កីឡាជាតិ
ជាតិ
Mas Fight Cambodia៖ ឡុង សំណាង គ្រងជើងឯកប្រាក់លាន ក្រោយផ្ដួល ថៃ រ៉េត នៅទឹកទី១
22, Nov 2021 , 2:34 pm        
រូបភាព
ដោយ៖ គឹម មករា

កីឡាករប្រដាល់ ឡុង សំណាង បានគ្រងជើងឯកប្រាក់លាន ក្រោយផ្ដួល ថៃ រ៉េត នៅទឹកទី១ នាការប្រកួតMas Fight Cambodia កាលពីថ្ងៃទី២១ វិច្ឆិកា។



មុនឈានចូលវគ្គផ្ដាច់ព្រ័ត្រនេះ ឡុង សំណាង បានឈ្នះលើ រិទ្ធ ប៊ុនម៉ៅ ដោយពិន្ទុ ខណៈ ថៃ រ៉េត បានឈ្នះមេទ័ពរង សូត្រ ខេវិន ដោយពិន្ទុដែរ នាថ្ងៃអាទិត្យ។ ការប្រកួតដណ្ដើមប្រាក់លាន Mas Fight Cambodiaនេះ មានតែ៣ទឹកប៉ុណ្ណោះ ហើយអ្នកឈ្នះត្រូវប៉ះគ្នា ក្នុងថ្ងៃដដែល។
 
ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ឡុង សំណាង បានប្រើជើងទាត់ធ្ងន់ៗទៅកាន់ ថៃ រ៉េត រហូតដល់រងរបួស ដែលធ្វើឱ្យអាជ្ញាកណ្ដាល រាប់រហូតដល់ទៅ២ដង ក្នុងទឹកទី១ មុននឹងសម្រេចបញ្ឈប់ការប្រកួត ក្រោយ ថៃ រ៉េត មិនអាចបន្តការប្រកួតបាន។
 
ម្ចាស់ជើងឯកប្រាក់លានរូបនេះ បានផ្ដល់បទសម្ភាសន៍ ទៅកាន់ទូរទស្សន៍ថោនថា៖  «ចំពោះការប្រកួតនៅជុំទី១ គឺពិបាកជាងជុំទី២ ដោយសារតែជុំទី២ ខ្ញុំបានឃើញនៅចំណុចខ្សោយរបស់គាត់ ។ គាត់ចង់ខូចជើង ដូច្នេះពេលចាប់ផ្ដើមប្រកួត ខ្ញុំទាត់ជើងយកតែម្ដង»។
 
ការប៉ះគ្នារវាង ថៃ រ៉េត និង ឡុង សំណាង នៅលើសង្វៀន មិនមែនជាលើកទីមួយនោះទេ ។ កាលពីថ្ងៃទី ២៨ មីនា ឆ្នាំ២០២១  ឡុង សំណាង ក៏បានទាត់ផ្ដួល ថៃ រ៉េត ឱ្យបោះបង់ការប្រកួតក្នុងទឹកទី​២ដែរ ។
 
ក្នុងចំណោមកីឡាករ៣រូបផ្សេងទៀត ដែលប្រកួតដណ្ដើមប្រាក់លាននេះ ឡុង សំណាង ធ្លាប់ជួប ២នាក់ ជាច្រើនដងរួចហើយគឺ មេទ័ពរង សូត្រ ខេវិន និង​ ថៃ រ៉េត ។ សម្រាប់លោកមេទ័ពរង ធ្លាប់ឈ្នះ ហើយក៏ធ្លាប់ចាញ់ ក្រោមថ្វីដៃ ឡុង សំណាង ផងដែរ៕

Tag:
 ឡុង សំណាង
 ថៃ រ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com