ជាតិ
សម្តេច ហ៊ុន សែន៖ ការបាត់បង់សម្តេចក្រុមព្រះ ជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើម
28, Nov 2021 , 8:11 pm        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីពេលនៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីទី១ និងទី២ ។ រូបថត AFP
សម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីពេលនៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីទី១ និងទី២ ។ រូបថត AFP
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខទៅកាន់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ក្រោយទទួលដំណឹងនៃការសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

«ការបាត់បង់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវៀងវៃជាអតិបរមា»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ក្នុងសាររំលែកទុក្ខរបស់ខ្លួន។
 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ ដែលជាបុត្រាច្បងរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល។
 
 បើតាមលោក ចាប ញ៉ាលីវុធ ដែលប្អូនប្រុសឪពុកទីទៃ សម្ដេចក្រុមព្រះធ្លាក់ព្រះកាយឈឺ ចាប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍មក។ «តាំងពីគ្រោះថ្នាក់ចរាចរណ៍លើកមុនមក លោក(សម្ដេចក្រុមព្រះ)បានទៅពេទ្យព្យាបាលនៅថៃ ព្យាបាលចុះឡើងបានមកស្រុកខ្មែរយើង ហើយលោកគិតពីសុខភាពថា មិនល្អ ក៏ទៅព្យាបាលនៅបារាំងរហូតមក»។ 
 
ចាប់តាំងជួបគ្រោះថ្នាក់ចរាចរណ៍លើកទី២នេះមក សម្ដេចក្រុមព្រះ ក៏ផ្អាកពីសកម្មភាពនយោបាយ រហូតមកដែរ ដោយសារមានបញ្ហាសុខភាព និងផ្លូវអារម្មណ៍ ក្រោយជួបគ្រោះផ្ទួនៗ។
 
ព្រះអង្គសោយព្រះទិវង្គតកាលពីវេលាមម៉ោង១០ព្រឹកនៅខេត្ត Aix-en-provenceនៃប្រទេសបារាំង ត្រូវនឹងម៉ោង៤ល្ងាចនៅប្រទេសកម្ពុជា។
 
សម្តេចក្រុមព្រះ មានព្រះតួនាទី ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ក្នុងឆាកនយោបាយ ព្រះអង្គធ្លាប់ជានាយករដ្ឋមន្ត្រីទី១កាលពីអណត្តិមួយ និងជាអតីតតប្រធានរដ្ឋសភា ក្នុងព្រះរាជតួនាទីព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
 
មកដល់ពេលនេះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការរៀបចំព្រះពិធីបុណ្យព្រះសពនោះឡើយទេ៕
 
 

Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com