ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រី្តឡាវ លោក ផនខាំ វីផាវ៉ាន់ ជាភ្ញៀវដំបូងមកកម្ពុជា ក្រោយកម្ពុជាបើកប្រទេសឡើងវិញ
29, Nov 2021 , 7:59 am        
រូបភាព
លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។ (រូបពី AKP)
លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។ (រូបពី AKP)
 ភ្នំពេញ៖ លោក ផនខាំ វីផាវ៉ាន់ (Phankhanm Viphavanh) នាយករដ្ឋមន្រី្តនៃប្រទេសឡាវ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៩ ដល់៣០វិច្ឆិកា។ នាយករដ្ឋមន្រ្តីឡាវនេះ ជាភ្ញៀវដំបូងសម្រាប់កម្ពុជា ក្រោយកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។ នាយករដ្ឋមន្រី្តឡាវ នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ រួមទាំងជួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាទៀតផង។



ដំណើរទស្សនកិច្ចរបស់ លោក ផនខាំ វីផាវ៉ាន់ ធ្វើឡើងតាមការអញ្ជើញរបស់ សម្ដេច ហ៊ុន សែន។ អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រី្តឡាវ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ លោក ផនខាំ វីផាវ៉ាន់ ក៏នឹងទៅដាក់កម្រងផ្កាគោរវិញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ នៅវិមានឯករាជ្យ។

នាយករដ្ឋមន្រី្តរូបនេះ នឹងជួបជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចហេង សំរិន ប្រធានរដ្ឋសភាដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ផនខាំ វីផាវ៉ាន់ ក៏នឹងជួបសម្ដេច ហ៊ុន សែន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺការស្គារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ ក្រៅពីនេះ នឹងពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្ដីបារម្ភរួម។ ដំណើរទស្សនកិច្ច លោក ផនខាំ វីផាវ៉ាន់ ដើម្បីពង្រឹកចំណងមិត្តភាព សាមគ្គីភាព ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ លើសពីនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi )រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីគឺជាមនុស្សទី២ ដែលមកកម្ពុជា នាថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ៕

អត្ថបទទាក់ទង






Tag:
 កម្ពុជា-ឡាវ
  ទស្សនកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com