អន្តរជាតិ
លោក Biden ព្រមានលោក Putin មិនឲ្យឈ្លានពានអ៊ុយក្រែន
09, Dec 2021 , 11:29 pm        
រូបភាព
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១
ដោយ: VOA
នៅក្នុងជំនួបកំពូលតាមអនឡាញកាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីជំហានមួយចំនួនដែលសហរដ្ឋអាមេរិកនឹងប្រកាន់យក ប្រសិនបើរុស្ស៊ីសម្រេចលុកលុយប្រទេសអ៊ុយក្រែន។

 
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា៖ «ប្រសិនបើរុស្ស៊ីលុកលុយប្រទេសអ៊ុយក្រែនបន្ថែមទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួននឹងឆ្លើយតបដោយវិធានការសេដ្ឋកិច្ចខ្លាំងក្លា។ យើងនឹងផ្តល់ឧបករណ៍ការពារខ្លួនដល់ប្រទេសអ៊ុយក្រែនឲ្យកាន់តែច្រើនថែមទៀតលើសពីអ្វីដែលយើងបានផ្តល់ក្នុងពេលកន្លងមក។ យើងនឹងពង្រឹងសមត្ថភាពបន្ថែមទៀតដល់សម្ព័ន្ធមិត្តអង្គការអូតង់ (NATO) របស់យើងដែលមកពីតំបន់អឺរ៉ុបខាងកើត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹងកើនឡើងដូចនេះ»។
 
លោក Sullivan ក៏បានបញ្ជាក់ផងដែរថា លោក Biden បានផ្តល់នូវជម្រើសមួយផ្សេងទៀតដល់លោក Putin ដែលនោះ គឺ«ការបន្ថយភាពតានតឹង និងការទូត»។
 
បើយោងតាមរដ្ឋាភិបាលរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា ការអនុវត្តរបស់ប្រទេសអ៊ុយក្រែនតាមកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ឆ្នាំ ២០១៥ មានដំណើរការយឺតយ៉ាវ។ កិច្ចព្រមព្រៀងនេះ មានបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ Donbass នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Putin ក៏បានលើកឡើងផងដែរ អំពី«ក្តីបារម្ភខ្លាំងក្លាអំពីសកម្មភាពបង្កហេតុរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងតំបន់ Donbass»។
 
ជាងនេះទៀត លោក Putin បានចោទប្រកាន់អង្គការអូតង់ថា បាន«ប៉ុនប៉ងដ៏គ្រោះថ្នាក់នៅក្នុងការដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន» និងនៅក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួននៅជិតព្រំដែនប្រទេសរុស្ស៊ី។ នេះ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលរុស្ស៊ី។
 
ជំនួបលើកនេះ គឺជាជំនួបកំពូលតាមអនឡាញលើកទីពីររបស់លោក Biden ជាមួយនឹងមេដឹកនាំប្រទេសដែលជាគូប្រជែងរបស់សហរដ្ឋអាមេរិក។ កាលពីខែតុលាកន្លងទៅ លោក Biden បានជួបប្រជុំជាមួយប្រធានាធិបតីចិនលោក Xi Jinping៕
 
លោក Jamie Dettmer រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។

© រក្សាសិទ្ធិដោយ thmeythmey.com