ជាតិ
ទេសចរជាង១លាននាក់ ចេញដើរកម្សាន្ត ត្រឹមមួយសប្ដាហ៍
22, Nov 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្ញៀវទេសចរជាង ១.១លាននាក់ បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥-២១ វិច្ឆិកា ខណៈអំឡុងបុណ្យអុំទូក៣ថ្ងៃ មានទេសចរជាង៩០ម៉ឺននាក់។ និន្នាការដើរកម្សាន្តរបស់ទេសចរផ្ទៃក្នុង  ដ៏ច្រើនលើសពីការរំពឹងទុកនេះ ត្រូវបាន ក្រសួងទេសចរណ៍ចាត់ទុកថា ជាឱកាសឱ្យប្រតិបត្តិកររៀនសូត្រ និងពង្រឹងសេវាកម្ម ផលិតផល និងការបដិសណ្ឋារកិច្ចទេសចរ ក្នុងបរិបទថ្មី។

 
 
ក្រសួងទេសចរណ៍បង្ហាញស្ថិតិភ្ញៀវទេសចរ រយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី ១៥-២១ វិច្ឆិកា មានភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានាចំនួន ១ ១៤៧ ៣៥៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន ១៤ ៤៥៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗ មានរាជធានីភ្នំពេញ សៀមរាប និងតំបន់សមុទ្រ។
 
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការដើរកម្សាន្តរបស់ភ្ញៀវជាតិ-អន្តរជាតិ រយៈពេល១សប្តាហ៍កន្លងទៅនេះ កើនឡើងលើសពីការរំពឹងទុករបស់ក្រសួងទេសចរណ៍។ កំណើននេះបានធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនធំ បានបើកឡើងវិញ ខណៈមួយចំនួនទៀតកំពុងពិចារណា។

 លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍
 

លោក តុប សុភ័ក បញ្ជាក់យ៉ាងដូច្នេះ៖«សម្រាប់មូលដ្ឋានអាជីវកម្មដែលបិទកន្លងមកមិនទាន់បើកឡើងវិញអស់ទេ តែខ្លះបានបើកឡើងវិញ។ អាជីវកម្មមួយចំនួនទៀត គាត់នៅរង់ចាំមើលស្ថានភាព និងរៀបចំកន្លែងគាត់ឱ្យភ្ញៀវទេសចរទុកចិត្ត។ គាត់ត្រូវអនុវត្តតាមគោលការណ៍អនាម័យ របស់ក្រសួងទេសចរណ៍ហើយ បានគាត់អាចបើកអាជីវកម្មរបស់គាត់បាន »។
 
ជាមួយគ្នានេះ សម្រាប់ម្ចាស់អាជីវកម្មទេសចរណ៍ ការទទួលភ្ញៀវជាតិដើរកម្សាន្ត ក្នុងពិធីបុណ្យអុំទូក ឬមួយសប្តាហ៍ពេញនេះ ជាការរៀនសូត្រ និងពង្រឹងសេវាកម្ម ផលិតផល និងការបដិសណ្ឋារកិច្ច សម្រាប់ទទួលទេសចរអន្តរជាតិផងដែរ។
 
យ៉ាងណាមិញក្រសួងទេសចរណ៍ អះអាងថា ទោះមានទេសចរដើរកម្សាន្តច្រើន នាសប្តាហ៍កន្លងទៅ តែមិនមានបញ្ហាប្រឈមណាមួយកើតឡើងនោះទេ។ បន្ថែមពីនេះ មូលដ្ឋានអាជីវកម្មមួយចំនួនធំក៏បានអនុវត្តវិធានការ  SOP។ ចំណែកតម្លៃសេវាកម្ម ក៏មិនមានការកើនឡើងច្រើននោះដែរ៕

Tag:
 ThmeyThmey25
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com