ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា សុផារ៉ា បើក​កិច្ចប្រជុំ​បន្ទាន់​ទាំងយប់ ក្រោយ​បញ្ជា​សម្ដេច ហ៊ុន សែន​
28, Nov 2021 , 9:43 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានដឹកនាំ​កិច្ចប្រជុំ​ទាំងយប់​ថ្ងៃទី​២៨ វិច្ឆិកា ស្តីពី​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់ នូវ​ការកាប់​ព្រៃ​លិច​ទឹក និង​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប​។​ (រូបពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីដែនដី)
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានដឹកនាំ​កិច្ចប្រជុំ​ទាំងយប់​ថ្ងៃទី​២៨ វិច្ឆិកា ស្តីពី​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់ នូវ​ការកាប់​ព្រៃ​លិច​ទឹក និង​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប​។​ (រូបពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីដែនដី)
​ភ្នំពេញ​៖ ៦​ម៉ោង​ក្រោយ​បញ្ជា​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​កិច្ចប្រជុំ​ទាំងយប់​ថ្ងៃទី​២៨ វិច្ឆិកា ស្តីពី​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់ នូវ​ការកាប់​ព្រៃ​លិច​ទឹក និង​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប​។​



​តាម​រូបភាព ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កលោក ជា សុផារ៉ា នៅ​ម៉ោង​៩​យប់​នេះ មានការ​ចូលរួម​កិច្ចប្រជុំ​ពី​សំណាក​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ក្នុងនោះ​រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន , លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ  រួមទាំង​អភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំងអស់​។​

 
 
​សម្ដេច ហ៊ុន សែន តាមរយៈ​សារ​សំឡេង​ពិសេស ពាក់ព័ន្ធ​នឹង​បញ្ហា​បឹង​ទន្លេសាប នៅ​រសៀល​ថ្ងៃទី​២៨ វិច្ឆិកា បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។​
 
«​ទោះបីជា​ត្រូវ​លះបង់​អី ដោយ​តម្លៃ​ណា​យើង​ត្រូវយក​ដី​ទាំងនោះ មកវិញ​ឱ្យបាន​…​។​ឯ​ចំពោះ​អ្នកប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​តាមច្បាប់ ដោយ​ខានមិនបាន​។ ខ្ញុំ​បានបញ្ជាក់​ហើយ មានតែ​ផ្លូវច្បាប់​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយបាន​បញ្ហា​ពួក​អ្នក​ទាំងនេះ​។ យើង​បាន​អប់រំ​ពួកគេ​រាប់សិប​ឆ្នាំ​មកហើយ អំពី​ផលវិបាក​លើ​បញ្ហា​នេះ ហេតុអ្វី​ក៏​នៅមាន​មន្ត្រី​បែបនេះ​តទៅទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​

អត្ថបទទាក់ទង

 
​សម្ដេច ហ៊ុន សែន ទុក​ឱកាស​ឱ្យ​មន្ត្រី​ប្រព្រឹត្ត​ខុស ចេញ​សារភាព​មុនគេ​ចាត់វិធានការ​ដែរ​។​«​ខ្ញុំ​សូម​ប្រាប់​មន្ត្រី​ទាំងឡាយ ដែល​អនុវត្ត​ខុស បើ​ចង់​បានការ​បន្ធូ​បន្ថយទោស ត្រូវ​ចេញមក​សារភាព​បន្ទាន់ បើ​មិន​ចេញ​សារភាព​ជាបន្ទាន់ ខ្ញុំ​សូមឱ្យ​អ្នក​ដែល​ចេញមក​អនុវត្ត ចាត់វិធានការ​យ៉ាង​ម៉ឺង​មាត់​បំផុត គឺ​ការចាប់ខ្លួន​តែម្ដង សម្រាប់​ផ្ដន្ទាទោស​តាមច្បាប់​។ ហើយ​ឈានទៅ​រឹបអូស មិន​ត្រឹមតែ​ដីធ្លី​នៅ​ហ្នឹង​កន្លែង ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន ដែល​បានមកពី​ដីធ្លី​ដែល​ពួកគេ​បាន​បំផ្លាញ​នេះ ត្រូវតែ​ធ្វើការ​ដកហូត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​សង្កត់ធ្ងន់ថា អភិបាលខេត្ត និង​អភិបាលស្រុក ដែល​ប្រព្រឹត្តិ​ខុសត្រូវ​ចេញ​សារភាព ដើម្បី​ទទួលបាន​ការបន្ធូរបន្ថយ​ទោស ប៉ុន្តែ​ពួកគេ​នៅជាប់​ពិរុទ្ធភាព​។​

Tag:
 ​ហ៊ុន សែន​
  ជា សុផារ៉ា​
  ដីព្រៃ​លិច​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com