អន្តរជាតិ
វៀតណាម សង្ឃឹមខ្លាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP
08, Dec 2021 , 9:29 am        
រូបភាព
អ្នកស្រី Phan Thi Thanh Xuan អនុប្រធាន​សមាគម​រោងចក្រ​ផលិត​ផល​ស្បែក​សត្វ ស្បែក​ជើង និង​កាបូប​វៀតណាម
អ្នកស្រី Phan Thi Thanh Xuan អនុប្រធាន​សមាគម​រោងចក្រ​ផលិត​ផល​ស្បែក​សត្វ ស្បែក​ជើង និង​កាបូប​វៀតណាម
ដោយ: VOA
ប្រទេសវៀតណាម ទំនងជាមើលឃើញផលប្រយោជន៍រយៈពេលខ្លីពីសមាជិកភាពក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP (Regional Comprehensive Economic Partnership) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយនឹងចូលជាធរមាននៅខែមករាខាងមុខ បន្ទាប់ពីអូស្ត្រាលី និងនូវែលសេឡង់ បានផ្តល់សច្ចានុម័តដល់កិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅ។

 
ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលរួមមានចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរួមមានព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
 
មនុស្សភាគច្រើនបានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងពិភពលោក ដែលស្មើនឹងប្រមាណ ៣០% នៃប្រជាជនសរុបក្នុងពិភពលោក និង ៣០% នៃផលិតផលសរុបក្នុងស្រុកសាកល។ គេរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងលុបចោលពន្ធគយលើទំនិញជាង ៩០% ដែលត្រូវបានធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះ។
 
ប្រទេសវៀតណាមចាត់ទុកកិច្ចព្រមព្រៀង RCEP នេះជាជោគជ័យមួយក្នុងចំណោមជោគជ័យជាច្រើនក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩ និងតម្រូវការនៃការងើបសេដ្ឋកិច្ចឡើងវិញ។ បូកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមចំនួន ១៤ ផ្សេងទៀតដែលបានចូលជាធរមានរួចហើយនោះ កិច្ចព្រមព្រៀង RCEP ត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យមានការនាំចេញទំនិញវៀតណាមទៅទីផ្សារកាន់តែច្រើនជាមួយនឹងអត្រាពន្ធគយទាបជាងមុន។
 
លោក Steven Okun ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន McLarty Associates ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ភូមិសាស្ត្រយុទ្ធសាស្ត្របានប្រាប់ VOA ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយ ជាពិសេសនៅពេលវាជួយសម្រួលដល់ពាណិជ្ជកម្ម និងធ្វើឱ្យសមាហរណកម្មសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរ។
 
លោក Steven Okun បានថ្លែងប្រាប់ VOA ក្នុងន័យដើមថា «ក្នុងរយៈពេលវែង ប្រសិនបើកិច្ចព្រមព្រៀង RCEP មានការចូលរួមផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងពីចិន ជប៉ុន និងកូរ៉េ នោះវាអាចនឹងកម្រិតការធ្វើសមាហរណកម្មសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ ប៉ុន្តែអាចនឹងផ្តល់ឱកាសដល់ប្រទេសនានានៅអាស៊ីអាគ្នេយ៍ដូចជាវៀតណាមជាដើម។ វាទំនងជាមិនប៉ះពាល់ដល់ការផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់ដែលកំពុងតែកើតមាន ចេញពីប្រទេសចិននោះទេ»។
 
សម្រាប់វៀតណាម កិច្ចព្រមព្រៀង RCEP ក៏នឹងបើកផ្លូវឱ្យមានការនាំចូលក្នុងតម្លៃទាប ជាពិសេសវត្ថុធាតុដើមដែលត្រូវការសម្រាប់ការផលិត។ បើគិតតែនៅក្នុងតំបន់អាស៊ានតែមួយ ការនាំចូលវត្ថុធាតុដើម និងសម្ភារៈផលិតប្រចាំឆ្នាំរបស់វៀតណាមមានចំនួនលើស ៣០ ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត វៀតណាមនៅតែមានឱនភាពពាណិជ្ជកម្មរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗជាមួយនឹងទីផ្សារធំៗ ដូចជាចិន និងកូរ៉េខាងត្បូង។ នេះបើយោងតាមកាសែតរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម។
 
វត្ថុធាតុដើមដែលនាំចូលពីប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP នឹងត្រូវចាត់ទុកថា ជាវត្ថុធាតុដើមផលិតក្នុងប្រទេសវៀតណាម នៅពេលផលិតផលនោះ ត្រូវបាននាំចេញទៅប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP វិញ។ ការធ្វើបែបនេះអនុញ្ញាតឱ្យផលិតផលនាំចេញដាក់ស្លាកថា ផលិតនៅវៀតណាម ដែលអាចបន្ធូរបន្ថយពន្ធគយដែលប្រទេសនាំចូលដាក់លើទំនិញទាំងនោះ។ ក៏មានប្រទេសមួយចំនួនផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងច្រើនដល់វិស័យនាំចេញដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររបស់វៀតណាមផងដែរ ដូចជាវិស័យអេឡិចត្រូនិក គ្រឿងបន្លាស់ វាយនភណ្ឌ ស្បែកជើង និងវិស័យផ្សេងទៀតៗ។
 
កាសែតខាងលើសរសេរថា «ដូច្នេះ វៀតណាមទទួលបានប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀង RCEP នៅពេលវៀតណាមមានផលិតផលសំខាន់ៗដូចជា កសិកម្ម និងជលផលដែលអាចបំពេញតម្រូវការរបស់ប្រទេសជាសមាជិក RCEP ជាច្រើន។ ដោយសារតែការធ្វើឱ្យស៊ីសង្វាក់គ្នានៃវិធានប្រភពដើមនៅក្នុងប្លុកប្រទេស RCEP ផលិតផលវៀតណាម អាចបំពេញលក្ខខណ្ឌស្រួលជាងមុនដើម្បីអាចទទួលបានការអនុគ្រោះពន្ធគយ និងបង្កើនការនាំចេញនៅក្នុងតំបន់ជាពិសេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់»។
 
អ្នកស្រី Phan Thi Thanh Xuan អនុប្រធានសមាគមរោងចក្រផលិតផលស្បែកសត្វ ស្បែកជើង និងកាបូបវៀតណាមបាននិយាយថា វិស័យនេះ នឹងទទួលផលប្រយោជន៍ពីការនាំចូលវត្ថុធាតុដើមពីប្រទេសចិននៅក្រោមកិច្ចព្រមព្រៀង RCEP។ វៀតណាម អាចនាំចូលវត្ថុធាតុដើមនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនរួចទៅហើយ ប៉ុន្តែការនាំចេញផលិតផលដែលផលិតរួចនៅវៀតណាមទៅកាន់ប្រទេសផ្សេងក្រៅពីចិន និងសមាជិកអាស៊ាន មិនត្រូវបានចាត់ទុកថា ជាផលិតផលផលិតនៅវៀតណាមនោះទេ។ នៅក្រោមកិច្ចព្រមព្រៀង RCEP ការនាំចេញបែបនេះទៅជប៉ុន និងប្រទេសសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP នឹងទទួលបានពន្ធគយទាបជាង ដែលដូចទៅនឹងផលិតផលដែលផលិតនៅវៀតណាមអ៊ីចឹងដែរ។
 
ជាទស្សនៈរបស់វៀតណាម ការចូលរួមក្នុងកិច្ចព្រមព្រៀង RCEP នាំមកនូវគុណសម្បត្តិ និងគុណវិបត្តិ។ ស្របពេលដែលក្តីរំពឹងនៃការបង្កើនការនាំចេញអាចមានសូចនាករកំណើនសេដ្ឋកិច្ចវិជ្ជមានសម្រាប់វៀតណាម ក៏មានក្តីបារម្ភថា តើកិច្ចព្រមព្រៀងនេះ នឹងប៉ះពាល់ដល់ទីផ្សារក្នុងស្រុកយ៉ាងដូចម្តេច។ ទីផ្សារវៀតណាមមានសហគ្រាសធុនតូច និងមធ្យមយ៉ាងច្រើនរហូតដល់ ៩៨% នៃសហគ្រាសសរុប។ គេរំពឹងថា នឹងមានការហូរចូលនៃទំនិញយ៉ាងគំហុកមកពីប្រទេសផ្សេងជាពិសេសមកពីចិន។
 
ជាឧទាហរណ៍ អ្នកស្រី Thanh Xuan ថា នៅក្នុងវិស័យស្បែកជើង សហគ្រាសធុនតូច និងមធ្យមត្រូវបង្កើនសមត្ថភាពដើម្បីឈរជើងតទៅទៀត ដោយសារតែ «ចំណុចខ្លាំងនៅខាងក្នុងមានភាពទន់ខ្សោយណាស់។ នៅក្នុងទីផ្សារប្រកួតប្រជែង ប្រសិនបើពួកគេមិនបង្កើនសមត្ថភាពទេ ពួកគេនឹងត្រូវបាត់ពីទីផ្សារយ៉ាងស្រួល»។
 
អ្នកស្រី Thanh Xuan បន្ថែមទៀតថា «ជាការពិត ចំណែកសហគ្រាសធុនតូច និងមធ្យមមានចំនួន ៦០% [នៅក្នុងវិស័យស្បែកជើង] ប៉ុន្តែការរួមចំណែកក្នុងការនាំចេញមានកម្រិតទាប ដែលមានតិចជាង ២០%។ ផ្ទុយទៅវិញ ការវិនិយោគបរទេសដោយផ្ទាល់ និងសហគ្រាសធំៗនៅវៀតណាមមានចំនួនប្រមាណតែ ៣០% ទៅ ៤០% ប៉ុន្តែចំនួននៃការនាំចេញមានរហូតដល់ ៨០% ទៅ ៩០%»។
 
អ្នកស្រី Thanh Xuan បានប្រាប់ VOA ក្នុងសម្តីដើមថា៖
 
«ក៏មានគុណសម្បត្តិជួយវៀតណាមបង្កើនសមត្ថភាពរបស់ខ្លួនផងដែរ។ នៅក្នុងវិស័យស្បែកជើង វៀតណាមមានផលប្រយោជន៍បន្ថែមជាច្រើន ហើយសព្វថ្ងៃជាប្រភពធំបំផុតទី២នៃការនាំចេញស្បែកជើងនៅក្នុងពិភពលោក។ យើងក៏បានបង្កើតឱ្យមានសង្វាក់ផ្គត់ផ្គង់រយៈពេលវែងល្មមជាមួយទីផ្សារសំខាន់ៗ។ ការវិនិយោគបរទេសនៅវៀតណាមជាដំណើរការយូរអង្វែង ហើយមានចំនួនច្រើនគួរសម»។
 
អ្នកស្រីបានបន្ថែមថា «ជាទូទៅ សក្តានុពលកំណើនសម្រាប់វិស័យនេះនៅតែល្អ មានការប្រកួតប្រជែង និងមានកេរ្តិ៍ឈ្មោះក្នុងចំណោមម៉ាកធំៗ ដែលពួកគេនៅតែស្ថិតនៅក្នុងប្រទេសវៀតណាម ហើយអ្នកវិនិយោគបរទេសនៅតែប្តេជ្ញាបន្តធ្វើការផលិតនៅក្នុងប្រទេសវៀតណាម យ៉ាងហោចណាស់សម្រាប់ ១០ ទៅ ២០ ឆ្នាំទៀតដែរ»។
 
លោក Okun ដែលជាអតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅសិង្ហបុរីផងដែរនោះបានថ្លែងថា វៀតណាម ទទួលបានផលប្រយោជន៍សំខាន់ៗជាងសមាជិក RCEP ភាគច្រើនផ្សេងទៀត ដោយសារតែប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយផ្សេងទៀត។
 
លោកថា កិច្ចព្រមព្រៀងនេះ ចែងពីការធ្វើឱ្យពាណិជ្ជកម្មមានភាពជឿនលឿនដូចជា ការឱ្យប្រទេសសមាជិកប្តេជ្ញាធានាថា សហគ្រាសគ្រប់គ្រងដោយរដ្ឋប្រកួតដោយស្មើភាពជាមួយនឹងក្រុមហ៊ុនឯកជន ដោយមិនមានអត្ថប្រយោជន៍មិនត្រឹមត្រូវណាមួយពីរដ្ឋាភិបាលនោះទេ។ កិច្ចព្រមព្រៀង CPTPP ក៏មាន «វិធានពាណិជ្ជកម្មឌីថីជលកម្រិតខ្ពស់ ដែលប្រសិនបើអនុវត្តពេញលេញ អាចនឹងពង្រឹងសេដ្ឋកិច្ចឌីជីថលវៀតណាម និងបើកផ្លូវសម្រាប់ឱកាសថ្មីៗសម្រាប់សេដ្ឋកិច្ចឌីជីថលដែលនឹងក្លាយជាចលករនៃកំណើនសម្រាប់វៀតណាមនៅពេលខាងមុខ»។
 
លោកបានប្រាប់ VOA ក្នុងសម្តីដើមថា «វៀតណាមគួរធ្វើសកម្មភាពភ្លាមៗដើម្បីអនុវត្តការប្តេជ្ញារបស់ខ្លួនក្នុងក្របខណ្ឌកិច្ចព្រមព្រៀង CPTPP និងអាចធ្វើលើសពីនេះទៅទៀតតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលថ្មីជាមួយដៃគូគន្លឹះៗ ដូចជាសិង្ហបុរី និងសហរដ្ឋអាមេរិក។ ការណ៍នេះ នឹងអាចជួយវៀតណាមឱ្យរក្សាឋានៈអនុគ្រោះពន្ធដើម្បីបង្កើតមូលដ្ឋានសម្រាប់ការងើបសេដ្ឋកិច្ចឡើងវិញរបស់ខ្លួន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចបំផុតដែលអាចទទួលបានប្រយោជន៍ទាំងពីកិច្ចព្រមព្រៀង RCEP ទាំង CPTPP និងបង្កើនឱកាសក្នុងកម្រិតអតិបរមាសម្រាប់កំណើនតាមរយៈសេដ្ឋកិច្ចឌីជីថល»៕

© រក្សាសិទ្ធិដោយ thmeythmey.com