COVID-19
ជាតិ
ក្រសួង ឱ្យវិស័យឯកជនបញ្ចូលឈ្មោះអ្នកចាក់វ៉ាក់សាំងតាមមូលដ្ឋាន ក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ
17, Dec 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល ណែនាំឱ្យវិស័យឯកជនដែលផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់តាមមូលដ្ឋាន ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចុះឈ្មោះអ្នកចាក់វ៉ាក់សាំង និងកាតចាក់វ៉ាក់សាំងក្នុងស្តង់ដារតែមួយ ជាមួយរដ្ឋ។



សេវាសុខាភិបាលឯកជន មានមន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩​ ដល់ពលរដ្ឋតាមមូលដ្ឋាន ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចុះឈ្មោះ និងកាតចាក់វ៉ាក់សាំងក្នុងស្តង់ដារតែមួយ ជាមួយរដ្ឋ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី បែបបទនីតិវិធីនៃការចុះបញ្ជីចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់វិស័យឯកជន ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ។
 
បើតាមសេចក្ដីណែនាំដដែល មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រព័ន្ធផ្ទុកទិន្នន័យជាតិតែមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ផ្ទៀងផ្ទាត់តំណភ្ជាប់ទៅកាត និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
ទន្ទឹមនឹងនេះ វិស័យឯកជនទាំងអស់ ក៏ត្រូវការចេញកាតចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមូលដ្ឋានសេវាសុខាភិបាលឯកជន ធ្វើឡើងក្នុងស្តង់ដារតែមួយ ចៀសវាងការលេចចេញនូវការកត់ត្រា និងការចេញកាតចាក់វ៉ាក់សាំងច្រើនប្រភេទ ដែលធ្វើឱ្យមានការពិបាកក្នុងការទទួលស្គាល់នូវកាតចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ៕

Tag:
 វ៉ាក់សាំង
 ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com