ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ត្រជាក់ៗច្រមុះ? អាចមកពី “ស្ត្រេស” និងកត្តា ៣នេះ
02, Dec 2021 , 10:59 pm        
រូបភាព
មានអារម្មណ៍ត្រជាក់ៗច្រមុះមែនទេ? អាចមកពីកត្តាស្មានមិនដល់មួយចំនួន! មានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទាំងនោះ ៖

 
១. អ្នកកំពុងស្ថិតក្រោមអារម្មណ៍ស្ត្រេសខ្លាំង
 
​ភាពតានតឹងក្នុងអារម្មណ៍អាចបង្កបញ្ហាសុខភាពមួយហៅថា Raynaud’s phenomenon ដែលបណ្ដាលឱ្យសសៃឈាមនៅផ្នែកចុងបំផុតរួមតូចយ៉ាងខ្លាំងសម្រាប់រយៈពេលខ្លីមួយ។ ជាលទ្ធផលបង្កភាពត្រជាក់និងស្ពឹកនៅផ្នែកជាក់លាក់ណាមួយដូចជាច្រមុះ និងអាចកើតមានត្រង់កន្លែងផ្សេងទៀតសម្រាប់រយៈពេលពី ២ ទៅ ៣នាទីដល់ខ្ទង់ម៉ោងឯណោះ។ បញ្ហានេះច្រើនកើតមានក្នុងចំណោមស្ត្រី និងអ្នកដែលរស់នៅក្នុងអាកាសធាតុត្រជាក់។
 
២. អាចជារោគសញ្ញាមួយនៃបញ្ហាខ្សោយចរន្តឈាមរត់ទៅច្រមុះ
 
នៅពេលពួកយើងស្ថិតក្នុងបន្ទប់មួយដែលមានសីតុណ្ហភាពទាប ឬត្រជាក់សម្រាប់រយៈពេលយូរ, រាងកាយព្យាយាមរក្សាកម្ដៅដោយកាត់បន្ថយលំហូរឈាមទៅកាន់ផ្នែកចុងបំផុត ហើយបញ្ជូនផ្ទាល់ទៅកាន់សរីរាង្គសំខាន់ៗបំផុតក្នុងរាងកាយវិញ។ ជាលទ្ធផលយើងអាចនឹងសម្គាល់ឃើញថាច្រមុះប្រែជាត្រជាក់ ខណៈដែលផ្នែកនេះគ្មានផ្ទុកជាតិខ្លាញ់ច្រើន។ ការក្រេបទទួលទានភេសជ្ជៈក្ដៅៗមួយពេកអាចជួយដោះស្រាយបានយ៉ាងឆាប់។
 
៣. ធ្វើការងារហួសបន្ទុកពេក
 
ការសិក្សាស្រាវជ្រាវមួយបានរកឃើញនូវទំនាក់ទំនងរវាងសីតុណ្ហភាពរាងកាយនិងបរិមាណនៃភាពស្ត្រេសក្នុងខួរក្បាល។ កំឡុងពេលស្រាវជ្រាវ អ្នកចូលរួមធ្វើការពិសោធន៍ព្យាយាមផ្ដោតអារម្មណ៍លើកិច្ចការដែលត្រូវបានផ្ដល់ឱ្យប៉ុណ្ណា ផ្ទៃមុខរបស់ពួកគេប្រែជាត្រជាក់ប៉ុននោះដែរ ជាពិសេសនៅតំបន់ជុំវិញច្រមុះ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះកំឡុងពេលធ្វើការ អ្នកគួរតែសម្រាកមួយភ្លែត សឹមចាប់ផ្ដើមធ្វើបន្ត។
 
៤. អតុល្យភាពអ័រម៉ូន
 
នៅពេលអ្នកផលិតអ័រម៉ូនទីរ៉ូអ៊ីតមិនបានគ្រប់គ្រាន់, នោះការដុតរំលាយអាហាររបស់រាងកាយអាចប្រែជាយឺតជាងមុន។ ការដុតរំលាយអាហារយឺតនឹងធ្វើឱ្យរាងកាយរក្សាកម្ដៅនិងថាមពលដែលជាលទ្ធផលធ្វើឱ្យកម្ដៅទៅកាន់ផ្នែកខាងចុងបំផុតដូចជាច្រមុះទទួលបានកម្ដៅតិច។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com