កីឡាជាតិ
ជាតិ
តើលទ្ធផលវគ្គ៤ក្រុមចុងក្រោយនៃពានសម្ដេច ហ៊ុន សែន អាចដូចឆ្នាំ២០១៩ ដែរទេ?
22, Nov 2021 , 11:33 am        
រូបភាព
រូបពីគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា CNCC
រូបពីគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា CNCC
ដោយ៖ គឹម មករា 

ក្រុមចំនួន៤ នឹងត្រូវជួបគ្នានាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេច ហ៊ុន សែន  នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រុមទាំង៤នេះ ធ្លាប់ជួបគ្នាក្នុងឆ្នាំ២០១៩មកហើយ ដោយវិសាខា និងភ្នំពេញក្រោន សុទ្ធតែរងបរាជ័យ។



ម្ចាស់ជើងឯកឆ្នាំ២០១៩ បឹងកេត ត្រូវប៉ះជាមួយវិសាខា ម្ចាស់ជើងឯក ២០២០ នៅកីឡដ្ឋានខាមប៊ូឌាអ៊ែរវ៉េ វេលាម៉ោង៣ៈ០០រសៀលនេះ។ ដោយឡែក ព្រះខ័នរាជស្វាយរៀង  ម្ចាស់ជើងឯក ៤សម័យកាល ប៉ះជាមួយម្ចាស់ជើងឯក ២សម័យកាល ភ្នំពេញក្រោន នាកីឡដ្ឋានខេត្តស្វាយរៀង នាវេលាម៉ោង ៦ៈ០០ល្ងាច ។
 
ព្រឹត្តិការណ៍នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដូចគ្នា ទៅនឹង២ឆ្នាំមុន ដែលវិសាខា បានរងបរាជ័យយ៉ាងធ្ងន់ធ្ងន់ក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងបឹងកេត ដោយលទ្ធផល ០-៤ នៅក្នុងកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ២០១៩។ គ្រាប់បាល់ទាំង៤ របស់បឹងកេត គឺសម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ធ្វើបាន Hat-trick ចំនួន៣គ្រាប់ និង ម៉ុន វ៉ាន់ដា រកបាន១គ្រាប់។
 
ចំណែកភ្នំពេញក្រោន វិញ ក៏ចាញ់ ព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់១១ម៉ែត្រ ៥-៤ នាទឹកដីស្វាយរៀង កាលពីថ្ងៃ ១៩ កញ្ញា ឆ្នាំ២០១៩ ក្រោយពីប្រកួតពេញម៉ោង គ្មានការស៊ុតបញ្ចូលទី0-0។
 
ភ្នំពេញក្រោន ទើបតែលើកពានរង្វាន់មិត្តហ្វូនខេមបូឌា ២០២១ កាលពីថ្ងៃទី១៩ វិច្ឆិកានេះ ក្រោយឈ្នះបឹងកេត ដោយលទ្ធផល១-០ ខណៈព្រះខ័នរាជស្វាយរៀង រងជើងឯក ក្រោយមាន៤២ពិន្ទុ ចាញ់ម្ចាស់ជើងឯក ២ពិន្ទុប៉ុណ្ណោះ។
 
ដូច្នេះភ្នំពេញក្រោន ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈវិសាខា កំពុងជួបបញ្ហាវិបត្តិកីឡាករ អាចយកឈ្នះគូប្រកួតខ្លួនវិញដែរទេ នាជំនួបម្ដងទៀតនេះ។
 
បច្ចុប្បន្នកីឡាករក្លិបវិសាខា រងរបួសធ្ងន់ជាច្រើននាក់ ក្នុងការប្រកួតកន្លងមក  រួមមាន ស៊ីន កក្កដា ,រស់ សំអឿន , រ៉ឹង ប៊ុនហៀង និងកីឡាករបរទេសមួយរូប Critian Alex ដែលសុទ្ធតែត្រូវការពេលវេលា សម្រាកព្យាបាលរបួសយូរ។ ក្រៅពីនេះ ក៏មានកីឡាកររបួសស្រាល ដែលត្រូវការឱ្យពួកគេ សម្រាកឱ្យបានគ្រប់គ្រាន់ជាច្រើននាក់ទៀតដែរ។ នេះបើតាមលោក ហុក សុចិត្រា។
 
ពានរង្វាន់សម្ដេច ហ៊ុន សែន កំណត់​ឱ្យក្លិបនីមួយៗ ដាក់តែកីឡាករខ្មែរ ចូលលេងប៉ុណ្ណោះ ដោយមិនឱ្យមានកីឡាករបរទេសឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com