អន្តរជាតិ
ការសិក្សានៅអាហ្រ្វ៊ិកខាងត្បូង៖ វីរុសអូមីក្រុងអាចយកឈ្នះប្រសិទ្ធភាពវ៉ាក់សាំងដូសជំរុញ
17, Dec 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ការសិក្សាខ្នាតតូចមួយនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៧ករណីដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មី​អូមីក្រុងបង្ហាញថា វីរុសទម្រង់ថ្មីនេះអាចយកឈ្នះប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស​ជំរុញ​បាន។ នេះបើតាមអ្នកវិទ្យាសាស្ត្រ Wolfgang Preiser ដែលរៀបចំការសិក្សានេះ។

 
ការសិក្សាខ្នាតតូច បានសិក្សាពីភ្ញៀវទេសចរអាល្លឺម៉ង់ចំនួន៧នាក់ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Cape Town ។ ពួកគេមានអាយុចន្លោះ២៥ឆ្នាំទៅ៣៩ឆ្នាំ ហើយត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងកាលពីចុងខែវិច្ឆិកា ឬដើមខែធ្នូ។​ លទ្ធផលនៃការសិក្សាបញ្ជាក់ថា ពួកគេ​ទាំង​៧​នាក់នោះមានរោគសញ្ញាស្រាលទៅមធ្យម ហើយមិនតម្រូវឱ្យចូលសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ Reuters។
 
បន្ថែមពីនេះ ក្នុងចំណោម៧នាក់នេះ មនុស្ស៦នាក់បានចាក់វ៉ាក់សាំងពេញលេញជាមួយវ៉ាក់សាំង​ក្រុមហ៊ុន Pfizer។ ៥​នាក់ក្នុងចំណោម៦នាក់នោះ ក៏បានទទួលដូសជំរុញរបស់វ៉ាក់សាំងក្រុមហ៊ុន Pfizer ហើយម្នាក់ក្នុងចំណោមនោះបានទទួលដូសជំរុញនៃវ៉ាក់សាំងក្រុមហ៊ុន Moderna ផងដែរ។ ម្នាក់ផ្សេងទៀតក្នុងចំណោម៧នាក់បានទទួលដូសទីមួយ​នៃវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ហើយ​ទទួលដូសទីពីរ និងដូសជំរុញដោយវ៉ាក់សាំងក្រុមហ៊ុន Pfizer។ 
 
ពួកគេទាំង៧នាក់នេះមិនដែរធ្លាប់ឆ្លងជំងឺកូវីដ-១៩ពីមុនមកនោះទេ ហើយការឆ្លងខាងលើនេះ​បាន​កើតឡើងចន្លោះពីមួយទៅពីរខែបន្ទាប់ពីពួកគេបានទទួលដូសជំរុញ។
 
ជុំវិញរឿងនេះ អ្នកជំនាញខាងមេរោគវិទ្យានៅសាកលវិទ្យាល័យ Stellenbosch និងជាសហអ្នក និពន្ធ​ម្នាក់នៃការសិក្សាខាងលើលោក Wolfgang Preiser ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters​ ថា ការ​សិក្សា​នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ លោកបន្តថា លទ្ធផល នៃការសិក្សាបច្ចុប្បន្នបង្ហាញថា ទោះបី​បុគ្គលណាមួយបានទទួលដូសជំរុញហើយក្ដីក៏ ករណីឆ្លងជំងឺកូវីដ-១៩ នៃទម្រង់​អូមីក្រុង​នៅ​តែអា​ច​កើតមាន ប៉ុន្តែវ៉ាក់សាំងនៅតែអាចមានប្រសិទ្ធភាពការពារពីការឈឺធ្ងន់ និងការស្លាប់។ 
 
«លទ្ធផលដែលចេញមកបង្ហាញថា មេរោគនេះមានសមត្ថភាពខ្លាំងក្នុងការបំផ្លាញការឆ្លើយតបនៃ ប្រព័ន្ធភាពស៊ាំ ដូចច្នេះនេះច្បាស់ណាស់ដែលយើងត្រូវបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបន្ថែមទៀត»។ អ្នកជំនាញខាងលើបន្តបែបនេះ។
 
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសបាន អះអាងថា ការសិក្ស​ខ្នាត​ធំ​ជាក់ស្តែងចំពោះចំនួនមនុស្ស៥៨១នាក់ក្នុងចក្រភពអង់គ្លេស បានបង្ហាញថា​វ៉ាក់សាំង​ដែលមាន​ស្រាប់​អាចប្រឆាំងនឹងជំងឺស្រាលដែលបង្កឡើងដោយវីរុសអូមីក្រុង។ កន្លងមក អ្នកវិទ្យាសាស្ត្រ ព្រមទាំង​អង្គការ​សុខភាពពិភពលោកព្រមានថា ប្រទេសទាំងអស់មិនគួរសន្និដ្ឋានលឿនពេកចំពោះ​ភាព​ធ្ងន់ធ្ង​រ​ដែលបង្កដោយវីរុសអូមីក្រុងនេះឡើយ៕

Tag:
 អាហ្វ្រិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com