ជាតិ
ពីនេះ ពីនោះ
ក្រសួងបរិស្ថាន និងUNDP បើកកម្មវិធីប្រកួតប្រជែង «យុទ្ធនាការកាត់បន្ថយប្លាស្ទិក»
10, Dec 2021 , 6:59 pm        
រូបភាព
ទីលានចាក់សំរាមសំណល់រឹង មួយកន្លែងក្នុងខេត្តព្រះសីហនុ។
ទីលានចាក់សំរាមសំណល់រឹង មួយកន្លែងក្នុងខេត្តព្រះសីហនុ។
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបើកសម្ពោធកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនា​ការកាត់បន្ថយប្លាស្ទិក» ក្រោមគោលបំណង ដើម្បីទប់ស្កាត់សំណល់ប្លាស្ទិក លើដី និងក្នុងសមុទ្រ។



ក្រសួងបរិស្ថាន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានបើកសម្ពោធផ្លូវការ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនា​ការកាត់បន្ថយប្លាស្ទិក» ក្រោមជំនួ​យថវិកាពីប្រទេសជប៉ុន តាមរយៈUNDP។ គោលបំណងសំខាន់ក្នុងកម្មវិធីនេះ ដើម្បី​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រប់គ្រងសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ។
 
លោកស្រី លាង ចន្ធី អ្នកសម្របសម្រួលគម្រោង បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ មានគោលបំណងចម្បងចំនួនបីគឺ ស្វែងរក និងផ្ដល់ឱកាសដល់សាធារណជន ក្នុង​ការចូលរួមគំនិតច្នៃប្រឌិត ចំពោះការកាត់បន្ថយប្លាស្ទិក, បង្កើន និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ និង ជំរុញលើការផ្លាស់ប្ដូរឥរិយាបថសាធារណជនក្នុងការប្រើប្រាស់ប្លាស្ទិក។ 
 
បើតាមលោកស្រី លាង ចន្ធី ដដែល ថវិកាសរុបក្នុងការប្រកួតប្រជែងនេះមានចំនួន ៧ម៉ឺនដុល្លារ សម្រាប់បេក្ខជនដែលចូលរួមប្រកួត ដោយបេក្ខជនដែលឈ្នះក្នុងការប្រកួត នឹងទទួលបានថវិកាចំនួន ១ម៉ឺន ៨ពាន់ដុល្លារ។ លោកស្រីបន្ថែមថា អ្នកដែលអាចដាក់ពាក្យចូលរួមបាន គឺសាធារណជនទូទៅ និស្សិត សមាគម អង្គការក្រៅ និងក្នុងស្រុក ក៏ដូចជាក្រុមហ៊ុនឯកជននានា។ 

 លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និង លោក គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងនាយកគម្រោងជាតិ និងជាទីប្រឹក្សាក្រសួងបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។  
 
លោក គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងនាយក​គម្រោង​ជាតិ និង​ជាទី​ប្រឹក្សា​ក្រសួងបរិស្ថាន បានលើកឡើង​ថា គម្រោង«យុទ្ធនាការកាត់បន្ថយប្លាស្ទិក»នេះ ធ្វើឡើងក្នុងគោលបំណង អនុវត្តគោលនយោបាយកាត់បន្ថយ និងគ្រប់គ្រងសំណល់​នៅកម្ពុជា ជាពិសេសប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈវិធាន 4Rs។ វិធានគោលការណ៍ 4Rs រួមមាន Refuse(បដិសេធ), Reduce(កាត់បន្ថយ), Reuse(ប្រើប្រាស់ឡើងវិញ) និង Recycle(កែច្នៃ)។
 
ការលើកឡើងបែបនេះ របស់លោក គិត ច័ន្ទគ្រឹស្នា គឺធ្វើឡើង នាថ្ងៃបើកសម្ពោធ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតអំពី «យុទ្ធនា​ការកាត់បន្ថយប្លាស្ទិក»។ 
 
នាឱកាសបើកសម្ពោធនេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ថា កម្មវិធីប្រកួតនេះ​ មានសារៈសំខាន់ណាស់ ដើម្បីបំផុសគំនិតច្នៃប្រឌិតនានា ពីសាធារណជន ដើម្បីចូលរួមក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក។  ជាមួយគ្នានេះ លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP បាននិយាយថា ការបំពុលដោយប្លាស្ទិក គឺជាការបំពុលសាកល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។

លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ 
 
ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព គឺយើងត្រូវយល់ដឹង ថាហេតុអ្វីបានជាសំណល់ប្លាស្ទិកវាជាបញ្ហា ហើយប្រជាជន អាចជាផ្នែកមួយនៅក្នុងដំណោះស្រាយនេះ។ លោកស្រី បន្ថែមទៀតថា ការបង្កើតការប្រកួតប្រជែងនេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជន ព្រោះវាសំខាន់ណាស់ ដែលយើងត្រូវមានការខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនេះបាន។
 
សូមជម្រាបផងដែរថា កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនា​ការកាត់បន្ថយប្លាស្ទិក»នេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃបើកសម្ពោធ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះបេក្ខជន ដាក់ពាក្យចូលរួម អាចដាក់ពាក្យជាមួយនឹងគំនិតលើសពីមួយបាន។
បេក្ខជន ដែលចាប់អារម្មណ៍ដាក់ពាក្យ ឬផ្ញើជាសំណួរ អាចផ្ញើតាមរយៈ [email protected]

Tag:
 ក្រសួងបរិស្ថាន
  យុទ្ធនាការកាត់បន្ថយប្លាស្ទិក
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com