព័ន្ធ Network និងទាមទារការអនុវត្តច្រើននេះ ក៏បានទាញចិត្ត កញ្ញា តាន់ អាយងៀ ឱ្យសម្រេចចិត្តរៀនដែរ។ បច្ចុប្បន្ន កញ្ញា អាយងៀ ជានិស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងប្រមូលបទពិសោធការងារនៃជំនាញរបស់ខ្លួន នៅក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ។ 
 
កញ្ញា អាយងៀ បានលើកឡើងដូច្នេះថា៖«ខ្ញុំ អត់បានគិតថា ការរៀនជំនាញនេះ គេផ្តោតទៅលើភេទស្រីឬប្រុសនោះទេ។ សំខាន់ គឺខ្ញុំ ចូលចិត្តខាងកុំព្យូទ័រ​និងចូលចិត្តអនុវត្តច្រើន​ ហើយអ្នកគ្រូនៅវិទ្យាល័យរបស់ខ្ញុំក៏លើកចិត្តខ្ញុំ ក៏ខ្ញុំសម្រេចរៀនជំនាញនេះ តែម្តងទៅ»។ 
 
ក្រោយបញ្ចប់ការសិក្សា និស្សិតរូបនេះ មានបំណងយកជំនាញរបស់ខ្លួនទៅបម្រើការងារនៅក្នុងវិស័យធនាគារផ្នែកប្រព័ន្ធឌីជីថលអេឡិចត្រូនិក និងគ្រោងចែករំលែកចំណេះដឹងរួមជាមួយបទពិសោធនានា ដល់អ្នកដទៃតាមរយៈការចាប់អាជីព ធ្វើជាគ្រូផ្នែកវិស្វកម្មអេឡិចត្រូនិកនេះ។ 
 
លោក ហេង សុខា ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អះអាងថា មកទល់បច្ចុប្បន្ន ដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក មាននិស្សិត៤ជំនាន់រួចមកហើយដែលបានបញ្ចប់ការសិក្សាលើជំនាញនេះ។ លោក បន្ថែមថា ក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សានេះ គឺមាននិស្សិតស្រីប្រមាណ១០នាក់ប៉ុណ្ណោះ។ 
 
ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិករូបនេះ បញ្ជាក់ថា៖«នៅក្នុងចំណោមនិស្សិតស្រីជាង១០នាក់ហ្នឹង មានអ្នកខ្លះធ្វើការនៅក្រុមហ៊ុនផ្តល់សេវាទូរសព្ទ អ្នកខ្លះធ្វើការងារនៅក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេត អ្នកខ្លះធ្វើការវិស្វករនៅតាមរោងចក្រមួយចំនួន និង អ្នកបន្តការសិក្សានៅក្រៅបរទេស»។ 
 
ដោយឡែក ដេប៉ាតឺម៉ង់វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ ក៏នៅមាននិស្សិតស្រីចំនួន១៤នាក់ទៀត កំពុងសិក្សាជំនាញវិស្វកម្មអេឡិចត្រូនិកនេះ  ពីឆ្នាំទី១ដល់ទី៤ ផងដែរ។ នេះបើតាមលោក ហេង សុខា ដដែល៕   

Tag:
 និស្សិត
  វិស្វកម្មអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com