ពីនេះ ពីនោះ
សុខភាព
ការសិក្សា៖ អត្រាចង្វាក់បេះដូងកើនឡើង បង្កើនហានិភ័យជំងឺវង្វេង
12, Dec 2021 , 8:29 am        
រូបភាព
រូបភាព៖ Jair Lázaro-Unsplash
រូបភាព៖ Jair Lázaro-Unsplash
ការសិក្សាថ្មីមួយ បានបង្ហាញថា ការមានអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់ចំពោះមនុស្ស​ចាស់ បានក្លាយជាកត្តាបង្កហានិភ័យ​ជំងឺវង្វេង។ ចំណែកក្រុមអ្នកស្រាវជ្រាវបានជឿជាក់ថា​ ការដឹងពីល្បឿន​ចង្វាក់បេះដូង អាចជួយកំណត់កម្រិតហានិភ័យនៃជំងឺវង្វេងបាន។ នេះ គឺដោយសារចង្វាក់​បេះដូង​ងាយ​ក្នុងការវាស់ស្ទង់ ហើយអាចតម្រូវឱ្យលោតក្នុងល្បឿនធម្មតាវិញ​បាន ​តាមរយៈ​ការធ្វើលំហាត់ប្រាណ ឬ​តាមរយៈការព្យាបាល។

 
អត្រាអ្នកកើតជំងឺវង្វេងត្រូវបានអ្នកជំនាញរំពឹងថា នឹងកើនឡើងដល់ ១៣៩លាននាក់នៅទូទាំង​ពិភពលោកត្រឹមឆ្នាំ ២០៥០ ខណៈក្នុងឆ្នាំ២០២០ មានអ្នកជំងឺត្រឹម ៥៥លាននាក់​ប៉ុណ្ណោះ។ នេះបើយោងតាមអង្គការអន្តរជាតិប្រឆាំងជំងឺចាស់វង្វេង។ ស្របគ្នានេះ ការសិក្សានៅ​វិទ្យាស្ថាន Karolinska របស់ស៊ុយអែត ដែលចុះផ្សាយលើទិនានុប្បវត្តិ Alzheimer’s & Dementia បានបង្ហាញថា ការមានអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់​ក្នុងវ័យចំណាស់ គឺជាកត្តាមួយរួមចំណែកបង្កហានិភ័យជំងឺវង្វេង។
 
លើសពីនេះ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាការដឹងពីល្បឿនចង្វាក់បេះដូងអាចជួយកំណត់​កម្រិតហានិភ័យនៃជំងឺវង្វេងបាន។ នេះ គឺដោយ​សារ អត្រាចង្វាក់បេះដូងងាយស្រួលក្នុងការ​វាស់ ហើយអាចតម្រូវឱ្យមានល្បឿនធម្មតាវិញ​បានតាមរយៈការ​ហាត់​ប្រាណ ឬតាមរយៈ​ការព្យាបាល។
 
ការសិក្សាខាងលើ មានអ្នកចូលរួមចំនួន ២១៤៧នាក់ ដោយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ អ្នកជំនាញ​បានតាមដានអាការៈអ្នកចូលរួមរហូតដល់ ១២ឆ្នាំ ហើយបានបង្ហាញថាបុគ្គលដែលមាន​ចង្វាក់បេះដូងលោតជាមធ្យម ៨០ដងក្នុងមួយនាទី ឬច្រើនជាងនេះ ប្រឈមហានិភ័យជំងឺ​វង្វេងប្រមាណ៥៥ភាគរយ ច្រើនជាងអ្នកដែលមានអត្រាបេះដូងលោតចន្លោះ៦០ទៅ ៦៩ដងក្នុងមួយនាទី។ 
 
អ្នកស្រាវជ្រាវបានជឿជាក់ថាការដឹងពីល្បឿននៃអត្រាចង្វាក់បេះដូងពិតជាមានសារសំខាន់ក្នុងការកំណត់កម្រិតហានិភ័យជំងឺវង្វេង។ ប្រសិនបើក្រុមគ្រូពេទ្យអាចតាមដានដឹងពីការ​វិវដ្ដនៃអាការៈរបស់អ្នកជំងឺ នោះ ការព្យាបាលនឹងធ្វើឡើងទាន់​ពេលវេលា ដើម្បីពន្យារពេល​នៃការចាប់ផ្តើមវិវដ្ដទៅរកជំងឺវង្វេង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្ស។ 
បច្ចុប្បន្ននេះ ជំងឺ​វង្វេងមិនទាន់មានការព្យាបាលនៅឡើយទេ ប៉ុន្តែភស្តុតាងនៃការសិក្សា​មួយចំនួនបាន​បង្ហាញថា ការហាត់ប្រាណ និងរស់នៅដោយយកចិត្តទុកដាក់លើសុខភាព ពិសេស​សុខភាពសរសៃ​ឈាមបេះដូង អាចជួយពន្យារការចាប់ផ្តើមនៃជំងឺវង្វេង និងបន្ថយ​អាការៈធ្ងន់ធ្ងរនៃជំងឺ៕

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com