អន្តរជាតិ
អាម៉េរិក គាំទ្រ​ការបង្កើត​កិច្ចព្រមព្រៀង​ជា​សាកល​ស្តីពី​ជំងឺ​រាតត្បាត
06, Dec 2021 , 8:29 am        
រូបភាព
បុគ្គលិកផ្នែកថែទាំសុខភាព នៅក្នុងសម្លៀកបំពាក់ការពារចូលរួមក្នុងពិធីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅប្រទេសបូលីវី កាលពីថ្ងៃទី១៦ ខែកញ្ញា
បុគ្គលិកផ្នែកថែទាំសុខភាព នៅក្នុងសម្លៀកបំពាក់ការពារចូលរួមក្នុងពិធីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅប្រទេសបូលីវី កាលពីថ្ងៃទី១៦ ខែកញ្ញា
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន — នៅ​ចំ​ពេល​មាន​ក្តី​បារម្ភ​កើនឡើង​ទាក់ទិន​នឹង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ក្នុង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ថ្មី​មួយ​ស្តីពី​ការ​ត្រៀមខ្លួន​ និង​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត​នៅ​ពេល​អនាគត។

 
អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​វីអូអេ​នៅលើ​យន្តហោះ Air Force One របស់​ប្រធានាធិបតី​អាមេរិក កាលពី​សប្តាហ៍មុន​​ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក [អង្គការ​សុខភាព​ពិភពលោក] នៅក្នុង​ការ​អនុវត្ត​តាម​អនុសាសន៍​នាពេល​ថ្មីៗ​នេះ​របស់​ក្រុម​ការងារ​ដែល​ធ្វើការ​លើ​ការ​ត្រៀមខ្លួន​ និង​ការ​ឆ្លើយតប​នេះ។ អនុសាសន៍​ទាំង​នោះ​រួម​មាន​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ​វិធានការ​អន្តរជាតិ​ផ្សេង​ទៀត និង​ការ​បង្កើត​នូវ​កិច្ចព្រមព្រៀង​នានា​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​បទប្បញ្ញាត្តិ​សុខភាព​អន្តរជាតិ​ផ្សេងៗ»។
 
កិច្ចព្រមព្រៀង​នេះ ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ប្រហែល​ជាង ២០ កាលពី​ខែ​មីនា។ កាលពីថ្មីៗកន្លងមក​នេះ សហរដ្ឋ​អាមេរិក​ ​បាន​គាំទ្រ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​មួយ​ដែល​កំពុង​ចរចា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​តាម​អនឡាញ​រយៈពេល ៣ ថ្ងៃ របស់​មហាសន្និបាត​សុខភាព​ពិភពលោក (World Health Assembly) ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ចន្ទ​មក។
កិច្ចព្រមព្រៀង​ស្តីពី​ជំងឺ​រាត្បាត​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​ខែ​ឧសភា ឆ្នាំ ២០២៤ ខាង​មុខ។
 
កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​នេះ​ នឹង​គ្របដណ្តប់​លើ​បញ្ហា​មួយ​ចំនួន​ដូចជា ការ​ចែក​រំលែក​ទិន្នន័យ​និង​ការ​កំណត់​ហ្សែន​នៃ​វីរុស​ដែល​លេចឡើង ក៏​ដូចជា​ការ​ចែក​រំលែក​វ៉ាក់សាំង​និង​ឱសថ​ណា​មួយ​ដែល​អាច​បាន​មកពី​ការ​ស្រាវជ្រាវ​ផងដែរ។
 
គោល​បំណង​នៃ​ការ​ធ្វើ​ដូច្នេះ ​គឺ​ដើម្បី​បង្កើត​នូវ​កិច្ច​សម្របសម្រួល​និង​ទំនាក់ទំនង​ជិតស្និទ្ធ​នៅ​ក្នុង​ការ​ឆ្លើយតប​ជា​សាកល​ចំពោះ​ជំងឺ​រាតត្បាត និង​បង្កើត​នូវ​ប្រព័ន្ធ​សុខាភិបាល​ជា​សាកល​មួយ​ដែល​មាន​ភាព​ខ្លាំងក្លា​ជាង​មុន​ដែល​នឹង​អាច​ការពារ​មនុស្ស​ជំនាន់​ក្រោយ​បាន៕
អ្នកស្រី Anita Powell នៃវីអូអេ ចូលរួមចំណែក​នៅក្នុងសេចក្តីរាយការណ៍នេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com