ជាតិ
សហគមន៍តាំងបំពុងរកចំណូលបាន១០លានរៀល នៃបុណ្យអុំទូក
22, Nov 2021 , 3:11 pm        
រូបភាព
រូបភាពពី លោក រស់ សុខ ប្រធានមន្ទីរស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
រូបភាពពី លោក រស់ សុខ ប្រធានមន្ទីរស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
ដោយ:
រយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក ខ្នងផ្សានៃសហគមន៍តាំងបំពុង ទទួលភ្ញៀវទេសចរចំនួន ៣​៨០នាក់ប៉ុណ្ណោះ។ បើតាមលោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង​​ ទិន្នន័យភ្ញៀវទេសចរនេះ បានផ្ដល់ចំណូលដល់សហគមន៍ប្រមាណ ១០លានរៀលផងដែរ។

   
លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុង បានប្រាប់សារព័ត៌មានThmeyThmey25 ថា ភ្ញៀវទេសចរប្រមាណ ៣ទៅ៥ក្រុម បានលុបចោលការកក់ជាមួយសហគមន៍ សម្រាប់ការនាំពួកគេឡើងភ្នំវិញ ព្រោះបារម្ភខ្លាចមានមនុស្សច្រើនពេក ទើបធ្វើឱ្យអ្នកឡើងភ្នំខ្នងផ្សានាពិធីបុណ្យអុំទូកនេះ មានត្រឹម៣៨០នាក់ប៉ុណ្ណោះ។
 
«ភ្ញៀវទេសចរមួយរយៈចុងក្រោយនេះធ្លាក់ចុះ តែយ៉ាងណា យើងទទួលបានចំណូលប្រមាណ ១០លានរៀលដែរ តាមរយៈភ្ញៀវជួលគោយន្ត ជួលមគ្គទ្ទេសក៍ទេសចរ និងប្រជាជនគាត់លក់ដូរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសហគមន៍តាំងបំពុង។
 
យ៉ាងណាមិញ ភ្ញៀវទេសចរដើរកម្សាន្តនាឱកាសឈប់សម្រាកពិធីបុណ្យអុំទូក នៅខ្នងផ្សានេះមិនបានបង្ករបញ្ហាបរិស្ថាននោះទេ។​ លោក ហ៊ុន សៅ លើកឡើងថា ភ្ញៀវទេសចរមានការយល់ដឹងពីការគ្រប់គ្រងសំរាមរបស់ពួកគេ ។
 
សូមជម្រាបដែរថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរដើរលេងទូទាំងប្រទេស សរុប ៩១០ ១៥០នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងចំនួន១០ ២៨១នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ សៀមរាប និងតំបន់សមុទ្រ ៕

Tag:
 ThmeyThmey25​
  ហ៊ុន សៅ
  ខ្នងផ្សា
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com