ជាតិ
ពីនេះ ពីនោះ
«បន្តឹង» ធ្វើ​ឲ្យតឹង, «បណ្តឹង» ពាក្យ​ប្តឹង
13, Feb 2023 , 7:29 am        
រូបភាព
«បន្តឹង» និង «បណ្ដឹង» មិនមាន​អ្វីដែលត្រូវច្រឡំគ្នា​នោះឡើយ ដោយ​គ្រាន់តែ​​មនុស្សមួយចំនួន​សរសេរ​ដោយមិនបាន​ប្រុង​ប្រយ័ត្ន ឬ​មិន​យក​ចិត្តទុកដាក់ប៉ុណ្ណោះ។ «បន្តឹង» គឺ «ន ជើង ត» រីឯ «បណ្តឹង» គឺ «ណ ជើង​ ដ»។

 
តាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេច ព្រះសង្ឃ​រាជ ជួន ណាត កិរិយាសព្ទ «បន្តឹង» មានន័យថា ធ្វើឲ្យតឹង, ទាញឲ្យតឹង, តឿនតឹងរ៉ឹងរឿយៗ។ គេបន្តឹងខ្លាំងណាស់, សុំកុំបន្តឹងខ្លាំងពេក ។
 
ជានាមសព្ទ បន្តឹង​ សំដៅលើ​នេសាទុបករណមួយប្រភេទ ចងឆ្វាក់ប្រទាក់ខ្សែជាក្រឡាមានដងមានមាត់មានក្រវិលរូត សម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទតូចៗឬបក្សីចំពួកខ្លះ។ បន្តឹងទន្សាយ, ទន្សាយជាប់បន្តឹង, បន្តឹងក្រួចអ៊ឺត ។
 
រីឯ «បណ្ដឹង» ឯណោះវិញ មានន័យថា ពាក្យប្ដឹង, សេចក្ដីដែលប្ដឹង។ មានបណ្ដឹងអំពី . . . គឺមានពាក្យឬសំបុត្រប្ដឹងអំពី . . . ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com