ជាតិ
គ្រប់គ្នាអាចធ្វើដំណើរកម្សាន្តដោយ​ភ្ជាប់នឹង​សកម្មភាពមនុស្សធម៌
23, Nov 2021 , 8:56 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​៥គ្រួសារ​ដែលបានរៀបចំដំណើរកម្សាន្តរួមគ្នាក្នុងអំឡុងពេលថ្ងៃឈប់សម្រាក​បុណ្យអុំទូក បាននាំអំណោយ​មនុស្សធម៌​ជូន​មណ្ឌលកុមារកំព្រា​២កន្លែង​នៅក្នុងក្រុងសៀមរាប។

 
«ដំណើរកម្សាន្ត​នាំសប្បាយមែនហើយ ប៉ុន្តែ​បើយើងបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន​ដល់អ្នក​ខ្វះខាត សកម្មភាពនេះ​កាន់តែធ្វើឱ្យដំណើរកម្សាន្តរបស់យើងរឹតតែមាន័យ និងមានប្រយោជន៍។ អ្នកដើរ​កម្សាន្ត​ជ្រះថ្លារីករាយក្នុងចិត្ត អ្នកខ្វះខាតបានទទួល​ការទំនុកបម្រុងបន្ថែម។»។  នេះជាការយល់​ឃើញ​របស់​​ពលរដ្ឋ​៥គ្រួសារ​ដែលរួមមាន៖ គ្រួសារលោក ម៉ៅ ស្រេង, គ្រួសារលោក ម៉ក់ ងយ, គ្រួសារ លោក ជ្រិន សុធា, គ្រួសារលោក សោម រតនា និងគ្រួសារលោក លាង ដឺលុច។ អំណោយ​សប្បុរសធម៌​​ដែល រួមមាន សម្ភារៈសិក្សា មួកសុវត្ថិភាព ដបទឹកអនាម័យ ដែលជាឧបត្ថម្ភដោយ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់ការអប់រំ (ACE) និង​អង្ករ ត្រីខកំប៉ុង និងមី ដែលជាវិភាគទានរួមគ្នា​ ត្រូវបាន​នាំយកទៅជូន​មណ្ឌល​កុមារកំព្រា​ខេត្តសៀមរាប និងព្រះវិហាគ្រឹស្ត «ពួកជំនុំខ្មែរដំណឹងល្អទាំងបួន» ដែលកំពុង​ជួយ​​ចិញ្ចឹម​​កុមារកំព្រា។


 
ក្នុងឱកាសនៃជំនួបជាមួយប្រធានមណ្ឌលកុមារកំព្រាទាំងពីរ លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ IDP Cambodia និង ACE បានពិចារណាអំពីលទ្ធភាព​នៃការ​ផ្តល់ជូនវគ្គបណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់កុមារកំព្រាទាំងនោះ។ លោកបានបញ្ជាក់ប្រាប់អ្នកគ្រប់គ្រង​នៅមណ្ឌលកុមារកំព្រាទាំងពីរថា ជំនួយឧបត្ថម្ភទាំងនោះតំណាងឱ្យទឹកចិត្តរបស់​គ្រួសារទាំង៥​ដែលបានគិតគូរដល់កុមារកំព្រារបស់​កម្ពុជា។ 


 
លោក សោម​ រតនា ជាអ្នកតំណាងគ្រួសារមួយដែលបាននាំកូនប្រុស៣នាក់ទៅជាមួយ បានយល់​ឃើញ​ថាកិច្ចការសប្បុរសធម៌នេះ​បាន​បង្រៀន​កូនរបស់លោកឱ្យយល់អំពីកាតព្វកិច្ច​នៃការ​សងត្រឡប់​ទៅ​សង្គមវិញ ហើយក៏បានផ្តល់​ក្ដីសង្ឃឹម​ដល់​​កុមារកំព្រា​ទាំងនោះដែរ។


 
លោក ជ្រិន សុធា ដែលបាននាំកូនប្រុសម្នាក់ក្នុងដំណើរធ្វើកិច្ចការមនុស្សធម៌ដែរនោះ បាន​និយាយ​​ប្រាប់កុមារកំព្រាទាំងនោះថា ពួកគេមិនឯកោឡើយ ដោយមានសប្បុរសជនជាច្រើន​នៅចាំជួយ​ទំនុកបម្រុងពួកគេ ហើយថាពួកគេត្រូវខិតខំរៀនសូត្រ​ដើម្បី​កែប្រែ​វាសនា និងជីវិតរបស់ពួកគេ។


 
លោក ម៉ក់ ងយ ដែលរួមដំណើរជាមួយភរិយា បាននិយាយទៅកាន់កុមារកំព្រាទាំងនោះថា ដើម្បីអនាគតរុងរឿង ពួកគេត្រូវប្រឹងប្រែងរៀនសូត្រដើម្បីក្រេបយកវិជ្ជា ដែលជាទ្រព្យមិនចេះរីងស្ងួត និងរៀនធ្វើពលកម្មនៅពេលទំនេរពីការសិក្សា ដូចជាការចូលរួមដាំបន្លែបង្ការដើម្បីផ្គត់ផ្គង់ជីវភាព និងធ្វើ​ឱ្យរាងកាយ និងស្មារតីមានសុខភាពល្អ។ ជាមួយគ្នានោះ លោក ម៉ក់ ងយ បានទូន្មាន​ឱ្យពួកគេ​ត្រូវស្រឡាញ់គ្នាដូចបងប្អូនរួមផ្ទៃ និងផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក ជាពិសេសក្មួយៗ​ដែលជា​រៀមច្បង​ត្រូវចេះមើលថែប្អូនៗឱ្យបានល្អ។


 
ពលរដ្ឋខ្មែរ​កាន់តែច្រើនមានលទ្ធភាព​រៀបចំដំណើរកម្សាន្តទៅរមណីយដ្ឋាន​នានានៅ​ក្នុង​ប្រទេស។ បើសិនដំណើរកម្សាន្តទាំងនោះ​ មានភ្ជាប់នឹងសកម្មភាព​សង្គម ឬកិច្ចការមនុស្សធម៌​នៅតាម​តំបន់ដែលពួកគាត់ធ្វើដំណើរកម្សាន្ត ការចែករំលែកនេះនឹង​កាន់តែមានវិសាលភាពធំ និងបានជា​ប្រយោជន៍ និងផ្តល់ក្ដីសង្ឃឹមកាន់តែច្រើនដល់​ពលរដ្ឋ និងសហគមន៍អ្នកខ្វះខាតទាំងឡាយ។ 







© រក្សាសិទ្ធិដោយ thmeythmey.com