អន្តរជាតិ
រុស្ស៊ីនិងឥណ្ឌា អះអាងជាថ្មីអំពីទំនាក់ទំនងដ៏ទុកចិត្តរវាងប្រទេសទាំងពីរ
08, Dec 2021 , 11:29 pm        
រូបភាព
រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi
រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi
ដោយ: VOA
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបញ្ជាក់អះអាងជាថ្មីអំពីចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុងជំនួបក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍​កន្លងមក។

 
ជំនួបនេះ មានបំណងចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានភាពរកាំរកូសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលប្រទេសឥណ្ឌាខិតកាន់តែជិតទៅរកសហរដ្ឋអាមេរិក ហើយរុស្ស៊ីងាកកាន់តែជិតទៅរកប្រទេសចិន។
 
នៅក្នុងជំនួបនោះ លោក Putin បានហៅប្រទេសឥណ្ឌាថា ជា«ប្រទេសមហាអំណាចដ៏អស្ចារ្យ ប្រទេសមិត្តភាព និងជាមិត្តភក្តិដ៏ទុកចិត្តមួយ» ចំណែកឯលោក Modi វិញ បាននិយាយថា បើទោះបីជាមានការលេចឡើងនូវបញ្ហាភូមិសាស្ត្រនយោបាយស្មុគស្មាញផ្សេងៗនៅក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ «មិត្តភាពរវាងប្រទេសឥណ្ឌា និងរុស្ស៊ីមិនមានការប្រែប្រួលនោះឡើយ»។
 
ទំនាក់ទំនងផ្នែកការពារជាតិ គឺជាចំណុចកំពូលនៅក្នុងរបៀបវារៈពិភាក្សា ដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បានអំពាវនាវឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប្រទេសរុស្ស៊ី។
 
ក្នុងចំណោមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខានៅក្នុងជំនួបនោះ មានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យប្រទេសឥណ្ឌាទិញកាំភ្លើង AK-203 ជាង ៦០០.០០០ ដើម ពីប្រទេសរុស្ស៊ី និងកិច្ចព្រមព្រៀងមួយទៀតដែលអនុញ្ញាតឲ្យពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធារវាងប្រទេសទាំងពីរនៅក្នុងទស្សវត្សរ៍ខាងមុខ៕

© រក្សាសិទ្ធិដោយ thmeythmey.com