អន្តរជាតិ
អ៊ីស្រាអែល ស្នើប្រទេសដែលចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ឲ្យប្រកាន់ជំហរម៉ឺងម៉ាត់
07, Dec 2021 , 10:29 pm        
រូបភាព
ប្រធានផ្នែកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​លោក Ali Bagheri Kani និងសមាជិកគណៈប្រតិភូអ៊ីរ៉ង់ រង់ចាំការចាប់ផ្តើម​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​នៃ​សន្ធិសញ្ញាផែនការសកម្មភាពរួមគ្នាដោយទូលំទូលាយ JCPOA នៅ​ទីក្រុង​វីយែន
ប្រធានផ្នែកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​លោក Ali Bagheri Kani និងសមាជិកគណៈប្រតិភូអ៊ីរ៉ង់ រង់ចាំការចាប់ផ្តើម​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​នៃ​សន្ធិសញ្ញាផែនការសកម្មភាពរួមគ្នាដោយទូលំទូលាយ JCPOA នៅ​ទីក្រុង​វីយែន
ដោយ: VOA
ប្រទេសអ៊ីស្រាអែល បានស្នើប្រទេសទាំងអស់ដែលចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ ឲ្យប្រកាន់ជំហរម៉ឺងម៉ាត់ជាមួយនឹងប្រទេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។

 
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានបញ្ជាក់កាលពីថ្ងៃចុងសប្តាហ៍​កន្លងមក​ថា៖ «ខ្ញុំស្នើប្រទេសទាំងអស់ដែលចរចាជាមួយអ៊ីរ៉ង់នៅក្នុងទីក្រុងវីយែនឲ្យប្រកាន់គោលជំហរម៉ឺងម៉ាត់ និងបញ្ជាក់ទៅកាន់អ៊ីរ៉ង់ឲ្យច្បាស់ថា អ៊ីរ៉ង់មិនអាចបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងចរចាក្នុងពេលតែមួយនោះទេ។ អ៊ីរ៉ង់ត្រូវតែទទួលរងនូវផលវិបាកសម្រាប់ការបំពានរបស់ខ្លួន [លើកិច្ចព្រមព្រៀងនេះ]»។
 
ការស្នើនេះបានធ្វើឡើង បន្ទាប់ពីការចរចាកិច្ចព្រមព្រៀងនេះរយៈពេល ៥ ថ្ងៃ នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានបញ្ចប់ទៅកាលពីសប្ដាហ៍មុនដោយមិនបានលេចចេញលទ្ធផលអ្វីជាដុំកំភួននោះឡើយ។ ប្រទេសអ៊ីរ៉ង់ នៅប្រកាន់គោលជំហរដដែល ដែលធ្វើឲ្យដៃគូចរចាររបស់ខ្លួនសម្តែងនូវការខកចិត្ត និងទុទ្ទិដ្ឋិនិយម។
 
សហរដ្ឋអាមេរិកបានបញ្ជាក់ថា អ៊ីរ៉ង់ហាក់ដូចជាមិនមានភាពម៉ឺងម៉ាត់នៅក្នុងការចរចានេះ ហើយមន្ត្រីការទូតអឺរ៉ុបបានចោទប្រកាន់អ៊ីរ៉ង់ថា មិនគោរពតាមការសន្យារបស់ខ្លួនពីមុន។
 
ជាងនេះទៀត សូម្បីតែប្រទេសរុស្ស៊ី ដែលជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ៊ីរ៉ង់ ក៏មានចម្ងល់អំពីការប្ដេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដែរ។
 
ចំណែកឯប្រទេសអ៊ីស្រាអែលដែលជាប្រទេសតាមដានការចរចានេះពីខាងក្រៅវិញ បានបង្កើនវោហាសាស្ត្ររបស់ខ្លួនរិះគន់លើអ៊ីរ៉ង់ ហើយគ្រោងនឹងបញ្ជូនមន្ត្រីសន្តិសុខកំពូលពីររូបរបស់ខ្លួនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីប្រឹក្សាយោបល់លើរឿងនេះ។
 
ការចរចានេះ គឺដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចចំនួន ៦។ កិច្ចព្រមព្រៀងនេះមានគោលបំណងដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com