អន្តរជាតិ
សកម្មជនប្រជាធិបតេយ្យហុងកុងលោក Jimmy Lai ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៣ខែ
14, Dec 2021 , 11:29 pm        
រូបភាព
សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai។ រូបភាព៖ AP
សេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Jimmy Lai។ រូបភាព៖ AP
ដោយ: VOA
មហាសេដ្ឋីព័ត៌មាន និងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងលោក Jimmy Lai ត្រូវបានតុលាការហុងកុងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៣ខែកាលពីថ្ងៃចន្ទ លើបទចោទប្រកាន់បានចូលរួមនៅក្នុងពិធីអុជទៀនដែលគ្មានការអនុញ្ញាតមួយដើម្បីរំឭកដល់ការសម្លាប់រង្គាលនៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ ក្នុងប្រទេសចិន។

 
លោក Lai និងសកម្មជនពីរូបផ្សេងទៀត គឺអ្នកស្រីមេធាវី Chow Hang Tung និងអតីតអ្នករាយការណ៍ព័ត៌មានអ្នកស្រី Gwyneth Ho ត្រូវបានកាត់ទោសកាលពីថ្ងៃព្រហ្បតិ៍សប្តាហ៍មុនពីបទ «ញុះញង់ និងចូលរួមនៅក្នុងការជួបប្រជុំមួយដែលគ្មានការអនុញ្ញាត»កាលពីឆ្នាំកន្លងទៅ។ អ្នកស្រី Tung ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១២ខែនៅថ្ងៃចន្ទម្សិលមិញ ខណៈពេលដែលអ្នកស្រី Ho ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន៦ខែ។
 
សកម្មជនទាំង៣រូប ស្ថិតក្នុងចំណោមសកម្មជនចំនួន៨នាក់ ដែលត្រូវបានកាត់ទោសពីបទរៀបចំ ចូលរូមឬញុះញង់អ្នកដទៃឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ សកម្មជនចំនួន៥នាក់ផ្សេងទៀត ក៏ត្រូវបានទទួលទោសជាប់ពន្ធនាគារកាលពីថ្ងៃចន្ទផងដែរ ដោយមានទោសចាប់ពី៤ ទៅ១៤ខែ។
 
លោក Lai និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ទៃទៀត ត្រូវបានអាជ្ញាធរក្រុងហុងកុងកំណត់ជាគោលដៅសម្រាប់ការបង្ក្រាប ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងមួយកាលខែមិថុនា ឆ្នាំ២០២០ កន្លងទៅដើម្បីឆ្លើយតបទៅនឹងការធ្វើបាតុកម្មរបស់មហាជនក្នុងទីក្រុងហុងកុង ដែលពេលខ្លះបានក្លាយជាអំពើហិង្សានៅក្នុងការប្រឆាំងតវ៉ាកាលពីឆ្នាំ១៩៩៩នោះ។ ការបង្រ្កាបនេះ បានផ្លាស់ប្តូរមុខមាត់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ពីទីក្រុងដែលមានស្វ័យភាពពាក់កណ្តាល ទៅជាទីក្រុងមួយ ដែលស្ថិតក្រោមការគ្រប់គ្រងកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
 
សារព័ត៌មាន Apple Daily របស់លោក Lai ត្រូវបានបង្ខំឲ្យបិទទ្វា ក្រោយដំណើរការអស់រយៈពេល ២៤ឆ្នាំកន្លងទៅ នៅពេលដែលលោក Lai និងប្រធានប្រតិបត្តិមួយចំនួនរបស់សារព័ត៌មាននេះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមច្បាប់សន្តិសុខនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com