កីឡាជាតិ
ជាតិ
តើកម្ពុជាអាចយកឈ្នះឥណ្ឌូណេស៊ី ដើម្បីបំបែកប្រវត្តិសាស្រ្តទេ ?
09, Dec 2021 , 5:00 pm        
រូបភាព
រូបពីAFF Suzuki
រូបពីAFF Suzuki
ក្រុមជម្រើសជាតិកម្ពុជា ត្រូវតទល់ជាមួយឥណ្ឌូណេស៊ី នៃការប្រកួតជើងឯក AFF Suzuki Cup 2020 
នៅយប់ថ្ងៃទី៩ ខែធ្នូ វេលាម៉ោង ៧:៣០នាទី នាកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី ។ កម្ពុជា មិនដែលឈ្នះឥណ្ឌូណេស៊ីឡើយ ។


 
នេះមិនមែនជា លើកទីមួយទេ ដែលជម្រើសជាតិកម្ពុជា ជួបជាមួយឥណ្ឌូណេស៊ី ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ចំនួន១៦លើក កន្លងមកហើយ ដោយកម្ពុជា មិនដែលឈ្នះឥណ្ឌូណេស៊ីឡើយ ក្រៅពីស្មើគ្នាមួយប្រកួត។
 
ក្នុងការប្រកួតជើងឯក AFF Suzuki Cup នេះវិញ កម្ពុជា ធ្លាប់ចាញ់ ៤លើករួចមក​ហើយ ដោយលើកទី១ ក្នុងឆ្នាំ១៩៩៦ ក្នុងលទ្ធផល ៣-០, ឆ្នាំ២០០២​ លទ្ធផល ៤-២, ឆ្នាំ២០០៤ លទ្ធផល ៨-២ និងឆ្នាំ២០០៨ លទ្ធផល ៤-០ ។ 
 
ចំណែកនៅក្នុងវគ្គជម្រុះ ស៊ីហ្គេម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៩៥ កម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ១០ ទល់ ០ និងស៊ីហ្គេម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៩ ក្នុងលទ្ធផល ១ទល់០ ។ នៅជំនួបពាន AFC Asian Cup ឆ្នាំ១៩៩៩ វិញ កម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ទាំងពីរជើង ដោយជើងទី១ ក្នុងលទ្ធផល ១ទល់៥ និងជើងទី២ ក្នុងលទ្ធផល ៩ទល់២ ។
 
ក្នុងការប្រកួតជម្រុះ FIFA World Cup ក្នុងឆ្នាំ១៩៩៧ កម្ពុជាបានចាញ់១ជើង ក្នុងលទ្ធផល ៨ទល់០ និងជើងទី២ ស្មើគ្នា ដោយលទ្ធផល ១ទល់១ ។ មកដល់ឆ្នាំ២០០១ ក្នុងព្រឹត្ដិការណ៍FIFA World Cup ដដែល កម្ពុជាចាញ់ទាំងពីរជើង ដោយជើងទី១ លទ្ធផល ៦ទល់០ និងជើងទី២ លទ្ធផល ២ទល់០ ។
 
ឥណ្ឌូណេស៊ី បានយកឈ្នះកម្ពុជាទាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក្នុងឆ្នាំ២០០៨ ដោយលទ្ធផល ៧ទល់០, លទ្ធផល ១ទល់០ ឆ្នាំ២០១៤ និងលទ្ធផល ២ទល០ នាថ្ងៃទី៨ មិថុនា ២០១៧ និងលទ្ធផល ៣ទល់១ នាថ្ងៃទី៤ ខែសីហា ២០១៧ ។
 
ប្រកួតដំបូងនៅក្នុងពូលB កម្ពុជា បានចាញ់ម៉ាឡេស៊ី ៣-១ នៃពានរង្វាន់AFF Suzuki Cup  2020 កាលពីថ្ងៃទី៦ ធ្នូ។ បើទោះជាការប្រកួតលើកទីមួយក្នុងពូលB កម្ពុជាចាញ់ក្តី តែក្រុមគោព្រៃ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយការលេងយ៉ាងមានទំនុកចិត្ត ហើយបង្កើតឱកាសរកគ្រាប់បាល់ទៀតផង ។ តើទម្រង់លេងរបស់កម្ពុជាបច្ចុប្បន្ន អាចបង្កើតកំណត់ត្រាថ្មី ឱ្យកម្ពុជាក្នុងជំនួបឥណ្ឌូណេស៊ីនេះដែរឬទេ ?

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com