ជាតិ
ផ្សែងបូជាសព មិនទាន់បាត់ហុយផង កូនចៅ ក៏ឈ្លោះគ្នាដណ្តើមតំណែង
16, Dec 2021 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
មិនត្រូវដណ្តើមមរតកគ្នា ទាំងដែលពិធីបុណ្យសពអាណាព្យាបាល ឬមេដឹកនាំរបស់អ្នក ទើបតែចប់ថ្មីៗនោះទេ ពីព្រោះវា ជាអំពើខ្វះគុណធម៌ និងគួរឲ្យខ្មាសអ្នកទៃជាពន់ពេក។

 

កូនចៅសាច់ញាតិនៃគ្រួសារខ្លះ គិតតែពីប្រឹងដណ្តើមទ្រព្យសម្បត្តិគ្នា តាំងពីឪពុកម្តាយនៅរស់ រហូតដល់ពួកគាត់ ទទួលមរណភាព។ មានកូនចៅសាច់ញាតិនៃគ្រួសារខ្លះទៀត ដល់ថ្នាក់ឈ្លោះគ្នាដណ្តើមទ្រព្យសម្បតិ្ត ទាំងដែលផ្សែងបូជាសពឪពុកឬម្តាយ មិនទាន់បាត់ហុយស្រួលបួលផង។ រូបភាពបែបនេះ គឺពិតជាអាក្រក់មើលណាស់ និងនាំឲ្យអសោចកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។  
 
មិនមែនតែក្នុងសង្គមគ្រួសារទេ ក្នុងសង្គមខាងក្រៅពីគ្រួសារ ដូចជា តាមស្ថាប័នរដ្ឋ តាមគណបក្សនយោបាយ តាមក្រុមហ៊ុនឯកជន ជាអាទិ៍ ក៏មានរូបភាពគួរឲ្យខ្មាសអៀនរបៀបនេះដែរ។ ខុសគ្នាត្រង់ថា សង្គមខាងក្រៅទាំងនេះ មិនដណ្តើមទ្រព្យសម្បត្តិគ្នា តែភាគច្រើន គឺដណ្តើមតំណែងគ្នា។ ស្ថាប័នរដ្ឋខ្លះ គណបក្សនយោបាយខ្លះ ក្រុមហ៊ុនឯកជនខ្លះ នៅពេលប្រធាន ឬប្រធានផ្នែកណាមួយ ទទួលមរណភាព ឬចូលនិវត្ត ឬលាលែង ចលនាដណ្តើមតំណែងគ្នា ក៏លេចឡើងមួយរំពេច។    
 
ថ្មីៗនេះ មានរឿងជាក់ស្តែងបែបនេះ កើតឡើងក្នុងគណបក្សនយោបាយមួយ។ មន្រ្តីគណបក្សនោះ ឈ្លោះតាំងពីប្រធានគណបក្សនៅរស់ រហូតដល់ប្រធានគណបក្សឈឺធ្ងន់ហើយ ក៏នៅតែឈ្លោះគ្នាទៀត។ អ្វីដែលទើសភ្នែកជាងនេះ គឺនៅពេលប្រធានគណបក្ស បានបាត់បង់ជីវិតដោយរោគាពាធ ហើយសព ត្រូវបានបូជារួចបានត្រឹមតែ៦ថ្ងៃ ជម្លោះរវាងមន្រ្តីនិងមន្រ្តី ដែលជាកូនចៅ ក៏ចាប់ផ្តើមរើឡើងភ្លាម។ បើពិចារណាទៅ សេចក្តីទុក្ខសោករបស់គ្រួសារ និងសេចក្តីទុក្ខសោករបស់មន្រ្តីដែលគោរពស្រឡាញ់ប្រធានចាស់នោះ មិនទាន់បានរំសាយពីក្នុងចិត្តផង បែរជាមានមន្រ្តីឈ្លោះគ្នា។ ឈ្លោះរឿងអ្វី? គឺឈ្លោះរឿងតំណែងប្រធាន និងតំណែងតាមថ្នាក់ផ្សេងទៀត។ 
 
៦ថ្ងៃក្រោយការបូជាសពប្រធានចាស់ មន្រ្តី១ក្រុម ក៏សម្រេចរួមគ្នាបើកកិច្ចប្រជុំ ដើម្បីរើសបុគ្គលម្នាក់ ដែលពួកគេពេញចិត្ត ឲ្យធ្វើជាប្រធានថ្មី ឯមន្រ្តី១ក្រុមទៀត ដែលមិនបានចូលរួមប្រជុំ បានចេញមកប្រឆាំងយ៉ាងដាច់អហង្ការ ហើយទាមទារឲ្យរើសបុគ្គលម្នាក់ផ្សេង ដែលពួកគេពេញចិត្ត ធ្វើជាប្រធានថ្មីវិញ។ នេះជាមូលហេតុ ដែលបង្កឲ្យមានជម្លោះសាជាថ្មីក្នុងគណបក្សនោះ។
 
ហេតុអ្វី បានជាពួកគេ ប្រញាប់ឈ្លោះគ្នាដោយសាររឿងតំណែងម្ល៉េះ ទាំងដែលសពប្រធានចាស់របស់ពួកគេ ត្រូវបានបូជាមិនដល់មួយសប្តាហ៍ផង? តើពួកគេ មិនយល់ថា ការឈ្លោះគ្នាក្នុងកាលៈទេសៈមិនសមរម្យបែបនេះ ជារឿងអគុណធម៌ និងគួរខ្មាសអ្នកដទៃទេឬ? តើពួកគេ មិនអាណិតដួងវិញ្ញាណក្ខន្ធប្រធានចាស់របស់ពួកគេទេឬ? បើដួងវិញ្ញាណក្ខន្ធប្រធានចាស់របស់ពួកគេ បានដឹង តើអាចនឹងបានស្ងប់ទេ? 
 
បើមិនអាចចៀសវាងពីការឈ្លោះគ្នាបាន ដោយម្នាក់ៗ ប្រកាន់ជំហរថា ត្រូវតែឈ្លោះគ្នានោះ គួរណាស់ ក៏អត់ទ្រាំរង់ចាំឲ្យពិធីបុណ្យសពប្រធានចាស់ ចប់ទៅរយៈពេលយូរបន្តិចដែរ ដូចជា ១ខែ ២ខែ ឬរយៈពេលសមរម្យណាមួយ។ 
 
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សនយោបាយ អាចមានពេលដល់ទៅ៩០ថ្ងៃឯណោះ ក្នុងការរើសប្រធានថ្មី។ ម្យ៉ាងទៀត លក្ខន្តិកៈរបស់គណបក្សនោះខ្លួនឯង ចែងថា ក្នុងករណី​ប្រធាន​ស័ក្ដិ គណៈកម្មាធិការ​នាយកនៃគណបក្សខ្លួន អាចបើក​សមាជ ដើម្បីរើសប្រធានថ្មី ក្នុង​រយៈវេលា៦០ថ្ងៃយ៉ាងយូរ។

បើពិនិត្យមើលទាំងច្បាប់ស្តីពីគណបក្សនយោបាយ ទាំងលក្ខន្តិកៈរបស់គណបក្សខ្លួនឯង គណបក្សនោះ អាចអូសបន្លាយពេលបានយ៉ាងតិចដល់៦០ថ្ងៃ ក្នុងការរើសប្រធានថ្មី។ មិនថាលក្ខន្តិកៈរបស់គណបក្សខ្លួន មិនថាច្បាប់ស្តីពីគណបក្សនយោបាយនោះទេ គឺពុំបានបង្ខំឲ្យគណបក្សនោះ ត្រូវតែរើសប្រធានថ្មីភ្លាមៗ ដូចដែលពួកគេ បានធ្វើឡើយ។ 
 
ជាធម្មតា គណបក្សនយោបាយ ត្រូវធ្វើកិច្ចការនយោបាយ ជាពិសេស ពេលការបោះឆ្នោតឃុំ-សង្កាត់២០២២ និងការបោះឆ្នោតជាតិ២០២៣ ជិតមកដល់ កិច្ចការនយោបាយរបស់គណបក្ស មានកាន់តែច្រើន ដូច្នេះ ចាំបាច់ត្រូវតែមានប្រធានដឹកនាំ។ បើគណបក្សរបស់ពួកគេ ស្ថិតក្នុងស្ថានភាពបែបនេះ​ គឺជារឿងត្រឹមត្រូវហើយ ដែលពួកគេ ត្រូវពិភាក្សាគ្នាពីការរើសប្រធានថ្មី ដោយសន្តិវិធី ដោយមិនត្រូវឈ្លោះគ្នាឡើយ ខណៈប្រធានចាស់ ទើបតែបាត់បង់ជីវិតក្នុងពេលថ្មីៗ។ ប៉ុន្តែ ពួកគេ ប្រហែលជាពុំបានគិតដល់ចំណុចនេះឡើយ។ ផ្ទុយមកវិញ ក្នុងចិត្តរបស់ពួកគេ គឺពួកគេ គិតតែពីចង់ឲ្យបុគ្គល ដែលពួកគេពេញចិត្ត ក្លាយជាប្រធាន និងចង់យកឈ្នះគ្នាទៅវិញទៅមកប៉ុណ្ណោះ។ 
 
ចូរឲ្យតម្លៃគុណធម៌ សីលធម៌ និង សេចក្តីថ្លៃថ្នូរ ខ្ពស់ជាងទ្រព្យសម្បត្តិ ឬតំណែង។ បើអ្នក មើលឃើញតែទ្រព្យសម្បត្តិ ឬតំណែង ហើយបោះបង់គុណធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរ នោះមិនត្រឹមតែអ្នកទេ គឺអាចគ្រួសាររបស់អ្នក ឬស្ថាប័នរបស់អ្នកទាំងមូល ដែលនឹងត្រូវខូចកេរ្តិ៍ឈ្មោះ៕

Tag:
 ទស្សនៈ
  សីលធម៌
  ដណ្តើមទ្រព្យ
  ដណ្តើមតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com