ជាតិ
កម្ពុជានឹងចុះត្រជាក់ ២ខែ
23, Nov 2021 , 7:59 am        
រូបភាព
 រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ​ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានបាតុភូតឡានីណា (La Nina) ចុះត្រជាក់ប្រមាណ៩០ភាគរយ និងបន្តថយចុះបន្តិចម្ដងៗ នៅត្រឹម៦០ភាគ ត្រឹមនៅខែកុម្ភៈ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យធាតុអាកាសចុះត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្រប់ដណ្ដប់មកលើកម្ពុជា។

 
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ធាតុអាកាសនៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ ដោយសារបាតុភូតឡានីណា និងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនដែលនឹងគ្រប់ដណ្ដប់មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ​ អាចនឹងធ្វើឱ្យធាតុអាកាសនឹងចុះត្រជាក់ចំនួន២លើកគឺ៖ លើកទីមួយ​ នៅសប្តាហ៍ទី១ ខែធ្នូ​ ដល់សប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាសអាច នឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះរួមមាន បណ្ដាលខេត្តនៅខាងលើ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ពី១៧អង្សាសេ ទៅ១៩អង្សាសេ។


រូបភាពដោយ THMEY THMEY

ចំពោះរាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា​ក្នុងរង្វង់ពី១៩អង្សាសេ ទៅ២១អង្សាសេ។
 ជាមួយគ្នានេះធាតុអាកាស នឹងចាប់ចុះត្រជាក់លើកទី២ ចាប់ពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ មានថ្ងៃខ្លះធាតុអាកាសអាចនឹងចុះត្រជាក់មកនៅក្នុងរង្វង់ពី១៥អង្សាសេ ទៅ១៧អង្សាសេ។
 
ចំពោះរាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៨អង្សាសេ ទៅ២០អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានកំពុងបន្តតាមដាន និងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយក្រសួងនឹងជម្រាប់ជូនដំណឹងសារជាថ្មី
ប្រសិនបើមានការប្រែប្រួលជាបន្ត៕

Tag:
 អាកាសធាតុ
  ចុះត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com