កីឡាជាតិ
ជាតិ
ពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍ក្លាយជាម្ចាស់ផ្ទះជំនួបជើងឯក AFF U23 ឆ្នាំ២០២២
23, Nov 2021 , 5:27 pm        
រូបភាព
ពហុកីឡដ្ឋានជាតិមរតកតេជោថតពីលើអាកាស។ រូបថត Xinhua
ពហុកីឡដ្ឋានជាតិមរតកតេជោថតពីលើអាកាស។ រូបថត Xinhua
ដោយ: រួបរួម
ពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់វិសាខា នឹងក្លាយជាម្ចាស់ផ្ទះនៃជំនួបព្រឹត្តិការណ៍ AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។



«យើងខ្ញុំរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFF U23 Championship នៅកម្ពុជានាឆ្នាំ២០២២ និងសូមអរគុណចំពោះ AFF ដែលជឿជាក់លើយើងខ្ញុំក្នុងការរៀបចំព្រឹត្តិការណ៍នេះ»។ នេះជាសំដីរបស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយសន្យារៀបចំព្រឹត្តិការណ៍បាល់ទាត់យុវជនថ្នាក់តំបន់ឲ្យបានជោគជ័យ។

ក្នុងឱកាសប្រកាសពីសមាសភាពម្ចាស់ផ្ទះ AFF ក៏បានបង្ហាញពីដៃពាណិជ្ជកម្មផ្តាច់មុខរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍យុវជនថ្នាក់តំបន់នេះផងដែរ។ លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានលើកឡើងពីការរួមចំណែកយ៉ាងធំធេងរបស់ក្រុមហ៊ុន SPORTFIVE ក្នុងការជំរុញឲ្យព្រឹត្តិការណ៍របស់ AFF ជាពិសេស AFF Suzuki Cup ទទួលបានជោគជ័យជាបន្តបន្ទាប់ រួមទាំងព្រឹត្តិការណ៍ AFF U23 នាពេលខាងមុខ។

AFF U23 Championship ជាព្រឹត្តិការណ៍ថ្នាក់តំបន់ដែលបានរៀបចំលើកដំបូងនៅឆ្នាំ២០០៥នៅប្រទេសថៃ ដោយម្ចាស់ផ្ទះបានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះសិង្ហបុរី ៣-០ មីយ៉ាន់ម៉ាឈ្នះម៉ាឡេស៊ីដោយបាល់ប៉េណាល់ទីនាការប្រកួតដណ្តើមលេខ៣។

នៅឆ្នាំ២០១៩ កម្ពុជាក្លាយជាម្ចាស់ផ្ទះ ប៉ុន្តែជាឈុតយុវជនអាយុក្រោម២២ឆ្នាំ ដោយឥណ្ឌូណេស៊ី បានជើងឯកក្រោយឈ្នះថៃ ២-១ ហើយវៀតណាមឈ្នះកម្ពុជា ១-០ នាការប្រកួតដណ្តើមលេខ៣។

តាម AFF ក្រុមទាំង១២ដែលជាសមាជិក នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់វិសាខានាខែកុម្ភៈ ប៉ុន្តែព័ត៌មានក្រុមមិនទាន់សម្រេចផ្លូវការឡើយ។

សមាជិក AFF មាន កម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ទីម័រខាងកើត និងអូស្ត្រាលី៕


© រក្សាសិទ្ធិដោយ thmeythmey.com