ជាតិ
អ្នកជំនាញ ជំរុញឱ្យរដ្ឋរៀបចំដីជុំវិញបឹងទន្លេសាប​ជាសហគមន៍កសិ-ទេសចរណ៍
04, Dec 2021 , 4:59 pm        
រូបភាព
តំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបានទន្ទ្រានយកមកធ្វើជាដីកសិកម្ម នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ៖ លោក Chhut Chheana និងក្រុមការងារគម្រោងអច្ឆរិភាពនៃទន្លេមេគង្គ(Wonders of the Mekong) កាលពីខែកញ្ញា ឆ្នាំ ២០២០។
តំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបានទន្ទ្រានយកមកធ្វើជាដីកសិកម្ម នៅក្នុងខេត្តសៀមរាប។ រូបភាពដោយ៖ លោក Chhut Chheana និងក្រុមការងារគម្រោងអច្ឆរិភាពនៃទន្លេមេគង្គ(Wonders of the Mekong) កាលពីខែកញ្ញា ឆ្នាំ ២០២០។
ភ្នំពេញ៖ អ្នកជំនាញកសិកម្ម និងទេសចរណ៍ សម្លឹងឃើញផលចំណេញយ៉ាងច្រើន ពីតំបន់ជុំវិញបឹងទន្លេសាប ដូចជាការដំណាំស្រូវ បន្លែ ចឹញ្ចឹមសត្វ កន្លែងសម្រាកលំហែកាយ និងទស្សនាសត្វព្រៃជាដើម។ អ្នកជំនាញទាំងនោះ ចង់ឱ្យរដ្ឋរៀបចំដីជុំវិញបឹងទន្លេសាបដ៏មានសក្តានុពលនេះ ទៅ​ជាសហគមន៍កសិ-ទេសចរណ៍ផងដែរ។ ​

 
ក្រុមអ្នកជំនាញកសិកម្ម ​អ្នកសេដ្ឋកិច្ច និងអ្នកជំនាញទេសចរណ៍ មើលឃើញថា តំបន់បឹងទន្លេសាប គឺជាជង្រុកមាសប្រាក់ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជលផល និងទេសចរណ៍។ ប៉ុន្តែអ្វីដែលត្រូវស្ដារឡើងវិញ គឺបែងចែកតំបន់ ការគិតគូរប្រយោជន៍ពលរដ្ឋក្នុងមូលដ្ឋាន និងអភវិឌ្ឍន៍ដោយគិតពីបរិស្ថានឲ្យលម្អិត។  
 
លោក ថេង សាវឿន ​ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​ ថ្លែងថានៅពេលរដ្ឋាភិបាលសម្រេចដកដីតំបន់ជុំវិញបឹងទន្លេសាប រដ្ឋគួររៀបចំតំបន់នោះ
ជាជង្រុកកសិកផល បែបគោលការណ៍ធម្មជាតិ ដើម្បីការពារបរិស្ថាន និងជីវចម្រុះ។ កសិកម្មបែបនេះ នឹងក្លាយជាកសិទេសចរណ៍ ដើម្បីទាញភ្ញៀវទេសចរឲ្យទស្សនា និងបរិភោគបន្លែ ត្រីសាច់ បែបធម្មជាតិទៀតផង។ លោកថ្លែងយ៉ាងដូច្នេះ៖«យើងអាចដាំស្រូវ ដាំបន្លែស្លឹក និងមើម ចិញ្ចឹមត្រី សត្វស្លាប សត្វផ្សេងៗទៀត តាមបែបធម្មជាតិ លើផ្ទៃដីរាប់ម៉ឺនហិកតាជុំវិញបឹងទន្លេសាប គឺពលរដ្ឋប្រមូលផលមិនចេះអស់នោះទេ រហូតអាចនាំចេញទៅក្រៅប្រទេសក៏បាន»។ អ្នកជំនាញរូបនេះបន្ថែមថា ការកែច្នៃបែបនេះ គឺបង្កើនប្រាក់ចំណូលពលរដ្ឋតាមមូលដ្ឋាន ហើយក៏ជាផ្នែកមួយឲ្យពលរដ្ឋ ចូលរួមការពារតំបន់បឹងសាបដែរ។ 
 

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។  
 
ការរៀបចំធ្វើកសិកម្ម ដោយគិតពីប្រព័ន្ធអេកូឡូស៊ី នឹងនាំឲ្យធនធានត្រីតំបន់បឹងទន្លេសាបសម្បូរឡើងវិញ ហើយអាចនឹងបញ្ឈប់ការនាំចូលត្រី។ ដំណាក់កាលនោះ កម្ពុជាមិនត្រឹមដែលនាំចេញស្រូវ កសិផលបានច្រើនលើសពីការរំពឹងទុកនោះទេ វិស័យជលផល វារីវប្បកម្ម ក៏រីកដុះដាលដែរ។ 
 
លោក សាវឿន បង្ហាញការយល់ឃើញយ៉ាងរីករាយបែបនេះថា៖ «ខ្ញុំគិតថា បើយើងអភិរក្សតំបន់នេះ ដោយការពារជីវចម្រុះ ហើយរួមគ្នាដាំដុះ និងរក្សាព្រៃកោងកាង បឹងទន្លេសាប នឹងពោរពេញដោយត្រីឡើងវិញ រួមទាំងការប្រមូលផលត្រីចឹញ្ចឹមជុំវិញបឹង។ កម្ពុជាអាចមានលទ្ធភាពនាំចេញ»។ 
 
ចំណែក ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក ស្រី ​ឆាយ ​ស៊ីវលីន សម្លឹងឃើញតំបន់បឹងទន្លេសាប មានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ដែរ។ តំបន់នេះ គួររៀបចំឲ្យមានកន្លែងស្នាក់នៅបែបធម្មជាតិ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ។ «ភ្ញៀវដែលទៅហើយ យើងមិនចង់ឲ្យគ្រាន់ទៅទស្សនា ថតរូបក៏ត្រឡប់ទៅវិញ គឺចង់ពួកគេស្នាក់នៅដែរ ដើម្បីទាញអត្ថប្រយោជន៍ឲ្យភ្ញៀវចំណាយកាន់តែច្រើន»។ នេះបើតាមលោកស្រី ស៊ីវ​លីន ដោយបន្ថែមថា ការធ្វើបែបនេះ នឹងនាំឲ្យភ្ញៀវជាតិ និងអន្តរជាតិកាន់ចាប់អារម្មណ៍ ហើយមានឱកាសចុះសិក្សា ពីបឹងទន្លេសាបកាន់ច្រើន។ «អ៊ីចឹង ការដកដីមកវិញនេះ គួររៀបចំវិស័យទេសចរណ៍ ឲ្យទាក់ទាញនៅតំបន់នោះ ពិសេសកន្លែងទស្សនាត្រី ព្រោះត្រីតំបន់នោះ មានត្រីសម្បូរបែបយ៉ាងច្រើន រួមទាំងសត្វស្លាប»។ 
 
សព្វថ្ងៃ កម្ពុជាមានតំបន់ទេសចរណ៍ជុំវិញបឹងទន្លេសាបដូចជា កំពង់ភ្លុក ចុងឃ្លៀស ព្រែកទាល់ គឺអាចទាក់ទាញភ្ញៀវទេសចរ​បានយ៉ាងច្រើន ប៉ុន្តែមិនទាន់ត្រូវស្ដង់ដានៅឡើយ។ ដូច្នេះ ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាយល់ថា ការរៀបចំតំបន់ទេសចរណ៍លើទឹកបែបនេះ គួរមានផ្លូវទូក កាណូត ដើម្បីបញ្ជៀសផលរំខាននៃសំឡេង។ 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ 
 
ការដកហូតដី និងអភិវឌ្ឍន៍តំបន់ជុំវិញបឹងទន្លេសាបបែបណា ដើម្បីកុំឲ្យមានទំនាស់ដីធ្លី? 
     
ពលរដ្ឋប្រមាណ១ពាន់គ្រួសារ បានជួយដីជាង១ម៉ឺនហិកតា ពីអ្នកទន្ទ្រានធំៗ ធ្វើស្រែប្រាំងនៅក្បែរបឹងទន្លេសាប ខេត្តកំពង់ធំ។ ជាមួយគ្នាដែរ​ ដីប្រហែល៥ម៉ឺនហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានកាប់ទន្ទ្រានធ្វើស្រែកន្លងមក។ គ្រួសារកសិករដែលអាស្រ័យផលនៅទីនោះ ប្រឈមនឹងការខាតបង់ ខណៈអាជ្ញាធរឱ្យពួកគេបញ្ឈប់ការថែទាំស្រូវ ហើយដកហូតដីតាមបញ្ជាថ្នាក់ដឹកនាំ។ នេះបើតាមលោក លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លើកឡើងលើហ្វេសប៊ុករបស់លោក បន្ទាប់ពីទទួលបានព័ត៌មានទាំងអស់នេះពីប្រភពជិតដិតរបស់លោក។
 
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានវាយតម្លៃថា៖«បើគិតតែខេត្តកំពង់ធំមួយ អស់ប្រហែល១០លានដុល្លារ (បើគិតមួយហិកតាបានស្រូវ១០០០ដុល្លារជាមធ្យម)។ នៅប្រាំខេត្តដទៃទៀត អាចច្រើនគួរឱ្យកត់សម្គាល់»។ 


លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។ (រូបពី ហ្វេសប៊ុករបស់លោក សុផល)
 
លោក សុផល ថាពួក​គេ​ស្ទើរ​ទាំង​អស់​ ខ្ចី​ប្រាក់​ពី​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើ​ស្រែ​ បើអនុញ្ញាត​ឱ្យ​ពួកគាត់​ប្រមូល​ផល​ស្រូវ​មួយ​រដូវ​នេះ​សិន​ ពួកគាត់​អាច​ជៀស​ផុត​ពី​វិបត្តិ​បំណុល​វ័ណ្ឌក​។ «ពួកគាត់​ជា​ជន​រងគ្រោះ​ ទោះបីជា​មិន​មែន​ជា​ម្ចាស់​ដី​។ ពួកគាត់មិនចង់បានអ្វី ក្រៅពីបានប្រមូលផលស្រូវប្រដេញទឹក ហើយនឹងឈប់ធ្វើហើយ ពីព្រោះពួកគាត់គ្រាន់តែជួលដីគេទេ»។ នេះជាយល់ឃើញរបស់លោក សុផល ដោយបញ្ជាក់ថា លោកគាំទ្រទាំងស្រុងលើការបង្ក្រាប និងការរក្សាព្រៃលិចទឹក។ ប៉ុន្តែលោកស្នើឲ្យសិក្សាវាយតម្លៃ បរិស្ថាន សង្គម សេដ្ឋកិច្ច ឱ្យច្បាស់លាស់ ពាក់ព័ន្ធនឹងដីជុំវិញបឹងទន្លេសាប។
 
ពលរដ្ឋដែលធ្វើស្រែនៅលើដីជាប់បឹងទន្លេសាប បាននាំគ្នាត្អូញត្អែរលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្មានលទ្ធភាពបង់ធនាគារឡើយ ដោយសារអាជ្ញាធរដកហូតដី លែងឲ្យថែទាំស្រូវ​។ ពួកគេ សង្ឃឹមថា រដ្ឋាបាលនឹងមានការអនុគ្រោះដល់កសិករ រហូតដល់ប្រមូលផលរួច។ 
 
«ស្រូវបាញ់ថ្នាំ ដាក់ទឹក ដាក់ជី២ដងហើយ ឥឡូវលែងឲ្យដាក់ទឹក ស្រូវងាប់អស់ ថ្លៃថ្នាំ ថ្លៃប្រេង ថ្លៃពូជ ជំពាក់ធនាគារ បានអីសងគេ? »។ នេះបើលោក ស៊ូ ចន្រ្ទី ដែលបានថ្លែងលើគណនីហ្វេសប៊ុក។ 


លោក ស៊ូ ចន្រ្ទី កសិករធ្វើស្រែក្បែរបឹងទន្លេសាបដែលបានត្អូញត្អែរលើគណនីហ្វេសប៊ុកខ្លួន។
 
តំបន់បឹងទន្លេសាប ចាំបាច់ត្រូវស្ដារ និងអភិរក្សឡើងវិញ ពិសេសគឺលើកស្ទួយវិស័យជលផល​។ ប៉ុន្តែត្រូវកំណត់តំបន់ឲ្យជាក់លាក់ សម្រាប់អភវិឌ្ឍន៍ដើម្បីកុំឲ្យមានជម្លោះដីធ្លី ទៅថ្ងៃមុខបន្តទៀត។ ដំបូងរដ្ឋគួរទុក ពេលឲ្យកសិករដែលអាស្រ័យផលដំណាំ ឬអ្នកជួលដីតំបន់បឹងទន្លេសាបប្រមូលផលសិន។ នេះបើតាមលោក យ៉ង សាំង កុមារ អ្នកជំនាញកសិកម្ម ដោយសង្កត់ធ្ងន់លើតួនាទីរបស់អាជ្ញាធរថា៖ «វាអាស្រ័យលើសមត្ថភាព និងសុចរិតភាពរបស់មន្រ្តីរដ្ឋាភិបាល ក្នុងការធ្វើការបម្រើប្រជាជនយើង នោះជម្លោះនឹងដោះស្រាយបាន»។ 


លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម។ 
 
ការចុះដកហូតដី និងបង្រ្កាបអ្នកទន្ទ្រាននេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា កងកម្លាំងចុះបង្ក្រាប ហើយក៏ប្រមូលអ្នកទន្ទ្រានដីព្រៃលិច​ទឹកដែរ​។ ប៉ុន្តែ តួលេខ និងវិធានការលម្អិត លោកស្នើឲ្យសួរខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីក្រសួងដែននី បាននៅឡើយ ដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួង​ មិនបានលើកទូរស័ព្ទ។ 
 
បន្ទាប់ពីដកដីពីអ្នកទន្ទ្រានរួចអស់ហើយ រដ្ឋត្រូវបែងចែកឡើងវិញឲ្យច្បាស់ថា តំបន់សម្រាប់ធ្វើកសិកម្ម និងវារីវប្បកម្មមានទំហំប៉ុនណា ហើយតំបន់ផ្ទះលំហែកាយ និងកន្លែងអភិរក្សព្រៃកោងកាងជាដើម។ បើពុំដូច្នេះទេ ទៅថ្ងៃមុននៅតែមានការទន្ទ្រានដដែល។ នេះបើតាមលោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ ដោយបន្ថែមថា បើរដ្ឋបង្វែរដីទាំងនោះ ទៅជាឯកជនរបស់រដ្ឋ សម្រាប់ជួលឲ្យអ្នកមានដើមទុន រដ្ឋនឹងរងគ្រោះការរិះគន់ ព្រោះដកដីសម្រាប់ជួលឲ្យឈ្មួញធំៗ។ ប៉ុន្តែ បើរដ្ឋដាក់ជួលឲ្យអ្នកមានទ្រព្យធនមែននោះ គឺត្រូវគិតផលប្រយោជន៍ពលរដ្ឋនៅតំបន់នោះជាមុនសិន។ 
 
«ធ្វើយ៉ាងឲ្យពលរដ្ឋដែលម្ចាស់មូលដ្ឋាន ទទួលបានប្រយោជន៍ពីការអភិវឌ្ឍនេះ គឺមានចំណែកទទួលបានដីធ្វើកសិកម្ម ដោយភ្ជាប់ជាមួយកិច្ចសន្យា ឬលក្ខខណ្ឌណាមួយ រវាងរដ្ឋាភិបាល ឬក្រុមហ៊ុនជាដើម»។ នេះបើតាមលោក អំ សំអាត។ 


លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ។ 
 
ចំណែក លោក សាវឿន យល់ថា ការផ្ដល់ដីឲ្យពលរដ្ឋធ្វើកសិកម្ម និងរៀបចំតំបន់ទេសចរណ៍នេះ បើរដ្ឋរៀបឲ្យការជួល នឹងមានការទន្ទ្រាន និងបញ្ហារវាងអ្នកមានសិទ្ធិអំណាច ឬមានជាដើម ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។ លោកចង់ឲ្យរដ្ឋគិតគូរ រៀបចំការផ្ដល់ដីកិច្ចសន្យា អាស្រ័យតាមរដូវសម្រាប់សហគមន៍។ 
 
«រដ្ឋអាចផ្ដល់ដីសម្រាប់ដល់ពលរដ្ឋ សម្រាប់អភិវឌ្ឍជាសហគមន៍កសិកម្ម ទេសចរណ៍រួម តាមរដូវ។ ដូចេះពលរដ្ឋនឹងចូលរួមចំណែកការពារ ហើយមិនអាចឲ្យបុគ្គលមានសិទ្ធិអំណាចណាមួយ អាចទន្ទ្រានជាលក្ខណៈឯកជនបានឡើយ ពោលគឺជាវិធីក្នុងការពារសម្បត្តិរួម»។ នេះបើតាមអ្នកជំនាញកសិកម្ម CCFC។ 
 
ការចាប់ផ្ដើមពិនិត្យករណីរំលោភដីព្រៃលិចទឹក ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានរបាយការណ៍ស្រាវជ្រាវ ពី​លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ សម្ដេច ក៏បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់។ បើតាមលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដីព្រៃលិចទឹកនៅជុំវិញទន្លេសាប ដែលរងការកាប់ទន្ទ្រាននោះ មានរហូតដល់រាប់ម៉ឺនហិកតា ដែលពុំទាន់រកមុនអ្នកទន្ទ្រានឃើញ៕

 
អត្ថបទទាក់ទង
 
 

Tag:
 ទន្លេសាប
  កសិកម្ម
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com