អន្តរជាតិ
១០ឆ្នាំ បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង
17, Dec 2021 , 6:00 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ Reuters
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ Reuters
ថ្ងៃនេះ កាល១០ឆ្នាំមុន លោក គីម ជុងអ៊ីល និងជាឪពុកលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទទួលមរណភាព។ បន្ទាប់ពីព្រឹត្តិការណ៍នោះ លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាមេដឹកនាំកំពូល, ជាប្រធានគណៈកម្មការយោធាមជ្ឈិមកូរ៉េខាងជើង និងតំណែងសំខាន់ផ្សេងទៀត។

 
 
មុនកាន់តំណែងជាមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលជាអតីតសិស្សទទួលបានការអប់រំនៅប្រទេសស៊្វីស ត្រូវបានអ្នកជំនាញ រំពឹងថាអាចធ្វើកំណែទម្រង់សេដ្ឋកិច្ច ការបម្រើប្រយោជន៍ឱ្យប្រជាជន ជាជាងការប្រឈមមុខដាក់បណ្តាប្រទេសផ្សេង និងការអភិវឌ្ឍមីស៊ីល ឬអាវុធនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ បន្ទាប់ពីឡើងកាន់អំណាច លោក គីម បានពង្រឹងវិស័យយោធា អភិវឌ្ឍមីស៊ីលបាលីស្ទិក និងនៅដាច់ពីប្រទេសដទៃ។ ដ្បិតផ្ដោតលើយោធាខ្លាំងជ្រុល កូរ៉េខាងជើង ក៏ប្រឈមបញ្ហាជាច្រើនផងដែរ ជាពិសេសបញ្ហាសេដ្ឋកិច្ច។ 
 
ពង្រឹងអំណាច និងបង្ហាញរបៀបដឹកនាំផ្ទាល់ខ្លួន
 
បន្ទាប់ពីមរណភាពរបស់ឪពុកបានរយៈពេល ៣០ថ្ងៃ លោក គីម ជុងអ៊ុន ត្រូវបានប្រកាសតែងតាំងជាមេដឹកនាំកំពូលនៃកងទ័ពប្រជាជនកូរ៉េខាងជើង។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian លោក គីម នៅក្នុងឆ្នាំ២០១៣ បានបញ្ជាឱ្យប្រហារជីវិតពូរបស់ខ្លួន Jang Song-thaek ដែលជាទីប្រឹក្សាដ៏មានឥទ្ធិពលម្នាក់។ នៅក្នុងឆ្នាំ ២០១៧ លោក គីម ជុងណាំ ដែលជាបងប្រុស លោកគីម ជុងអ៊ុន ត្រូវបានធ្វើឃាតនៅម៉ាឡេស៊ី។ ឃាតកម្មនេះ ត្រូវបានគេសង្ស័យថា លោកគីម ជុងអ៊ុន គឺជាអ្នកនៅពីក្រោយខ្នង។ 
 
នៅដើមឆ្នាំ២០២១ មេដឹកនាំកំពូលរូបនេះ ត្រូវបានបក្សពលករកូរ៉េ ដំឡើងជាអគ្គលេខាធិការបក្ស ដែលជាតំណែងរបស់ឪពុក។ លោក គីម ជុងអ៊ីល បន្ទាប់ពីមរណភាពនៅឆ្នាំ២០១១ ត្រូវបានតែងជាងជា អគ្គលេខាធិការបក្សអមត។ មុនកាន់តំណែងថ្មីនេះ លោក គីម ជុងអ៊ុន ត្រូវបានសមាជបក្សពលករ តែងតាំងជាប្រធានបក្ស ក្នុងឆ្នាំ២០១៦។ នៅមុនឆ្នាំ២០១៦ លោកគីម ជុងអ៊ុន ជាអគ្គលេខាធិការបក្សទីមួយ។
 
នុយក្លេអ៊ែរ ជាខែលការពារត្រកូល គីម 
 
ក្រោមការដឹកនាំរបស់លោកគីម កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរជាច្រើនលើក ដែលរួមទាំងគ្រាប់បែកអ៊ីដ្រូសែនផង, មីស៊ីលបាលីស្ទិកចម្ងាយខ្លី និងមធ្យម និងមីស៊ីលបាលីស្ទិកអន្តរទ្វីបជាច្រើនគ្រាប់។ ឃ្លាំងស្តុកអាវុធ គឺជាដាវដ៏មានតម្លៃសម្រាប់កូរ៉េខាងជើង ក្នុងការពារប្រទេសមួយនេះ ពីការគំរាមកំហែងពីបណ្តាប្រទេសខាងក្រៅ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ក៏បានធៀបអាវុធនុយក្លេអ៊ែររបស់ខ្លួន ទៅបណ្តាប្រទេសផ្សេងដែរ។ 
 
នៅក្នុងឆ្នាំ២០១៧ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកជាច្រើនលើក ដោយក្នុងនោះមានដូចជា  មីស៊ីលបាលីស្ទិក Hwasong-12 ដែលអាចហោះបាន ៤៥០០គីឡូម៉ែត្រ និងមីស៊ីលបាលីស្ទីក Hwasong-14 ដែលហោះបាន ៨០០០គីឡូម៉ែត្រ។ អ្នកជំនាញមួយចំនួនជឿថា មីស៊ីលអន្តរទ្វីបកូរ៉េខាងជើង អាចហោះបានជាង ១៣០០០គីឡូម៉ែត្រឯណោះ។ បន្ទាប់ពីព្រឹត្តិការណ៍នោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឆ្នាំដដែល បានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងរហូតដល់ទៅ ៣លើក។ 



 (រូបភាព៖ លោក គីម ជុង អ៊ុង មើលមីស៊ីល ដែលបានបាញ់សាកល្បង។ រូបភាព៖ AFP)
 
នៅក្នុងឆ្នាំ២០១៨ លោកគីម បានជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ស្របគ្នានឹងព្រឹត្តិការណ៍នោះ កូរ៉េខាងជើងមិនសូវធ្វើតេស្តមីស៊ីលបាលីស្ទិក ដើម្បីបង្ហាញសាច់ដុំខ្លួនឡើយ។ ប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាប់សាកល្បងមីស៊ីលបាលីស្ទិកឡើងវិញ បន្ទាប់ពីជំនួបរវាងកូរ៉េខាងជើង និងអាម៉េរិក ទាក់ទិននឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ បរាជ័យនៅក្នុងឆ្នាំ ២០១៩។ ថ្មីៗនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួនទទួលជោគជ័យលើការសាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងថែមទៀត។  
 
បញ្ហាសេដ្ឋកិច្ច
 
ក្រោមគោលនយោបាយពង្រឹងសព្វាវុធ និងអាវុធនុយក្លេអ៊ែរ ដើម្បីការពារការគំរាមកំហែងពីប្រទេសខាងក្រៅ ប្រជាជនកូរ៉េខាងជើងជាច្រើនម៉ឺននាក់ បានប្រឈមបញ្ហាសេដ្ឋកិច្ច។ ការពង្រឹងវិស័យការពារជាតិដ៏ខ្លាំងក្លាបែបនេះ បានធ្វើឱ្យកូរ៉េខាងជើងរងទណ្ឌកម្មជាច្រើនពីអង្គការសហប្រជាជាតិ អាម៉េរិក និងសហភាពអឺរ៉ុប។ 
 
ទណ្ឌកម្មនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនយ៉ាងខ្លាំង ខណៈពេលទំនិញជាច្រើនមុខ មិនអាចនាំចេញ និងនាំចូលកូរ៉េខាងជើងបាន។ ចាប់ពីឆ្នាំដែលលោកគីមឡើងកាន់អំណាចមក ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មយ៉ាងហោចណាស់៥លើក្រុងព្យុងយ៉ាង ខណៈអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនទៀត។ 
 
បន្ទាប់ពីកាន់អំណាចចាប់ពីឆ្នាំ២០១១ កំណើនសេដ្ឋកិច្ច មានភាពល្អប្រសើរ មុននឹងរងទណ្ឌកម្មអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១២ កូរ៉េខាងជើង បាននាំចេញទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ក្នុងទំហំ ២,៤៨ពាន់លានដុល្លារ និងនាំចូល៣,៤៥ពាន់លានដុល្លារ។ ប៉ុន្តែទណ្ឌកម្មកាន់តែធ្វើឱ្យកូរ៉េខាងជើង ក៏ដូចជាប្រជាជនជាច្រើនម៉ឺននាក់ ត្រូវរងគ្រោះ ខណៈរដ្ឋាភិបាល ផ្តោតលើការអភិវឌ្ឍសព្វាវុធ។ នៅក្នុងឆ្នាំ២០២០ កូរ៉េខាងជើងនាំចេញទៅចិនមានទំហំ ៤៨លានដុល្លារ និងនាំចូលពីចិនក្នុងទំហំ ៧១២លានដុល្លារប៉ុណ្ណោះ។ 
 
ស្របពេលពិភពលោកផ្ទុះឡើងនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកូរ៉េខាងជើង កាន់តែពិបាក ដោយសារប្រទេសមួយនេះ បានបិទព្រំដែនទាំងអស់ ដើម្បីបង្ការករណីឆ្លងនៅក្នុងប្រទេស។ នៅខែតុលា ឆ្នាំ២០២០ លោកគីម បានចេញមុខសំទោសជាសាធារណៈ ដោយលាយឡំជាមួយទឹកភ្នែក ដោយសារលោកដឹកនាំប្រទេសទទួលបរាជ័យ ក្នុងស្ថានភាពដ៏លំបាក។ 



 (លោក គីម ជុងអ៊ុន ថ្លែងសុំទោសប្រជាជន នៅក្នុងខែតុលា ឆ្នាំ២០២០។ រូបភាព៖ Reuters)
 
ចំណែកផែនការសេដ្ឋកិច្ចក៏ទទួលបរាជ័យផងដែរ។ នៅដើមខែមករា ឆ្នាំ២០២១ កន្លងទៅ លោកគីម បានប្រកាសពីបរាជ័យលើផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ ដោយកូរ៉េខាងជើង មិនអាចសម្រេចបានស្ទើតែគ្រប់វិស័យ ដោយសារជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com