ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ៖ ការបើកប្រទេសឡើងវិញ គឺមិនដើរថយក្រោយឡើយ
23, Nov 2021 , 9:36 am        
រូបភាព
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ វិច្ឆិកា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការបើកប្រទេសឡើងវិញនេះ គឺមិនដើរថយក្រោយឡើយ។ បានន័យថា រដ្ឋាភិបាល នឹងលែងបិទប្រទេស ដោយសារកូវីដ-១៩ ទៀតហើយ។



«ការបើកប្រទេសឡើងវិញ គឺមិនដើរថយក្រោយឡើយ ព្រោះស្ថានភាពលើកនេះ មិនដូចមុន ដែលអត់មានវ៉ាក់សាំងការពារខ្លួនទេ»។នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា គ្រាដែលកូវីដ- ១៩ ផ្ទុះខ្លាំងនោះ វាបង្ខំឱ្យរដ្ឋាភិបាល ត្រូវសម្រេចចិត្តបិទប្រទេស និងទីតាំងណា ដែលមានករណីរីករាលដាលជំងឺកាចសាហាវនេះ ទាំងមូលតែម្ដង ដូចជាផ្សារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា។
 
ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាល នឹងមិនបិទប្រទេស និងទីតាំងណាមួយទាំងស្រុងទៀតទេ។ «ឥឡូវនេះ ខ្ញុំបានណែនាំហើយ បើសាលារៀន មានកូនសិស្សឆ្លង គឺយកសិស្សនោះ ទៅព្យាបាល…។ បើមានអ្នកឆ្លងនៅក្នុងផ្សារ គឺយកគាត់ទៅសម្រាកព្យាបាល ហើយកូនគាត់អាចមកលក់ដូរជំនួសម្ដាយបាន ដោយមិនបិទផ្សារទៀតទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ។
 
កាលពីថ្ងៃទី១ វិច្ឆិកា សម្ដេច ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញ ក្រោយមើលឃើញថា ស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។ ក្រៅពីនេះ ពលរដ្ឋកម្ពុជា ក៏បានចាក់វ៉ាក់សាំងជាង១០លាននាក់ ទាំងចាស់ និងក្មេង ។ មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏សម្រេចដកការធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវធ្វើតេស្តរហ័ស (Rapid Test) ដោយមិនចាំបាច់ធ្វើតេស្ត PCR ឡើយ៕

Tag:
 ហ៊ុន សែន
  បើកប្រទេសឡើងវិញ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com