កីឡាអន្តរជាតិ
អន្តរជាតិ
កូវីដ-១៩ ចាប់ផ្តើមអុកឡុក Premier League ជាថ្មី
17, Dec 2021 , 10:16 am        
រូបភាព
ក្របខណ្ឌ Premier League បានសម្រេចពន្យារពេលការប្រកួតចំនួន៥ទៀត ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩។ Manchester United ក៏ស្ថិតក្នុងចំណោមក្រុមដែលត្រូវពន្យាផងដែរ ក្រោយផ្អាកមួយលើករួចមកហើយក្នុងជំនួបជាមួយ Brentford នៅថ្ងៃទី១៥។



ជំនួបលីគកំពូលអង់គ្លេសត្រូវបានផ្អាកជាបន្តបន្ទាប់ ចាប់តាំងពីជំងឺកូវីដ-១៩ផ្តើមរាតត្បាតសារជាថ្មីលើកីឡាករ។ Tottenham Hotspur ត្រូវពន្យាពេលប្រកួតជាបន្តបន្ទាប់ដោយសារកីឡាករ បុគ្គលិក១៤រូបតេស្តវិជ្ជមានជំងឺឆ្លងនេះ។
 
ក្រុមផ្សេងៗ ដូចជា Man Utd, Brentford, Watford, Norwich City និង Brighton & Hove Albion ដែលផ្អាកប្រកួតរួចមកហើយ នឹងត្រូវអាកខានប្រកួតជាថ្មីទៀតនៅសប្តាហ៍នេះ ព្រោះសមាជិកក្រុមនិមួយៗបានឆ្លងកូវីដ-១៩។
 
Chelsea ដែលទើបប្រកួតស្មើ Everton ១-១ នៅរាត្រីថ្ងៃទី១៦ ខែធ្នូ នឹងត្រូវផ្អាក់ការប្រកួតទល់នឹង Brighton និង Arsenal នៅជំនួបបន្តបន្ទាប់។ ដោយឡែក Liverpool ដែលយកឈ្នះ Newcastle នៅជំនួបលីគសប្តាហ៍ទី១៧ ក្នុងលទ្ធផល ៣-១ មិនមានការពន្យាជាមួយក្រុមណាឡើយ។
 
៥គូដែលត្រូវផ្អាកប្រកួតនៅចុងសប្តាហ៍នេះដោយសារកូវីដ-១៩៖
Southampton Vs Brentford
Watford Vs Crystal Palace
West Ham United Vs Norwich City
Everton Vs Leicester City
Man Utd Vs Brighton៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com